អន្តរជាតិ
អាមេរិក​ប្តេជ្ញា​ការពារ​សម្ព័ន្ធមិត្ត តែ​ការប្រើ​កម្លាំងបាយ​ប្រឆាំង​កូរ៉េខាងជើង​មិនអាច​កើតមាន​ឡើយ​
30, Aug 2017 , 9:59 pm        
រូបភាព
​ក្រុមប្រឹក្សាសន្តិសុខ​នាំគ្នា​ថ្កោលទោស​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ដែល​ហ៊ាន​បំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​លឥត​ឈប់​។ ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ ប៉ុន្តែ​អាមេរិក​បាន​សំឡុត​កូរ៉េខាងជើង​ជាថ្មី ដោយ​ត្រៀម​ប្រើ​រាល់​មធ្យោបាយ​ទាំងអស់​រួមទាំង​ប្រើ​កម្លាំង​ទ័ព​ផង ដើម្បី​តបត​បើ​ចាំបាច់​។ ចំណែក​មហា​យក្ស​ចិន​បាន​អំពាវនាវ​ឲ្យ​ភាគី​អត់ធ្មត់ តែ​ឆ្លៀត​ឌឺ​ប​ញ្ហា្ក​កើតឡើង​នៅពេល​បច្ចុប្បន្ន គឺ​គេ​គួរ​បន្ទោស​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​ប្រឹង​សម្ញែង​សាច់ដុំ​យោធា​ដោយ​បន្តធ្វើ​សមយុទ្ធ​នោះ​។​



​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រំលង​ជប៉ុន​នា​ថ្ងៃ​អង្គារ​ម្សិលមិញ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​។  ជប៉ុន និង​កូរ៉េខាងត្បូង​បានស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សា​ស្វែងរក​វិធានការ​ឆ្លើយតប​ក្រុង​ព្យុងយ៉ាង​ផងដែរ​។ ចិន​ដែល​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​នោះបាន​ចេញ​ជា​មុខជា​ថ្មី​ដើម្បី​អំពា​នាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​អាមេរិក និង​កូរ៉េខាងត្បូង​អត់ធ្មត់​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ចិន​ព្រលយ​ថា ពាក់ព័ន្ធ​បញ្ហា​កើតឡើង​បច្ចុប្បន្ន គេ​គួរ​បន្ទោស​អាមេរិក និង​កូរ៉េខាងត្បូង​ដែរ​ព្រោះ​ភាគី​ទាំងពីរ​ព្យាយាម​បញ្ឆេះ​កម្តៅ​ដោយ​ធ្វើ​សមយុទ្ធ​សម្ញែង​សាច់ដុំ​ឥត​ឈប់​។

១. អាមេរិក​ប្តេជ្ញា​ការពារ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង និង​ជប៉ុន ទប់ទល់​កូរ៉េខាងជើង​

​ក្នុងពេលដែល​ស្ថានការណ៍​កាន់តែ​អាក្រក់ រដ្ឋបាល​អាមេរិក​បានប្រកាស​ប្រាប់​គេឯង​ជាថ្មី​ថា ខ្លួន​នឹង​ការពារ​សម្ព័ន្ធមិត្ត​ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​បាន ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ អាមេរិក​ថែមទាំង​វាយតម្លៃថា​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​កន្លងមក​មិនមាន​គ្រោះថ្នាក់​ឬ​គំរាមកំហែង​ខ្លួន ឬ​កោះ​ហ្គា​ម​ជា​ទឹកដី​ខ្លួន​នោះឡើយ​។​
​យោងតាម​សារព័ត៌មាន South China Morning Post អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក Christopher Logan បាន​ថ្លែងថា​៖« គោលជំហរ​និង​ការប្តេជ្ញា​ធរ​ចិត្ត​យើង​នៅពេលនេះ​គឺ​ការពារ​សម្ព័ន្ធមិត្ត​យើង​រួមមាន​ជប៉ុន និង​កូរ៉េខាងត្បូង ក្នុងពេលដែល​ពួកគេ​រង​ការគំរាមកំហែង​។ យើង​នៅតែ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ការពារ​ខ្លួន​យើង​ផង និង​ការពារ​សម្ព័ន្ធមិត្ត​ផង​ដើម្បី​ទប់ទល់​រាល​ការវាយប្រហារ​ឬ​បង្ករឿង​នោះ​»​។​

​ដោយឡែក កូរ៉េខាងជើង​មិនបាន​បន្ទន់ឥរិយាបថ​របស់ខ្លួន​ឡើយ​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​បាញ់​ផ្លោង​មី​ស៊ី​ល​ឆ្លងកាត់​កោះ​ហុក​កៃ​ដូ​របស់​ជប៉ុន​។ របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ស្រាប់តែ​ចេញមុខ​ជាថ្មី​ព្រមាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​បន្ថែមទៀត​នៅពេល​ខាងមុខនេះ ដើម្បី​ឆ្លើយតប​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ថ្កោលទោស និង​គំរាម​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ដាក់​គំនាប​លើ​ខ្លួន​នោះ​។ គេ​មិនដឹងថា សកម្មភាព​បង្ករឿង​ថែមទៀត​របស់​កូរ៉េខាងជើង​នេះ​នឹង​អាច​បង្ក​ឲ្យ​ការប្រឈមមុខគ្នា និង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ដែរ​ឬ​អត់​ឡើយ​។​

២.​ការប្រើប្រាស់​កម្លាំង​កម្ចាត់​កូរ៉េខាងជើង​មិនអាច​កើតឡើង​ពិតមែន​?

​ក្រៅពី​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​លោក​ថ្កោលទោស និង​គំរាម​ប្រើប្រាស់​វិធានការ​គ្រប់យ៉ាង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផង​។ ប្រធានាធិបតី​រូបនេះ​ក៏​និយាយ​ពី​ការប្រើប្រាស់​កម្លាំង​ឡើយ​វិញទៀត​ដែរ​។​

«​សកម្មភាព​គំរាមកំហែង និង​បង្ក​អស្ថិរភាព​ដែល​កូរ៉េ​បង្កើតឡើង​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​ឯកោ​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផង​។ ហើយ​វិធានការ​គ្រប់យ៉ាង​ស្ថិតនៅលើ​តុ​រួមទាំង​ការប្រើ​កម្លាំង​ទ័ព​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា កូរ៉េខាងជើង​មិនដែល​ខ្លាចរអា​ចំណាត់ការ​រប​ស់​សហគមន៍​អន្តរជាតិ​ឡើយ ហើយ​លោកស្រី​ថែមទាំង​បាន​ប្រើ​ភាសា​ធ្ងន់​គំរាម​កូរ៉េខាងជើង​ផង​។ សម្តី​លោកស្រី​ហាក់​ស្រប​ជាមួយ​ការលើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ ផងដែរ​ជាពិសេស​ការប្រើប្រាស់​វិធានការ​ក្តៅ​។​

​លោកស្រី​លើកឡើង​ដូច្នេះ​៖ «​គ្រប់គ្រាន់ គឺ​គ្រប់គ្រាន់​ហើយ​។ ចំណាត់ការ​តឹងរ៉ឹង​មួយ​ត្រូវ​ដាក់ចេញ​ដើម្បី​ប្រឆាំង​របប​ក្រុង​ព្យុងយ៉ាង​។ វា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ គេ​ហ៊ាន​បំពាន​រាល់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​យើង​បានដាក់​ចេញ​។ ដូច្នេះហើយ រឿង​ធ្ងន់ធ្ងរ​មួយ​ត្រូវតែ​កើតឡើង​»​។

​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​រូបនេះ​ក៏​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​ចិន​ជា​ខ្នងបង្អែក​កូរ៉េខាងជើង និង​រុស្ស៊ី​បន្ត​សហការ​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​រួមគ្នា​។ ជាពិសេស​ចិន និង​រុស្ស៊ី​មានលទ្ធភាព​ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​ឲ្យ​បាន​ពេញលេញ​ដើម្បី​ឲ្យ​កូរ៉េខាងជើង​បន្ទន់ឥរិយាបថ​ខ្លួន​ចូល​ចរចា​ផង​។​

​ក្រៅពីនេះ គេ​ឃើញ​នាយសេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង និង​អាមេរិក​បាន​ជួបពិភាក្សា​គ្នា​ភ្លាម​ថ្ងៃ​អង្គារ​ម្សិលមិញ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ទប់ទល់​បញ្ហា​ប្រឈម​ធំ​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ផ្សាយ​ថា ឧ​ត្ត​ម​សេនីយ៍ Joseph Dunford និង​ឧ​ត្ត​ម​សេនីយ៍ Jeong Kyeong-doo បាន​ឯកភាពគ្នា​ចំពោះ​ការរៀបចំ​ចំណាត់ការ​ថ្មី​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើបាន​ក្នុងនោះ​មាន​ទាំង​ការប្រើប្រាស់​កងទ័ព​ផង​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត និង​តបត​កូរ៉េខាងជើង​។ បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏បាន​ជជែក​ពិភាក្សាគ្នា​ផងដែរ​ពី​លទ្ធភាព​នៃ​ការពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ​ថ្មី​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​ដែរ​។

​ទោះបី​វា​ហាក់ជា​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ គំរាម​ប្រើប្រាស់​គ្រប់​វិធានការ និង​ត្រៀម​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ក៏ដោយ ការប្រើប្រាស់​ទ័ព​ប្រឆាំង​កូរ៉េខាងជើង​មិនអាច​កើតឡើង​ឡើយ​។​

​គេ​នៅ​ចាំបាន​ថា លោក Steve Bannon អតីត​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី ត្រាំ​ធ្លាប់​អះអាង​កន្លងមក​រួចហើយ​ថា វា​ជា​រឿង​យឺត​ពេល​ទៅហើយ​ដែល​គេ​ត្រូវ​ប្រើប្រាស់​កម្លាំង​វាយប្រហារ​កូរ៉េខាងជើង​មុន ឬ​ឈ្លានពាន​កូរ៉េខាងជើង​នោះ​។ កូរ៉េខាងជើង​បច្ចុប្បន្ន​មាន​ក្បាល​គ្រាប់​ច្រើន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ជុំវិញ​និង​តំបន់​ទាំងមូល​បើសិនជា​មានការ​ប៉ះទង្គិច​គ្នា​ជាយថាហេតុ​នោះ​។​

​ក្នុង​បទសម្ភាសន៍​ចុងក្រោយ​ថ្ងៃ ១៦​ខែសីហា មុន​អស់តំណែង​លោក Bannon បាន​ថ្លែង​ដូច្នេះ​៖«​គ្មាន​ដំណោះស្រាយ​យោធា​ទេ បំភ្លេច​វា​ចោល​ទៅ​។ ទាល់​មាន​អ្នកណាម្នាក់​អាច​ដោះស្រាយ​បញ្ហា​មួយ​ដែល​អាច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញថា ប្រជាជន ដប់​លាន​នាក់​នៅ​ក្រុង​សេ​អ៊ូ​ល មិន​ស្លាប់​ក្នុង​រយៈពេល​៣០​នាទី​ដោយសារ​ការផ្ទុះអាវុធ​។ ខ្ញុំ​មិនដឹងថា​គេ​កំពុងនិយាយ​ពីអ្វី​ឡើយ​យ ប៉ុន្តែ​វា​គ្មាន​ឡើយ​ដំណោះស្រាយ​យោធា​ពេលនេះ​»៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កូរ៉េខាងជើង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com