អន្តរជាតិ
រុស្ស៊ី​ព្រមាន​អាមេរិក​ដែល​ចង់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ B61-12 ទៅ​អឺរ៉ុប​
30, Aug 2017 , 6:02 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​រុស្ស៊ី​បាន​ព្រមាន​ថា បើ​អាមេរិក​ហ៊ាន​ពង្រាយ​គ្រាប់បែក​បរិ​មា​ណូ​ទៅកាន់​រដ្ឋ​មួយចំនួន​សមាជិក​បក្ស​សម្ព័ន្ធ​យោធា​ណា​តូ អាមេរិក​នឹង​រំលោភបំពាន​សន្ធិសញ្ញា​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាមេរិក​ខ្លូន​ឯង​ជា​ភាគី​ផង​។  រុស្ស៊ី​បារម្ភ​ខ្លាំង​ព្រោះ​ប្រទេស​ដូចជា​អាល្លឺម៉ង់ តួ​ក​គី និង​អ៊ីតាលី នឹងមាន​លទ្ធភាព​ប្រើប្រាស់​អាវុធ​អាមេរិក​នេះ​ដូចគ្នា​នៅពេល​ខាងមុខ​។



​ថ្មីៗ​នេះ អាមេរិក​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ B61-12  របស់ខ្លួន​ជាថ្មីទៀត ដែល​វា​បង្ហាញ​ឲ្យ​ឃើញថា អាមេរិក​មានបំណង​ពង្រាយ​អាវុធ​ប្រភេទ​នេះ​ទៅកាន់​តំបន់​អឺរ៉ុប​ក្បែរៗ​រុស្ស៊ី​ផង​។ ដោយសារ​បញ្ហា​នេះ រុស្ស៊ី​បានចេញ​មុខ​តវ៉ា​ប្រឆាំង​គម្រោង​ពង្រាយ​សព្វាវុធ និង​ព្រមាន​អាមេរិក​ជាមុន​នៅ​សប្តាហ៍​នេះ​។ 

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដកស្រង់​សម្តី​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​និង​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ Mikhail Ulyanov បាន​អះអាង​ដូច្នេះ​ថា​៖« គ្រាប់បែកបរមាណូ B61-12 ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​កែច្នៃ​ឡើង​ដើម្បី​ពង្រាយ​ទៅកាន់​ទឹកដី​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​មួយចំនួន​នៅ​អឺរ៉ុប ហើយ​វា​ក៏ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​នុយក្លេអ៊ែរ​ដែលមាន​ការចូល​រួម​ពី​សមាជិក​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។

​លោក Ulyanov បន្តថា​៖« បើតាម​ការ​វាយ​ម្លៃ​ជាក់ស្តែង សកម្មភាព​អាមេរិក​វា​ដើរ​ផ្ទុយ​នឹង​សន្ធិសញ្ញា​ហាមឃាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាមេរិក​ខ្លួនឯង​ជា​សមាជិក​ផង​នោះ​»​។​

​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​រូបនេះ​លើកឡើង​ដូច្នេះ​បន្ទាប់ពី​ភ្នាក់ងារ​សន្តិសុខ​នុយក្លេអ៊ែរ​អាមេរិក​ប្រកាសថា គេ​បាន​សាកល្បង​អាវុធ​ទម្លាក់​គ្រាប់បែក​ប្រភេទ​នេះ​ដោយ​ជោគជ័យ​ជា​លើក​ទី​ពីរ​នៅ​រដ្ឋ Nevada​។​

​តាមពិតទៅ រុស្ស៊ី​បារម្ភ​ខ្លាំង​ដោយសារតែ នៅពេល​ខាងមុខ វា​មិនមែន​តែ​អាមេរិក​ម្នាក់ឯង​ទេ​ដែល​អាច​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​។ ប្រទេស​អាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីតាលី តួ​ក​គី និង​ហូ​ឡង់​នឹង​អាចមាន​អាវុធ​ប្រភេទ​នេះ​សម្រាប់​ប្រើប្រាស់​ដូចគ្នា​។​

​កន្លងមក​អាមេរិក​តែងតែ​ចោទប្រកាន់​រុស្ស៊ី​ពាក់ព័ន្ធ​ការបំពាន​សន្ធិសញ្ញា​ហាមឃាត់​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ ក្រោយពេល​រុស្ស៊ី​បន្ទាន់​សម័យ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្លួន​។ ចំណែក​រុស្ស៊ី​មិន​ពេញចិត្ត​ទាល់តែសោះ​ព្រោះ​ក្រៅពី​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ អាមេរិក​ក៏​បន្ត​កសាង​កម្លាំង​នៅ​តំបន់​អឺរ៉ុប និង​ធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​ជាមួយ​បណ្តា​រដ្ឋ​សមាជិក​ណា​តូ​ដែល​នៅ​ជុំវិញ​រុស្ស៊ី​ផងដែរ ចាប់ពី​រុស្ស៊ី​លើកទ័ព​ឈ្លានពាន​អ៊ុយ​ក្រែ​ន និង​ត្របាក់​យក​ទឹកដី​គ្រី​មៀ​នោះ​៕


Tag:
 ​រុស្ស៊ី​
 ​ អាមេរិក​
  ណា​តូ​
  B61-12
© រក្សាសិទ្ធិដោយ thmeythmey.com