អន្តរជាតិ
អាមេរិក​ផ្តល់​ជំ​នួន ៩១​លាន​ដុ​លា្ល​ដល់​អេ​ត្យូ​ពី​ដែល​បន្ត​រងគ្រោះ​ទុរភិក្ស​បី​ឆ្នាំ​ជាប់​គ្នា​
01, Sep 2017 , 8:19 pm        
រូបភាព
រូបភាព៖ Martinplaut
រូបភាព៖ Martinplaut
​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ផ្តល់ជំនួយ​មនុស្សធម៌​ក្នុង​ទំហំ​ទឹកប្រាក់ ៩១ លាន​ដុល្លារ​បន្ថែមទៀត​ដល់​ប្រទេស​អេ​ត្យូ​ពី ដែល​បន្ត​ញាំញី​ដោយសារ​គ្រោះរាំងស្ងួត​បី​ឆ្នាំ​ជាប់​គ្នា​មកនេះ​។ បូក​ទាំង​ជំនួយ​ថ្មី​នេះ ក្នុង​ឆ្នាំ ២០១៧ អាមេរិក​បានផ្តល់​ដល់​អេ​ត្យូ​ពី​សរុប​ទាំងអស់ ៤៥៤ លាន​ដុល្លារ​រួចទៅហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។​



​អេ​ត្យូ​ពី​បន្ត​រងគ្រោះ​ដោយសារ​គ្រោះរាំងស្ងួត​បី​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់ពី​ឆ្នាំ ២០១៥​មក​។ ប្រទេស​នេះ​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ថែមទៀត​ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ផងដែរ​។

​ឆ្លើយតប​បញ្ហា​ប្រឈម​ធំ​នេះ សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​ម្ចាស់ជំនួយ​ធំ​មួយ​របស់​អេ​ត្យ​ពី​នោះ បានសម្រេច​ផ្តល់​ជំ​នួន ៩១ លាន​ដុល្លារ​បន្ថែមទៀត​ដល់​រដ្ឋា​ភិ​បាល​អេ​ត្យូ​ពី​នៅក្នុង​សប្តាហ៍​នេះដែរ​។

​លោក Mark Green ប្រធាន​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Washington Post ថា ជំនួយ​បន្ថែម​ដែល​អាមេរិក​ផ្តល់ជូន​អេ​ត្យូ​ពី​គឺ ផ្តោតលើ​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​ថ្នាំសង្កូវ​។ បន្ថែម​លុយ ៩១​លាន​ដុល្លារ​នេះ​ទៀត ជំនួយ​ដែល​អាមេរិក​ផ្តល់​ឲ្យ​អេ​ត្យូ​ពី​ក្នុង​ឆ្នាំ ២០១៧​នេះ កើន​ដល់ ៤៥៤ លាន​ដុល្លារ​ទៅហើយ​។ ចំណែក​លុយ​ជាង​២០០​លាន​ដុល្លារ​ផ្សេងទៀត​គឺ​អាមេរិក​ជួយ​ផ្គត់​ផ្គង​គម្រោង​អភិវឌ្ឍ​ផ្សេងទៀត​នៅ​អេ​ត្យូ​ពី​ផងដែរ​។​

​តាមពិតទៅ លោក Mark Green បានលើកឡើង​ពី​ជំនួយ​ដែល​ផ្តល់ជូន​រដ្ឋាភិបាល​អេ​ត្យូ​ពីនេះ​ក្នុងពេលដែល​លោក​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី​លោក Hailemariam Desalegn​។ ក្នុង​ជំនួយ​នោះដែរ ប្រធាន​ស្ថាប័ន​ទីភ្នាក់ងារ​អាមេរិក​ស​ម្រា​ប់​ការអភិវឌ្ឍ​អន្តរជាតិ​នេះ​ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អេ​ត្យូ​ពី​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច និង បើកចំហរ​នយោបាយ​ស​ម្រា​ប់​ប្រជាជន​បញ្ចេញ​មតិយោបល់​របស់ខ្លួន​ផង​។​

«​អ្វីដែល​ខ្ញុំ​ប្រាប់​គាត់​គឺថា យើង​ត្រូវ​ក្រឡេកមើល​ប្រទេស​ដទៃ​ផ្សេងទៀត​ទូទាំង​ពិភពលោក​ត្រូវការ​អ្វី​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​និង​ជួយ​ប្រជាពលរដ្ឋ​។ រដ្ឋបាល​ប្រកបដោយ​ទំនួល​ខុសត្រូវ​និង​មានការ​ឆ្លើយតប​ខ្ពស់ រួមទាំង​ទីកន្លែង​សម្រាប់​ប្រជាជន​ដែល​អាច​ជួបជុំគ្នា​បាន​ដើម្បី​ជជែក​និង​ចែករម្លែក​គំនិត​យោបល​ដោយ​ចំហរ​។ ការចង់បាន​របស់​យើង​គឺ​រដ្ឋាភិបាល​អេ​ត្យូ​ពី​គួរ​បន្ត​គាំទ្រ​សកម្មភាព​បែបនេះ និង​បន្ត​ប្រឹងប្រែង​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​»​។

​ក្រៅពីនេះ លោក Green ក៏បាន​ទទូច​ឲ្យ​អេ​ត្យូ​ពី​បន្ត​យកចិត្តទុកដាក់​លើ​ការរៀបចំ​ថវិកា​សម្រាប់​ជំនួយ​មនុស្សធម៌​ដែល​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ​នេះ​ផងដែរ​។ កាល​មាន​គ្រោះ​ទុរភិក្ស​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​អេ​ត្យូ​ពី​បាន​ចំណាយ​ថវិកា ៧០០ លាន​ដុល្លារ​លើ​ស្បៀងអាហារ​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​។ ប៉ុ​ន្ត​ឆ្នាំនេះ​រដ្ឋាភិបាល​ប្តេជ្ញា​ផ្តល់​លុយ​ត្រឹម ១១០​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​៕


Tag:
 ​អាមេរិក​
  អេ​ត្យ​ពី​
  USAI
  Mark Green
© រក្សាសិទ្ធិដោយ thmeythmey.com