ជាតិ
អន្តរជាតិ
ព្យុះ Harvey បង្ក​ការខូចខាត​ដល់​រដ្ឋ​តិច​សាស​ក្នុង​ទំហំ​យ៉ាងហោច ៥១​ពាន់​លាន​ដុល្លារ
01, Sep 2017 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាប័ន​ស្រាវជ្រាវ​អាល្លឺម៉ង់ បាន​វាយតម្លៃថា ទំហំ​នៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ព្យុះ Harvey កើន​ដល់ ៥៨ ពាន់​លាន​ដុល្លារ​ឯណោះ​។ ទំហំ​នៃ​ការ​ខូ​ត​ខាត​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត ហើយ​ព្យុះ Harvey នឹង​ក្លាយជា​គ្រោះមហន្តរាយធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​បំផុត​មួយ​រាប់​ចាប់ពី​ឆ្នាំ ១៩០០​មក​។



​ប្រជាជន​រាប់ម៉ឺន​នាក់​ដែល​រស់នៅក្នុង​រដ្ឋ​តិច​សាស​បាន​រងគ្រោះ​ដោយសារ​ព្យុះ Harvey កន្លងមក​។ ប្រជាជន​យ៉ាងហោចណាស់ ៣៧​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​ត្រូវ​រង​ការបំផ្លិចបំផ្លាញ​ផងដែរ​។ 

​ខណៈដែល​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅ​បន្ត​ទៅមុខ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣១ ខែសីហា ស្ថាប័ន​ស្រាវ​អាល្លឺម៉ង់ មជ្ឈមណ្ឌល​សម្រាប់​ការគ្រប់គ្រង​និង​បច្ចេកវិទ្យា​សម្រាប់​កាត់បន្ថយ​គ្រោះមហន្តរាយ (CEDIM) បាន​វាយតម្លៃថា ការខូចខាត​ជារួម​បង្ក​ឲ្យ​ព្យុះ​កំណាច​នេះ​កើន​មាន​ទំហំ ៥៨ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​សម្តី លោក James Daniell អ្នកជំនាញ​ផ្នែក​គ្រោះមហន្តរាយ​នៃ​ស្ថាប័ន​ស្រាវ​ជ្រា​ខាងលើ​ដូច្នេះ​ថា ៖«​ការខូចខាត​នេះ​គឺមាន​ទំហំ​ប្រហែល​៥៨​ពាន់​លាន​ដុល្លារ​។ ក្នុង​រយៈពេល​ពីរ​ឬ​បី​ថ្ងៃ​ទៅមុខទៀត យើង​ប្រហែលជា​អាច​ឃើញ​ការវាយតម្លៃ​នេះ​កើនឡើង​ថែមទៀត​ព្រោះ​យើង​បញ្ចូល​តែ​រដ្ឋ​តិច​សាស​ក្នុងការ​វាយតម្លៃ​ទេ​ពេលនេះ​»​។ 

​តាមពិតទៅ គេ​ព្យាករណ៍​ថា ទំហំ​នៃ​ការខូចខាត​នេះ​ស្ថិតនៅ​ចន្លោះ​ពី ៤១ ទៅ​៨០​ពាន់​លាន​ដុល្លារ​ដែល​វា​ជា​ទំហំ​មួយ​ដ៏​ធំ​រួចទៅហើយ​។ កាលពី​ថ្ងៃ​អង្គារ ទី ២៩ ខែសីហា​កន្លងមក​នេះដែ​រ ស្ថាប័ន​ស្រាវជ្រាវ Enki អាមេរិក​ក៏បាន​វាយតម្លៃ​ផងដែរ​ថា ទំហំ​នៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ព្យុះ​នេះ​កើន​ដល់ ៤២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ស្ថិតក្នុង​ទំហំ ៥៨​ពាន់​លាន​ដុល្លារ Harvey ក្លាយជា​គ្រោះមហន្តរាយធម្មជាតិ​ដែល​បង្ក​ការខូចខាត​ខ្លាំង​បំផុត​ទី​ប្រាំបួន លើ​លោក​រាប់​ចាប់ពី​ឆ្នាំ ១៩០០​មក​នោះ​។ ចំណែក​គ្រោះមហន្តរាយធម្មជាតិ​ក​ន្ល​ង​ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ខ្លាំង​បំផុត​នោះ​មាន ទីមួយ​គ្រោះមហន្តរាយ​រញ្ជួយ​ដី Tohoku (​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​)​នៅ​កោះ​ហុង​ស៊ូ ឆ្នាំ ២០១១ ដែល​ទំហំ​នៃ​ការខូចខាត​កើនឡើង​ដល់ ២១៨​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ទី​ពីរ គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​ខេត្ត ស៊ី​ឈួន​កាលពី​ឆ្នាំ ២០០៨ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​រហូត​ដល់ ១៦២ ពាន់​លា​នុ​ដុល្លារ និង​ទី​បី​ព្យុះ កា​ទ្រី​ណា (Katrina) នៅ​ឆ្នាំ ២០០៥ ដែល​ធ្វើ​ឲ្យ​មានការ​ខូចខាត​ក្នុង​ទំហំ​១៦០​ពាន់​លាន​ដុល្លារ​ផងដែរ​៕
 

Tag:
 ​តិច​សាស​
  Harvey
  អាមេរិក​
  CEDIM
© រក្សាសិទ្ធិដោយ thmeythmey.com