រថយន្ត
អតីត​រថយន្ត​ថ្លៃ​ជាងគេ​ដែល​លោក Konrad Adenauer ចូលចិត្ត នឹង​ដាក់លក់​ដេញថ្លៃ​
28, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ម៉ាក Mercedes-Benz 300 Adenauer Cabriolet ដែល​ផលិត​នៅ​ឆ្នាំ​១៩៥៤ នឹងត្រូវ​បានដាក់​លក់​ដេញថ្លៃ​នា​ព្រឹត្តិការណ៍ Salon Prive នៅ​វិមាន​ប្រវត្តិសាស្ត្រ Blenheim Palace ប្រទេស​អង់គ្លេស នា​ថ្ងៃទី​២ ខែកញ្ញា ខាងមុខនេះ​។​



Mercedes-Benz 300 Adenauer Cabriolet  ជា​រថយន្ត​គំរូ និង​ទំនើប​ចង្កូត​ស្តាំ ដែលមាន​រាង​ស្អាត ហើយ​ជា​រថយន្ត​១​ក្នុងចំណោម​រថយន្ត​៧​ម៉ូ​ដែល​ចង្កូត​ស្តាំ​របស់​ក្រុមហ៊ុន Mercedes  ដែល​បាន​ផលិត​នា​អំឡុង​ឆ្នាំ​១៩៥៣ និង​ឆ្នាំ​១៩៥៤ ។ នា​សម័យ​នោះ វា​ត្រូវបាន​ចាត់ទុកជា​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​លោក​។​



​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ East Midlands Business Link រថយន្ត​ម៉ូ​ដែល​នេះ ត្រូវ​រចនា​ដោយ​អ្នកជំនាញ​ផ្នែក​សិប្បកម្ម ដែល​រួមផ្សំ​ជាមួយ​សម្ភារ​ដែលមាន​គុណ​ភាព​ខ្ពស់​។ វា​មាន​រាង​ពងក្រពើ ហើយ​នៅលើ​រថយន្ត គេ​អាចធ្វើ​ការតុបតែង​លំអរ​នៅលើ​រថយន្ត​បាន​ផងដែរ​។​

​ជាមួយគ្នានេះ​ផងដែរ Mercedes-Benz 300 Adenauer Cabriolet  អាច​ផ្ទុក​មនុស្ស​បាន​៦​នាក់​។ នា​សម័យ​កាលនោះ វា​បាន​ក្លាយជា​ជម្រើស​របស់​មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ក្នុងនោះ មាន​លោក​អធិការបតី Konrad Adenauer ជាដើម​។ លោក Konrad Adenauer ជា​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​របស់ Mercedes ហេតុ​ដូច្នេះហើយ​បានជា​មានភ្ជាប់​ឈ្មោះ​លោក​លើ​រថយន្ត​ម៉ូ​ដែល​នេះ​។​



​យោងតាម​ភ្នាក់ងារ​ដេញថ្លៃ តម្លៃ​រថយន្ត​នេះ នឹងដាក់​ចេញថ្លៃ​ប្រហែល​ពី ជាង​៤០​ម៉ឺន​ដុល្លារ​អាមេរិក ទៅជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com