អន្តរជាតិ
រដ្ឋបាល ត្រាំ ស្ទាក់ស្ទើរ​សំណើ​ម៉ិ​ក​ស៊ិ​ក​ដែល​ចង់​ជួយ​ជនរងគ្រោះ​ទឹកជំនន់​នៅ​រដ្ឋ​តិច​សាស់​
30, Aug 2017 , 3:00 pm        
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​ម៉ិ​ក​ស៊ិ​ក​ដែល​ចង់​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​។ រដ្ឋ​តិច​សាស់ និង​រដ្ឋ​ល្វី​សា​ណា បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​ខ្យល់ព្យុះ Harvey ដែល​បណ្ដាល​ឲ្យ​ផ្ទះ​រាប់ពាន់​ខ្នង​ត្រូវ​លិចលង់ ហើយ​ទីក្រុង​ហូ​ស្តុ​ន​រងគ្រោះ​ជាងគេ​។ លោក ត្រាំ និង​ភរិយា​ក៏បាន​ទៅដល់​រដ្ឋ​តិច​សាស់​នៅ​ថ្ងៃទី​២៩ ខែសីហា ដើម្បី​ត្រួតពិនិត្យ​ប្រតិបត្តិការ​ជួយសង្គ្រោះ​។​



​ខណៈដែល​ព្យុះ Harvey កំពុង​បង្ក​មហន្តរាយ​នៅ​រដ្ឋ​តិច​សាស់ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ដែលជា​អ្នកជិតខាង​បានបង្ហាញ​សាមគ្គីភាព​របស់ខ្លួន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អាមេរិក ហើយក៏​មានបំណង​ជួយ​ជនរងគ្រោះ​ផងដែរ​។ ម៉ិ​ក​ស៊ិ​ក​នឹង​ចេញ​ប្រតិបត្តិ​ការជួយ​ភ្លាម បើ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យល់ព្រម​តាម​សំណើ​របស់ខ្លួន​។ ប៉ុន្តែ​ខាង​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​ម៉ិ​ក​ស៊ិ​ក​ទេ​។​

​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ហាក់​នៅ​ស្ទាក់ស្ទើរ​ទទួលយក​សំណើ​របស់​ម៉ិ​ក​ស៊ិ​ក ដ្បិត​លោក ត្រាំ នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុងការ​ទាមទារ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​បង់ប្រាក់​ថ្លៃ​សាងសង់​ជញ្ជាំង​តាម​បណ្ដោយ​ព្រំដែន​ដដែល​។ នៅ​ដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​ទាមទារ​នៅលើ Twitter របស់ខ្លួន ហើយក៏​ឆ្លៀត​វាយប្រហារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង ដែល​លោក​ចាត់ទុកជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​អាក្រក់​បំផុត​។​

​ឆ្លើយតប​ការលើកឡើង​របស់លោក ត្រាំ ក្រសួងការបរទេស​ម៉ិ​ក​ស៊ិ​ក​ក៏​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ទាត់ចោល​ការទាមទារ​រ​ប​ស់លោក ត្រាំ ។ ប៉ុន្តែ​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​ក៏បាន​បង្ហាញ​សមានចិត្ត និង​បំណង​ជួយ​ជនរងគ្រោះ​ដោយសារ​ព្យុះ Harvey ដែល​បង្ក​ការខូចខាត​នៅ​រដ្ឋ​តិច​សាស់ និង​រដ្ឋ​ល្វី​សា​ណា និង​សម្លាប់​ជីវិត​មនុស្ស​១៣​នាក់​។ ម៉ិ​ក​ស៊ិ​ក​អះអាងថា​បំណង​របស់ខ្លួន​ធ្វើឡើង​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ ដែល​ជួយ​គ្នា​គ្រា​លំបាក​។​

​យោងតាម​សារព័ត៌មាន Independent ខាង​អាមេរិក​មិនទាន់​ឆ្លើយតប​ទេ ស្រប​ពេលដែល​ការទទួល​សំណើ​នេះ​អាចជា​ការសម្រេចចិត្ត​ដ៏​លំបាក​សម្រាប់​លោក ត្រាំ ។ ប្រសិន​បើ​សម្រេចចិត្ត​ទទួល​ជំនួយ​របស់​ម៉ិ​ក​ស៊ិ​ក លោក​អាច​រង​ការ​រិះគន់ថា​បន្ទន់​ជំហរ​ដាក់​ម៉ិ​ក​ស៊ិ​ក ដែល​លោក​ផ្ទាល់​ទាមទារ​លុយ​ថ្លៃ​សាងសង់​ជញ្ជាំង​ព្រំដែន​រហូតមក​។ ក្នុងករណី​មិន​ទទួលយក​សំណើ​វិញ លោក ត្រាំ នឹងត្រូវ​ចាត់ទុកជា​មេដឹកនាំ​គ្មាន​មេត្តា​ទៅវិញ​ដែរ​។​

​តាមពិត​ទៅនោះ ម៉ិ​ក​ស៊ិ​ក​ក៏​មិនមែនជា​ជួយ​អាមេរិក​លើកទីមួយ​ដែរ​។ កាលពី​ឆ្នាំ​២០០៥ ពេល​ព្យុះ​កំណាច Katrina វាយប្រហារ​តំបន់ឆ្នេរ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក ទាហាន​ម៉ិ​ក​ស៊ិ​ក​ក៏​បានចេញ​ប្រតិបត្តិ​ការជួយ​ជនរងគ្រោះ​អាមេរិក​ដែរ​ដូចជា​ការដឹកជញ្ជូន​ស្បៀងអាហារ ការ​ចែកចាយ​សម្ភារ​ប្រើប្រាស់​ចាំបាច់​នានា និង​ការពិនិត្យ​សុខភាព​ជាដើម​ផង​។ ប៉ុន្តែ​លើក​នេះ ម៉ិ​ក​ស៊ិ​ក​ត្រូវ​រង់ចាំ​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល ត្រាំ សិន​៕ 


Tag:
 អាមេរិក​
  ម៉ិ​ក​ស៊ិ​ក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com