អន្តរជាតិ
មហា​យក្ស​ចិន​ថា ខ្លួន​មិន​បណ្តោយ​ឲ្យ​សង្គ្រាម ឬ​ចលាចល​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​
01, Sep 2017 , 8:59 am        
រូបភាព
​រដ្ឋាភិបាល​ចិន​បានបញ្ជាក់​ជាថ្មី​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្លួន​មិន​បណ្តែតបណ្តោយ​ឲ្យ​សង្គ្រាម ឬ​បញ្ហា​ចលាចល​កើតមានឡើង​នៅក្បែរ​របង​ផ្ទះ​ខ្លួន​ឡើយ​។ ការបញ្ជាក់​បែបនេះ កើតឡើង​ស្រប​ពេលដែល កូរ៉េខាងត្បូង និង​អាមេរិក​បន្តធ្វើ​សមយុទ្ធ​សម្ញែង​សាច់ដុំ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន​ដើម​សប្តាហ៍​កន្លងទៅ​។



​ក្រសួងការពារជាតិ​ចិន​បាន​អះអាង​ជាថ្មី​ថា ខ្លួន​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ទប់ស្កាត់​សង្គ្រាម ឬ​ភាពចលាចល​នានា​កុំ​ឲ្យ​កើតឡើង​នៅក្បែរ​របង​ផ្ទះ​ខ្លួន ដែល​សំដៅលើ​ឧបទ្វីប​កូរ៉េ​នោះ​។ ចិន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការដាក់​សម្ពាធ​កូរ៉េខាងជើង តាមរយៈ​ការដាក់ទណ្ឌកម្ម ប៉ុន្តែ​ចិន​ក៏​តែង​រិះគន់​អាមេរិក និង​កូរ៉េខាងត្បូង​ផងដែរ ព្រោះ​គេ​បន្ត​បង្ក​ភាព​តានតឹង​ដោយ​ធ្វើ​សមយុទ្ធ​រួមគ្នា​រហូតមក​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​ថា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Ren Guoqiang ថ្លែង​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ និង​ទប់ស្កាត់​សង្គ្រាម​ក៏ដូចជា​ភាពចលាចល​នានា​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំខែ​ក្នុង​សប្តាហ៍​នេះ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​សង្កត់ធ្ងន់​ផងដែរ​ពាក់ព័ន្ធ​ជំហរ​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​ឧបទ្វីប​កូរ៉េ​ផងដែរ​។ លោក​បញ្ជាក់ថា ក្នុងនាម​ជា​មហាអំណាច និង​ជា​មិត្ត​ជិតខាង ចិន​នៅតែ​គាំទ្រ​ការដោះស្រាយ​ជម្លោះ​តាម​វិធី​ការទូត មានដូចជា​ការសន្ទនា និង​ការចរចា​គ្នា​ផងដែរ ហើយ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅតែ​ជា​អ្វីដែល​ចិន​គាំទ្រ​ដដែល​។

​ចិន​សន្យា​ការពារ​សន្តិភាព និង​ទប់ស្កាត់​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ចំ​ពេលដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​បន្តធ្វើ​សមយុទ្ធ​ឥត​ឈប់​ដើម្បី​សម្ញែង​សាច់ដុំ​ដាក់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ដែល​ហ៊ាន​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន​នៅ​ដើម​សប្តាហ៍​នេះ​។ អាមេរិក​តែង​និយាយ​ម្តង​ហើយ​ម្តងទៀត​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង​បើក​សិន​ជា​ចាំបាច់​នោះ ហើយ​វា​ក៏បង្ក​ឲ្យ​ស្ថានការណ៍​តានតឹង​ថែម​ទៀតផង​។​
​បច្ចុប្បន្ននេះ​គេ​ឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B របស់​អាមេរិក​រួមជាមួយ​យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង ចូលរួម​ក្នុង​សមយុទ្ធ​មួយ​ផង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap យន្តហោះ​ចម្បាំង​អាមេរិក​បួន​គ្រឿង​ក្នុងនោះ​មាន​យន្តហោះ B-1B ពីរ​គ្រឿង និង​យន្តហោះ​ប្រដេញ F-35 ពីរ​គ្រឿង​ផ្សេងទៀត ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការហោះហើរ​រួមគ្នា​មួយ​ជាមួយ​យន្តហោះ​ចម្បាំង F-15 របស់​កូរ៉េខាងត្បូង​ជាច្រើន​គ្រឿង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​៕  



Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
 ​ កូរ៉េខាងជើង​
  Ren Guoqiang
© រក្សាសិទ្ធិដោយ thmeythmey.com