អន្តរជាតិ
វិបត្តិ​ឧបទ្វីប​កូរ៉េ​៖ ត្រាំ​ថា​ការចរចា​មិនមែនជា​ដំណោះស្រាយ តែ​ម៉ា​ធី​ស​ថា​ការចរចា​ជា​រឿង​សំខាន់​
31, Aug 2017 , 1:38 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស បានបង្ហាញ​ជំហរ​ផ្ទុយគ្នា​ជាថ្មីទៀត​លើ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក្រោយពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន​មក លោក ត្រាំ និយាយថា ការចរចា​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ ព្រោះ​ចរចា​ប៉ុន្មាន​ឆ្នាំ​ហើយ​នៅតែ​គ្មាន​បាន​ផល​អ្វិ​។ យ៉ាងណាក្ដី រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក​មិន​យល់​ស្របតាម​លោក​ឡើយ និង​នៅតែ​លើកឡើង​ពី​អាទិភាព​នៃ​ការចរចា​ដដែល​។



​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​ស៊ីសង្វាក់​គ្នា​ឡើយ​ចំពោះ​ដំណោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។ ខណៈដែល​លោក ត្រាំ អស់​ការអត់ធ្មត់ លែង​ចង់​ចរចា និង​ចង់តែ​ប្រើ​កម្លាំងយោធា​បញ្ចប់​បញ្ហា​នោះ មន្ត្រី​ថ្នាក់ក្រោម​របស់លោក​បែរ​ជាមាន​គំនិត​ខុសពី​លោក ហើយ​នៅតែ​ប្រកាន់យក​ជំហរ​ចរចា​ជា​អាទិភាព​ដដែល​។ មិនមែន​តែម​ន្ត្រី​ថ្នាក់​ដែល​ជំទាស់​គំនិត​លោក ត្រាំ សូម្បីតែ​មហាអំណាច​ផ្សេង​ក៏​នៅ​ប្រកាន់​ជំហរ​ចរចា​ដែរ​។​

​កូរ៉េខាងជើង​បាន​បង្ក​រឿង​ក្តៅក្រហាយ​ជាថ្មីទៀត ដោយ​បាញ់​មី​ស៊ី​ល​ឆ្លងកាត់​ទឹកដី​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​ទី ២៩ ខែសីហា​។ ជប៉ុន​មិន​សប្បាយ​ចិត្តនឹង​ទង្វើ​បង្ករឿង​យ៉ាង​គឃ្លើន​របស់​កូរ៉េខាងជើង​ទេ និង​បានស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ដាក់​ចំណាត់ការ​ប្រឆាំង​បន្ថែម​កូរ៉េខាងជើង​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ធ្វើ​ឲ្យ​លោក ត្រាំ រង​ភាពអាម៉ាស​ខ្លាំង ដ្បិត​លោក ត្រាំ ធ្លាប់​អួតអាង​ថា កូរ៉េខាងជើង​ចាប់ផ្តើម​ចេះ​គោរព​លោក​ហើយ​។ 

​ឆ្លើយតប​នឹង​ទង្វើ​របស់​ព្យុងយ៉ាង លោក ត្រាំ ទំនង​កាន់តែ​អស់​ចិត្តនឹង​ការចរចា​មែនទែន​ហើយ​។ ប្រធានាធិបតី​អាម​រិ​ក​រូបនេះ​បាន​សរសេរ​តាម​បណ្ដាញ​Twitter ដូច្នេះ​ថា​៖ «​អាមេរិក​បាន​និយាយ​ជាមួយ​កូរ៉េខាងជើង និង​បង់ប្រាក់​ឲ្យ​កូរ៉េខាងជើង​អស់​ពេល​២៥​ឆ្នាំ​មកហើយ​។ ការចរចា​មិនមែនជា​ដំណោះស្រាយ​ទេ​»​។ នេះ​អាចជា​ការព្រមាន​ម្ដងទៀត​របស់លោក ត្រាំ ចំពោះ​កូរ៉េខាងជើង​ដែល​ចេះតែ​ព្រហើន​ម្ដង​ហើយ​ម្ដងទៀត​នោះ​។​

​យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បែរជា​យល់ឃើញ​ខុសពី​លោក ត្រាំ ទៅវិញ​។ យើង​មិនដែល​បោះបង់​ដំណោះស្រាយ​ការទូត​ទេ​។ នេះ​ជា​ចម្លើយ​របស់​ប្រមុខ​ការពារជាតិ​អាមេរិក​ទៅកាន់​អ្នកសារព័ត៌មាន​ដែល​សួរ​លោក​ថា​អាមេរិក​ឈប់​ប្រើ​ដំណោះស្រាយ​ការទូត​ឬ​ក្រោយ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​។ លោក ម៉ា​ធី​ស ឆ្លើយ​ដូចនេះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​បង្ហោះ​សារ​លើ Twitter របស់លោក ត្រាំ ។​

​ថ្លែង​មុន​ជំនួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​នៅ​មន្ទីរ​បញ្ច​កោណ ប្រមុខ​ការពារជាតិ​អាមេរិក​ក៏បាន​លើកឡើង​ដែរ​ថា អាមេរិក នឹង​បន្ត​ធ្វើការ​ជាមួយ​កូរ៉េខាងត្បូង ព្រោះ​ទាំងពីរ​នាក់​សុទ្ធតែ​ត្រូវការពារ​ប្រទេស និង​ប្រជាជន​របស់ខ្លួន​នីមួយៗ​។ យ៉ាងណាក្ដី ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅតែ​ជា​មិនអាច​ទទួលយកបាន ហើយ​រឿងនេះ​ពិតជា​ធ្វើ​ឲ្យ​លោក ត្រាំ រង្កៀស​ចិត្ត​យ៉ាងខ្លាំង​រហូតដល់​ថ្នាក់​គំរាម​ប្រើ​កម្លាំង​ទ័ព​ទៅហើយ​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ជេ​ម ម៉ា​ធី​ស​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com