កីឡាអន្តរជាតិ
អន្តរជាតិ
មានតែ​អត្ត​ព​លិ​ក ២​រូប​ប៉ុណ្ណោះ​ដែលមាន​ប្រាក់​ច្រើនជាង Floyd
29, Aug 2017 , 9:19 pm        
រូបភាព
​មាន​អត្ត​ព​លិ​ក​តែ ២​រូប​ប៉ុណ្ណោះ​លើ​លោក​រួមមាន Michael Jordan និង Tiger Woods ដែលមាន​ប្រាក់ចំណូល​ច្រើនជាង​កំពូល​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather Jr. បន្ទាប់ពី​រូបគេ​អាច​រកចំណូលបាន ១​ពាន់​លាន​ដុល្លារ​ពី​អាជីព​ជា​អ្នក​ប្រដាល់​។ នេះ​បើតាម​ការផ្សាយ​របស់ CNN Money​។



​យោងតាម​ទស្សនាវដ្ដី Forbes ប្រាក់ចំណូល​របស់​កីឡាករ​ប្រដាល់​មិនដែល​ចាញ់ Mayweather មាន​ចំនួន​ប្រមាណ ៧០០ លាន​ដុល្លារ មុន​ការប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​កីឡា​វាយ​ក្នុង​ទ្រង់ (UFC) Conor McGregor នៅ​រាត្រី​ថ្ងៃអាទិត្យ​ទី ២៧ ខែសីហា ។

​ប៉ុន្តែ​ក្រោយ​ផ្តួល McGregor របស់​សាធារណរដ្ឋ​អៀរ​ឡង់​ក្នុង​ទឹក​ទី​១០ នៅ​សង្វៀន T-Mobile Arena ក្រុង​ឡា​វេ​ហ្គាស រដ្ឋ Nevada អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក វ័យ​៤០​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា​អាច​រកប្រាក់​បាន​ជាង ៣០០ លាន​ដុល្លារ​បន្ថែមទៀត​។ ដូច្នេះ Mayweather អាច​រកចំណូលបាន ១​ពាន់​លាន​ដុល្លារ​ហើយពី​អាជីព​ជា​អ្នកកីឡា​ប្រដាល់សកល​នេះ​។

​ទោះបី​អាច​រកបាន​១​ពាន់​លាន​ក៏ដោយ តែ Floyd នៅតែ​ស្ថិតក្រោម​កីឡាករ​ពីររូប​ទៀត​ក្នុងនាម​ជា​អត្ត​ព​លិ​ក​ដែល​អាច​រកចំណូលបាន​ច្រើនជាងគេ​លើ​លោក​នាពេល​បច្ចុប្បន្ននេះ​។​
​អតីត​កីឡាករ​បាល់បោះ NBA របស់​អាមេរិក Michael Jordan និង​កីឡាករ​វាយ​កូន​ហ្គោល Tiger Woods រក​ចំណូល​ពី​អាជីព​របស់គេ​រៀងខ្លួន​បាន​រហូតដល់ ១.៥​ពាន់​លាន​ដុល្លារ​ឯណោះ​។​

​ប្រាក់​ដែល​ពួកគេ​រកបាន​គឺ​តាមរយៈ ការឧបត្ថម្ភ​ផ្សាយពាណិជ្ជកម្ម ប្រាក់​ដែល​ទទួលបាន​ពី​ជ័យជម្នះ​ក្នុងការ​ប្រកួត ប្រាក់ខែ និង​ចំនួន​ចុច Like លើ​បណ្តាញ​សង្គម​៕







Tag:
 ប្រដាល់​
  Forbes
  Floyd Mayweather
  Tiger Woods
  Michael Jordan
© រក្សាសិទ្ធិដោយ thmeythmey.com