ជាតិ
សម្តេច ស ខេង ប្តឹងទៅ​តុលាការ​កំពូល សុំ​ឲ្យ​រំលាយ​បក្ស​ចំនួន​៩
29, Aug 2017 , 2:31 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​សំណើ​ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​ចំនួន​៩ ដោយសារតែ​មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​គណបក្សនយោបាយ​។



​សម្តេច ស ខេង បាន​ប្រាប់​មូលហេតុ​ដល់​តុលាការ​កំពូល​នៅក្នុង​សំណើ​ថា គណបក្ស​ទាំង​៩​នោះ មិនបាន​ផ្ញើ​របាយការណ៍​ប្រចាំឆ្នាំ ទៅកាន់​ក្រសួងមហាផ្ទៃ​ឡើយ ដែល​វា​ជា​ទង្វើ​ខុស​ទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ហើយ​គណបក្ស​ខ្លះទៀត​ក៏​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​គណបក្ស​ទាំង​៩ ដែល​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​តុលាការ​កំពូល​លុបចោល​នោះ គឺ​គណបក្ស​ប្រជាជាតិ​ខ្មែរ គណបក្ស​ពលរដ្ឋ​ខ្មែរ គណបក្ស​សង្គម​ខ្មែរ​និយម គណបក្ស​សង្គម​ថ្មី គណបក្ស​ខ្មែរ​ជាតិនិយម គណបក្ស​នាងនាគ​នារី​ខ្មែរ គណបក្ស​ពន្លឺសេរីភាព​លោក ថាច់ រ៉េ​ង គណបក្ស​ស្ត្រី​សង្គ្រោះ​កម្ពុជា និង​គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ​។​

​លិខិត​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ស្នើ​ទៅ​តុលាការ​កំពូល​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២0១៧​នេះ បានលើកឡើង​ដូច្នេះ​ថា​៖«​មកដល់ពេលនេះ គណបក្ស​ខាងលើ មិនបាន​បំពេញ​កាតព្វកិច្ច និង​បំពេញបែបបទ មក​ក្រសួងមហាផ្ទៃ ឲ្យ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះទេ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងមហាផ្ទៃ ស្នើសុំ​ឯកឧត្តម មេ​តា្ត​ពិនិត្យ​សម្រេច​លើ​សំណើ​ប្តឹង​រំលាយ​គណបក្ស​ទាំង​៩​នេះ​»៕


Tag:
 រំលាយ​បក្ស​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com