ជាតិ
នយោបាយជាតិ
សភា គ្រោងប្រជុំជាបន្ទាន់លើករណីឯកឧត្តម កឹម សុខា លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
× ភ្នំពេញ៖ រដ្ឋសភា នឹងប្រជុំពីករណីរបស់ឯកឧត្តម កឹម សុខា។ គម្រោងនៃការប្រជុំ គឺធ្វើឡើងក្រោយរដ្ឋសភា ទទួលបានរបាយការណ៍ពីតុលាការ ពាក់ព័ន្ធនឹងករណីចាប់ខ្លួននិងចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២0១៧នេះ តុលាការ បានបញ្ជូនរបាយការណ៍ពាក់ព័ន្ធនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់រដ្ឋសភា។ ការបញ្ជូនរបាយការណ៍នេះ ទៅកាន់រដ្ឋសភា គឺធ្វើឡើងភ្លាមៗក្រោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ឯកឧត្តម កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលបទល្មើសនេះ គឺស្ថិតក្នុងអំពើក្បត់ជាតិ។ ក្រោយទទួលបានរបាយការណ៍ហើយ រដ្ឋសភា ចាំបាច់ត្រូវបើកប្រជុំ ដើម្បីដោះស្រាយពីបញ្ហនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនិងជាអគ្គលេខាធិការរដ្ឋសភា បានប្រាប់សារព័ត៌មានថ្មីៗថា ដោយសារតែករណីរបស់ឯកឧត្តម កឹម សុខា គឺស្ថិតក្នុងបទល្មើសជាក់ស្តែង ដូច្នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ជាបន្ទាន់។ យ៉ាងក៏ដោយ លោក មិនទាន់អាចបញ្ជាក់នោះទេ ថាកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានេះ នឹងធ្វើឡើងនៅពេលណា។
លោក ឡេង ប៉េងឡុង លើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ អាចនឹងកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា។ បើតាម លោក ឡេង ប៉េងឡុង កិច្ចប្រជុំរដ្ឋសភា អាចនឹងមានការបោះឆ្នោត ដើម្បីស្នើឲ្យតុលាការផ្អាកចំណាត់ការ ហើយដោះលែងឯកឧត្តម កឹម សុខា។ ប៉ុន្តែ លោ សង្កត់ធ្ងន់ថា ដើម្បីឲ្យតុលាការផ្អាកចំណាត់លើឯកឧត្តម កឹម សុខា លុះត្រាតែសមាជិករដ្ឋសភាទាំងអស់ បោះឆ្នោតគាំទ្រដោយសំឡេង ៣ភាគ៤ ដែលស្មើនឹង៩៣រូប ក្នុងចំណោមសមាជិករដ្ឋសភាទាំង១២៣រូប។ លោក បន្ថែមថា ប្រសិនបើសំឡេងគាំទ្រ មិនគ្រប់៣ភាគ៤ ឬ៩៣រូបនោះទេ តុលាការ អាចបន្តនីតិវិធីរបស់ខ្លួន ដោយស្វ័យប្រវត្តិតែម្តង។
អ្នកនាំពាក្យរដ្ឋសភារូបនេះ និយាយដូច្នេះថា៖«បើបាន៣ភាគ៤ គឺតុលាការ ត្រូវតែផ្អាកហើយ។ តែបើមិនបាន គឺតុលាការ ត្រូវបន្តនីតិវិធីទៀត»។
សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបានព្រះរាជអាជ្ញា ចោទប្រកាន់រួចហើយ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២0១៧នេះ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុងជាប់ឃុំបណ្តោះអាសន្ន ក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បួងឃ្មុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com