ជាតិ
សេដ្ឋកិច្ច
RDB ប្រាប់​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មកសុំ​កម្ចី​ដោយផ្ទាល់ ចៀសវាង​ការទា​កម្រៃ​ពី​ជនខិលខូច​
04, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ដល់​បណ្ដា​រោង​ម៉ាស៊ីន​កិន​ឲ្យ​ទំនាក់ទំនង​មក RDB ដោយផ្ទាល់​ក្នុង​ការរក​កម្ចី ដើម្បី​ចៀសវាង​ការ​កេង​យកចំណេញ​ពី​ភាគី​ទី​បី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​នេះ នៅ​ថ្ងៃទី​១​ខែកញ្ញា​។​



​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា នៅពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយចំនួន​តួច​បាន​ឆ្លៀតឱកាស​យកចំណេញ​ពី​គម្រោង​ពិសេស​របស់​រដ្ឋាភិបាល ដោយ​ទារក​ម្រៃ​ពី​បណ្ដា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ជា​ថ្នូរ​នឹង​ការទទួលបាន​ឥណទាន​ក្រោម​គម្រោង​ពិសេស​នេះ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បន្ថែមថា ការទារ​កម្រៃ​នេះ គឺជា​សកម្ម​ភាពមិន​ស្របច្បាប់ ហើយ​ធ្វើ​ឲ្យ​ភាន់ច្រឡំ និង​ប៉ះពាល់​កេរ្តិ៍​ឈ្នោះ​របស់​រដ្ឋាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិសេស​ធនាគារ​អភិវឌ្ឍន៍ជនបទ​។​

​រដ្ឋាភិបាល ក្នុងពេល​ថ្មីៗ​នេះ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​ចំនួន ៥០​លាន​ដុល្លារ ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជា​អ្នកប្រតិបត្តិ​ការផ្ដល់​ក​ម្ចី​នេះ​ដោយផ្ទាល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​របស់​កសិករ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ​។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ ស្នើ​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​រាយការណ៍​មក​ធនាគារ​មួយ​នេះ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច បើសិនណា​បាន​ជួប​ករណី​ទារក​ម្រៃ​ដូចខាងលើ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បន្ថែមថា ធនាគារ​អភិវឌ្ឍន៍ជនបទ​មិន​យក​កម្រៃ​ក្រៅផ្លូវការ​ណាមួយ​ឡើយ ហើយ​អតិថិជន​គួរ​ទំនាក់ទំនង​ដោយផ្ទាល់​មក​ធនាគារ​នេះ ដោយ​មិនចាំបាច់​ឆ្លងកាត់​អន្តរការី​ណាមួយ​ឡើយ​៕


Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com