អន្តរជាតិ
ជម្លោះ​ស៊ី​រី​៖ UN ថា​ក្រុម​រដ្ឋ​ឥស្លាម​យក​ប្រជាជន​ធ្វើ​ខែល ឯ​សម្ព័ន្ធមិត្ត​អាមេរិក​ទម្លាក់​គ្រាប់បែក​ពីលើ​
31, Aug 2017 , 3:25 pm        
រូបភាព
​កងទ័ព​ឧទ្ទាម​ស៊ី​រី និង​ក្រុមចម្រុះ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក កំពុង​ធ្វើ​ប្រតិបត្តិ​ការរំដោះ​ទីក្រុង Raqqa ដែលជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ សកម្មជន​រដ្ឋ​ឥស្លាម​បាន​ព្យាយាម​វាយបក​លើ​កងទ័ព​ចម្រុះ និង​បាន​ប្រើប្រាស់​ប្រជាជន​ស៊ីវិល​ធ្វើជា​ខែល​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ទៀតផង​។ ការ​វាយ​ប្រយុទ្ធ​តដៃ​ទៅវិញទៅមក​ធ្វើ​ឲ្យ​ប្រជាជន​ដែល​ជាប់​ខ្លួន​ក្នុង​ទីក្រុង​បាត់បង់​ជីវិត រងរបួស និង​រស់នៅ​ដោយ​ការភ័យព្រួយ​រាល់ថ្ងៃ​។



​អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ស្មានថា ប្រជាជន​ស៊ី​រី​ចំនួន​២៧​បាន​ស្លាប់​ក្នុង​សមរភូមិ Raqqa ដែល​កំពុងស្ថិត​ក្នុងកា​រ​ប្រទាញប្រទង់​រវាង​កម្លាំង​ឧទ្ទាម​ស៊ី​រី​គាំទ្រ​ដោយ​អាមេរិក និង​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​។ ការប្រយុទ្ធ​រវាង​កម្លាំង​ឧទ្ទាម​ស៊ី​រី និង​ក្រុម​រដ្ឋ​ឥស្លាម ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​ជាប់​ខ្លួន​ក្នុង​ទីក្រុង មិនអាច​គេច​ទៅរក​កន្លែង​មាន​សុវត្ថិភាព​បានឡើយ​។ ក្រុម​ជ្រុលនិយម​បាន​ចាប់​ពួកគេ​ធ្វើជា​ចំណាប់ខ្មាំង ខណៈដែល​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បន្ត​យុទ្ធនាការ​ដែនអាកាសរ​បស់​ខ្លួន​។​

​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ Stephen O'Brien បាន​ប្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​៣០ ខែសីហា ថា ជន​ស៊ីវិល​ជាង​ពីរម៉ឺន​នាក់​នៅតែ​ជាប់​ខ្លួន​ក្នុង​ទីក្រុង Raqqa ដែល​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។ លោក O'Brien បន្តថា ប្រជាជន​ដែល​មិន​គេចខ្លួន​បាន​ទាំងនោះ ក្លាយជា​ជនរងគ្រោះ​ក្នុងការ​បាញ់​គ្នា​ទៅវិញទៅមក​រវាង​សកម្មជន​រដ្ឋ​ឥស្លាម និង​កម្លាំង​ប្រឆាំង​ស៊ី​រី​ដែល​ជួយ​គាំទ្រ​ដោយ​យុទ្ធនាការ​ដែនអាកាសរ​បស់​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​។

«​ពួកគេ​ប្រឈមមុខ​ការស្លាប់ ដោយសារ​រ​ការវាយប្រហា​រ​ដែនអាកាស​របស់​ក្រុមចម្រុះ ឬក៏​ដោយសារតែ​ក្រុម​ជ្រុលនិយម​បាញ់ ឬ​ដោយសារ​ការជាន់​មីន​ដែល​បង្កៃ​ដោយ​ពួក​ជ្រុលនិយម ពេល​ពួកគេ​រត់គេចខ្លួន​។ បើ​មិនអាច​គេចខ្លួន​បានទេ ពួកគេ​អាច​ត្រូវ​ក្រុម​រដ្ឋ​ឥស្លាម​យក​ធ្វើជា​ខែល​ការពារ​ខ្លួន​ពី​ការវាយប្រហារ​មិន​ខាន​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក O'Brien ដែល​បន្ទុក​ជា​អ្នកសម្របសម្រួល​ការជួយ​សង្គ្រោះបន្ទាន់​ដែរនោះ​។​

​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ហៅ​ស្ថានភាព​នៅ​ស៊ី​រី​ជា​រឿង​សោកសង្រេង​ពោរពេញ​ដោយ​សោកនាដកម្ម និង​ជាការ​ពិត​ក៏​គ្រោតគ្រាត ហើយក៏​បានស្នើ​ឲ្យ​បញ្ឈប់​វិនាសកម្ម​លើ​ប្រជាជន​ស៊ី​រី​ទៀតផង​។ លោក O'Brien ក៏បាន​ទទូច​ឲ្យ​ភាគី​ទាំងសងខាង​ដែល​កំពុង​ប្រយុទ្ធ​គ្នា​នៅ Raqqa ក៏ដូចជា​កន្លែង​ផ្សេងទៀត ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​ជីវិត​ជន​ស៊ីវិល​ដែល​ជាប់ផុង​ក្នុង​សមរភូមិ ក៏ដូចជា​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ផងដែរ​។​

​ក្រុម​ឧទ្ទាម​ស៊ី​រី​បានចាប់ផ្ដើម​យុទ្ធនា​ការរំដោះ​ខេត្ត Raqqa តាំងពី​ខែ​វិ​ច្ឆ​កា​ឆ្នាំមុន​មកម្ល៉េះ ហើយ​មកដល់​ខែមិថុនា ឆ្នាំ​២០១៧ ក្រុម​នេះ​ក៏​រុល​ដល់​តំបន់​ទីក្រុង​របស់​ខេត្ត​នេះ ដែលជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ សកម្មជន​រដ្ឋ​ឥស្លាម​ប្រមាណ​មួយ​ពាន់​នាក់​បន្ត​ការពារ​ទីក្រុង​នឹង​ការវាយប្រហារ​របស់​ក​ម្លាំ​ង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដែលមាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់ ហើយ​ត្រូវបាន​ហ្វឹកហ្វឺន​ដោយ​ទាហាន​អាមេរិក និង​គាំទ្រ​ដោយ​ក្រុមចម្រុះ​អន្តរជាតិ​៕
 

Tag:
 UN
  ស៊ី​រី​
  អាមេរិក​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com