ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខេ​ម​បូ​ឌា ដេលី ប្រកាស​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃស្អែក​ទៅ​
03, Sep 2017 , 4:01 pm        
រូបភាព
 កាសែត​ខេ​ម​បូ​ឌា ដេលី បានប្រកាសថា ខ្លួន​នឹង​ឈប់​បោះ​ពុ​ម្ភ​ផ្សាយ​កាសែត​របស់ខ្លួន​ទៀតហើយ​។ ការប្រកាស​នេះ ធ្វើ​ឡើយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ការកំណត់​ឲ្យ​បង់ពន្ធ​ជាង​៦​លាន​ដុល្លារ​នៅ​ថ្ងៃទី​៤ ខែកញ្ញា​។ នេះ​បើតាម​ការប្រកាស​របស់​កាសែត​ខេ​ម​បូ​ឌា ដេលី នៅ​ថ្ងៃទី​៣ ខែកញ្ញា​។​

 
«​បន្ទាប់ពី​ដំណើរការ​អស់​ពេល​២៤​ឆ្នាំ និង​១៥​ថ្ងៃ រដ្ឋាភិបាល​កម្ពុជា​បាន​បំផ្លាញ​កាសែត​ខេ​ម​បូ​ឌា ដេលី ដែលជា​ផ្នែក​មួយ​ពិសេស​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា​»​។ នេះ​ជាការ​ប្រកាស​របស់​កាសែត​ខេ​ម​បូ​ឌា ដេលី នៅ​ថ្ងៃទី​៣ ខែកញ្ញា​។ កាសែត​មួយ​នេះ​បញ្ជាក់ថា ការ​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​បិទ​អង្គភាព​របស់ខ្លួន ការ​បង្កក​គណនី និង​ការកាត់ទោស​ម្ចាស់​ថ្មី​ចំពោះ​ទង្វើ​របស់​ម្ចាស់​ចាស់ កាសែត​ខេ​ម​បូ​ឌា ដេលី នឹង​បិទ​ការបោះ​ផ្សាយ​ចាប់ពី​ថ្ងៃទី​៤ ខែសីហា​។​
 
​សេចក្ដី​ការប្រកាស​ព័ត៌មាន​ខាងលើ​បន្តថា ក្រុមហ៊ុន The Bernard Krisher Jimusho Co. ដែលមាន លោកស្រី Deborah Krisher-Steele ជា​ម្ចាស់ បាន​ទិញ​ទ្រព្យសម្បត្តិ​នៃ​កាសែត​ខេ​ម​បូ​ឌា ដេលី នៅ​ខែមេសា ឆ្នាំ​២០១៧ ពី​លោក Bernard Krisher ។ ក្រុមហ៊ុន​នេះ​នឹង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងនេះ​ទៅ​ឲ្យ​លោក Bernard Krisher ហើយនឹង​រំលាយខ្លួន​ចោល​តែម្ដង​។ 
 
​បើតាម​ការប្រកាស​ព័ត៌មាន​ដដែល លោក Bernard Krisher អះអាង​ដាច់ខាត​ថា លោក​រកស៊ី​នៅ​កម្ពុជា​ដោយ​ស្របច្បាប់ ហើយ​លោក​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ដាក់ទោស​លោក បើ​លោក​រកស៊ី​ខុសច្បាប់​មែន​។ ក្នុងករណី​ត្រូវបាន​កាត់ទោស លោក​នឹង​ត្រឡប់​មកកាន់​កម្ពុជា​វិញ​។​
 
​សេចក្ដីថ្លែងការណ៍​នេះ​បញ្ជាក់ថា​៖ «​ជម្លោះ​ផ្លូវច្បាប់​អាច​កើតឡើង​រវាង​អគ្គនាយក​ពន្ធដារ និង​ម្ចាស់​កាសែត​ខេ​ម​បូ​ឌា ដេលី ជុំវិញ​រយៈពេល​ដែល​ព​ន្ធ​ត្រូវ​ប្រមូល និង​ទំហំ​ទឹកប្រាក់​សរុប​។ តាម​ដំណើការ​ធម្មតា បញ្ហា​នេះ អាច​ត្រូវបាន​ដោះស្រាយ បន្ទាប់ពី​មានការ​ធ្វើ​សវនកម្ម និង​ការចរចា​ឯកជន​។ ជំនួស​មកវិញ កាសែត​ខេ​ម​បូ​ឌា ដេលី បែរជា​ក្លាយជា​គោលដៅ​នៃ​ការពិន័យ​ពន្ធ​ដ៏​ច្រើន និង​រង​ការវាយប្រហារ​ពី​ព័ត៌មាន​បែកធ្លាយ ក៏ដូចជា​សេចក្ដីថ្លែងការណ៍​មិន​ត្រឹមត្រូវ​ពី​សំណាក់​អគ្គនាយក​រដ្ឋ​ពន្ធដារ និង​ការវាយប្រហារ​ជា​សាធារណៈ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល មុន​ការធ្វើ​សវនកម្ម​ទៅវិញ​»​។​
 
​កាសែត​ខេ​ម​បូ​ឌា ដេលី ក៏បាន​ចាត់ទុក​ការចោទប្រកាន់​ខ្លួន​ថា ជា​ចោរ ជា​រឿង​គ្មាន​មូលដ្ឋាន និង​ជាការ​មើលងាយ​។ ឯ​យុទ្ធនាការ​នៃ​ការ​បែកធ្លាយ​ព័ត៌មាន គឺជា​រឿង​គ្មាន​វិជ្ជាជីវៈ និង​ខុសច្បាប់​ទៀតផង​។ កាសែត​ខេ​ម​បូ​ឌា ដេលី ក៏បាន​អរគុណ​អ្នកទស្សនា និង​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​កាសែត​របស់ខ្លួន ក៏ដូចជា​បុគ្គលិក​ទាំងអស់​ដែរ​៕ 
    


Tag:
 ខេ​ម​បូ​ឌា ដេលី​
  ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com