ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ៖ CNRP មិនបាន​គិត និង​មិនបាន​ត្រៀម​ធ្វើ​សកម្មភាព​ហិង្សា​ឡើយ
30, Aug 2017 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បាន​បដិសេធថា គណបក្ស​លោក​មិនបាន​ត្រៀម​ធ្វើ​សកម្មភាព​ណាមួយ ដែល​បង្ក​ហិង្សា​នៅក្នុង​ប្រទេសជាតិ​ឡើយ​។ ឯកឧត្តម កឹម សុខា ចាត់ទុក​ព័ត៌មាន​ដែល​ចោទ​គណបក្ស​លោក​ថា មាន​គម្រោង​បង្ក​អំពើហិង្សា​នេះ ជា​ព័ត៌មាន​មិន​ពិត ដើម្បី​មួលបង្កាច់​គណបក្ស​ខ្លួន​។

 
​សេចក្តីប្រកាស​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្រង់​សម្ដី​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៣០ សីហា បាន​សរសេរ​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​គិត មិនបាន​ត្រៀម និង​មិន​បានធ្វើ​សកម្មភាព​ណា​ដែលជា​អំពើហិង្សា ដូចដែល​គេ​មួលបង្កាច់ លាប​ព័ណ៌​យើង​នោះឡើយ ទាំង​ពេលមុន​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​ក៏ដោយ​»​។​
 
​បន្ថែម​ពីនេះ​ឯកឧត្តម កឹម សុខា បាន​វាយតម្លៃថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨​ខាងមុខ​ផងដែរ​។​
 
​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម កឹម សុខា នេះ​ធ្វើឡើង​ស្រប​ពេលដែល ក្រសួងមហាផ្ទៃ គ្រោង​បើក​ការស៊ើបអង្កេត​ទៅលើ​គណ​បក្ស​សង្គ្រោះ​ជាតិ ទាក់ទង​នឹង​ព័ត៌មាន​ប៉ុនប៉ង​ធ្វើ​បដិវត្ត​ព័ណ៌ និង​ប្រភព​ថវិការ​របស់​គណបក្ស​ប្រឆាំង​មកពី​ក្រៅប្រទេស​៕

Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com