អន្តរជាតិ
ជម្លោះ​ការទូត​៖ អាមេរិក​បិទ​កុងស៊ុល​រុស្ស៊ី ឆ្លើយតប​ការបណ្ដេញ​មន្ត្រី​ទូត​អាមេរិក​ជាង​៧៥០​នាក់​
01, Sep 2017 , 11:01 am        
រូបភាព
កុងស៊ុលរុស្ស៊ីប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលអាមេរិកបញ្ជាឲ្យបិទ (រូបភាព៖ Reuters)
កុងស៊ុលរុស្ស៊ីប្រចាំទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលអាមេរិកបញ្ជាឲ្យបិទ (រូបភាព៖ Reuters)
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៣១ ខែសីហា បាន​បញ្ជា​បិទ​កុងស៊ុល​រុស្ស៊ី​ប្រចាំ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​អាគារ​ពីរ​កន្លែង​ទៀត​នៅ​ទីក្រុង​ញូវយ៉ក និង​ក្រុង​វ៉ា​ស៊ី​តោន​។ ការបិទ​កុងស៊ុល​នេះ គឺជា​វិធានការណ៍​ដើម្បី​ឆ្លើយតប​ទង្វើ​របស់​រុស្ស៊ី​ដែល​បញ្ជា​ឲ្យ​មន្ត្រី​ទូត​អាមេរិក​ច្រើន​នាក់​ចាក​ចេញពី​ទឹកដី​រុស្ស៊ី​។ រុស្ស៊ី​មាន​រយៈពេល​ត្រឹម​ថ្ងៃទី​២ ខែកញ្ញា ដើម្បី​បិទ​បេសកកម្ម​ទាំងបី​កន្លែង​នេះ ខណៈ​ប្រមុខ​ការទូត Sergey Lavrov បង្ហាញ​ការសោកស្ដាយ តែ​មិនទាន់មាន​ចំណាត់ការ​តប​វិញ​ទេ​។​



​ក្ដី​សង្ឃឹមថា​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី​នឹង​ប្រសើរ​ឡើងវិញ​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រសាត់​កាន់តែ​ឆ្ងាយ​ហើយ ខណៈដែល​អាមេរិក និង​រុស្ស៊ី កំពុង​បន្ត​ជម្លោះ​ការទូត​ជាមួយ​មិនចេះ​ឈប់​។ ជម្លោះ​ការទូត​ដែល​ចាប់ផ្ដើម​នៅ​ចុង​អាណត្តិ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ធ្វើ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ពិបាក​ធ្វើការ​ជាមួយ​រុស្ស៊ី​ជាខ្លាំង ទោះជា​លោក ត្រាំ ផ្ទាល់​មានបំណង​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​ក្ដី​។​

​តាំងពី​ចូលកាន់​តំណែង​ផ្លូវការ​នៅ​ដើមឆ្នាំ​២០១៧ លោក ត្រាំ តែង​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀតថា លោក​នឹង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដែល​ល្អក់កករ​ឡើងវិញ​។ ប៉ុន្តែ​ការប្រឹងប្រែង​របស់លោក​មិន​ទទួលបាន​ផល​ឡើយ ព្រោះ​សំណុំរឿង​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក និង​សំណុំរឿង​អ៊ុយ​ក្រែ​ន ក្លាយជា​ឧបសគ្គ​រាំងស្ទះ ស្របពេល​ដែល​សភា​អាមេរិក​ឯណោះ​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដដែល​លើ​បញ្ហា​នេះ​។

១. មួយ​ដៃ​ទៅ មួយ​ដៃ​មក​

​នៅ​ខែធ្នូ ឆ្នាំ​២០១៦ លោក អូ​បា​ម៉ា បានចេញ​បញ្ជា​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន​៣៥​នាក់ និង​បញ្ជា​ឲ្យ​បិទ​ទីតាំង​ជា​កម្មសិទ្ធិ​ស្ថានទូត​រុ​ស្ស៊​ចំនួន​ពីរ​កន្លែង​នៅ​ទីក្រុង​វ៉ា​ស៊ី​តោន​។ មន្ត្រី​ទូត​រុស្ស៊ី​ទាំងនោះ​ត្រូវបាន​ចោទថា​ជា​ភា្ន​ក់​ងារ​ចារកម្ម ដែល​ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​អាមេរិក ហើយ​ដែល​គេ​ជឿថា​ជួយ​ឲ្យ​លោក ត្រាំ ឈ្នះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដើម្បី​ក្លាយជា​ប្រធានាធិបតី​។ រុស្ស៊ី​បាន​បដិសេធ​ដាច់ខាត​ការចោទប្រកាន់​ទាំងនោះ​។​

​ក្រុង​មូ​ស្គូ​មិនបាន​ឆ្លើយតប​នឹង​ការបណ្ដេញចេញ​នេះ​ទេ ដោយ​រំពឹងថា​រដ្ឋបាល​ថ្មី​របស់លោក ត្រាំ អាច​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​បាន​ឡើងវិញ និង​មិន​ធ្វើ​ឲ្យ​ចំណង​ការទូត​ធ្លាក់ចុះ​ដូច​សម័យ​លោក អូ​បា​ម៉ា ទេ​។ យ៉ាងណាមិញ ក្ដី​រំពឹង​នេះ​មិនបាន​កើតឡើង​ទេ​។ ទោះជា​លោក ត្រាំ ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី​ក្ដី សភា​អាមេរិក​ក៏បាន​អនុម័ត​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រុស្ស៊ី​ជុំវិញ​សំណុំរឿង​បោះឆ្នោត​ឆ្នាំ​២០១៦ បញ្ហា​អ៊ុយ​ក្រែ​ន និង​ការ​លេប​យក​តំបន់​គ្រី​មៀ​។​

​ទំនង​ទ្រាំលែងបាន​ហើយ​នោះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ខែកក្កដា ឆ្នាំ​២០១៧ ក៏បាន​បញ្ជា​ឲ្យ​កាត់បន្ថយ​ចំនួន​បុគ្គលិក​ទូត​អាមេរិក​នៅ​រុស្ស៊ី ដើម្បី​ឲ្យ​មាន​សមាមាត្រ​ចំនួន​បុគ្គលិក​ទូត​រុស្ស៊ី​នៅ​អាមេរិក​ដែរ​។ បុគ្គលិក​ទូត​អាមេរិក​ប្រមាណ​៧៥០​នាក់ ត្រូវ​រៀប​ចាក​ចេញពី​រុស្ស៊ី​នៅត្រឹម​ថ្ងៃទី​១ ខែកញ្ញា ហើយក៏​បាន​ដកហូត​ទីតាំង​ច្រើន​កន្លែង​មាន​គ្រប់គ្រង​ដោយ​មន្ត្រី​ទូត​អាមេរិក ក៏ដូចជា​ហាម​មន្ត្រី​ទូត​អាមេរិក​ធ្វើដំណើរ​ទៅកាន់​កន្លែង​ច្រើន​ទៀត​ក្នុង​រដ្ឋធានី​មូ​ស្គូ​។​

​មួយថ្ងៃ​មុន​ដល់​ការកំណត់​មន្ត្រី​ទូត​អាមេរិក​ត្រូវ​ចាក​ចេញពី​រុស្ស៊ី ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៣១ ខែសីហា បាន​ប្រាប់​ឲ្យ​រុស្ស៊ី​បិទ​កុងស៊ុល​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​បេសកកម្ម​ពាណិជ្ជកម្ម​ពីរ​ទៀត​នៅ​ញូវយ៉ក និង​វ៉ាស៊ីនតោន ដោយ​ទុកពេល​ត្រឹម​ថ្ងៃទី​២ ខែកញ្ញា​ដើម្បី​បិទ​ទាំងស្រុង​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយថា អាមេរិក​ត្រៀមខ្លួន​ចាត់វិធានការ​ដែល​ចាំបាច់ ឯ​អ្នកនាំពាក្យ​សេត​វិមាន​និយាយថា លោក ត្រាំ ជា​អ្នកសម្រេចចិត្ត​ផ្ទាល់​លើ​ការបិទ​បេសកកម្ម​ទូត​រុស្ស៊ី​ទាំងបី​កន្លែង​។​

២. រុស្ស៊ី​ត្រៀម​ឆ្លើយតប​វិញ​ក្នុងពេល​ខាងមុខ​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​ប្រាប់​សម​ភាគី​រុស្ស៊ី Sergei Lavrov ពី​ដំណឹង​នៃ​ការបិទ​កុងស៊ុល និង​បេសកកម្ម​ពាណិជ្ជកម្ម​រុស្ស៊ី​ក្នុងការ​ជជែក​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៣១ ខែសីហា​។ លោក Lavrov បានបង្ហាញ​ពី​ការសោកស្ដាយ​ដែល​បញ្ហា​កាន់តែ​រាលដាល​ខ្លាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី តែ​លោក​ក៏​និយាយ​ដែរ​ថា​បញ្ហា​ទាំងនេះ​មិនមែន​ផ្ដើមគំនិត​ដោយ​រុស្ស៊ី​ទេ ហើយ​រុស្ស៊ី​ដើរ​តាម​ក្រោយ​អាមេរិក​ប៉ុណ្ណោះ​។​

​បើតាម​សារព័ត៌មាន RT លោក Lavrov បាន​ប្រា​ប់លោក ធី​ល័​រ​សិន ថា រុស្ស៊ី​នឹងសិក្សា​ឲ្យ​បានច្បាស់លាស់​មុននឹង​ឆ្លើយតប​ទៅនឹង​ចំណាត់ការ​របស់​អាមេរិក ហើយ​រុស្ស៊ី​ក៏​នឹង​ប្រាប់​អាមេរិក​ពី​ពេលវេលា​ដែល​ខ្លួន​ត្រូវ​ឆ្លើយតប​វិញ​ដែរ​។ ប្រមុខ​ការទូត​អាមេរិក និង​រុស្ស៊ី អាច​ជួបគ្នា​នៅក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា​នេះ ដើម្បី​ពិភាក្សា​រក​ច្រក​ចេញពី​ជម្លោះ​ការទូត​ដែល​ក្លាយជា​បញ្ហា​រាំងស្ទះ​ដល់​ការទំនាក់ទំនង​ទ្វេភាគី​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com