ជាតិ
សំរាម​៩០០​តោន បាន​ប្រមូល​ចេញពី​ក្រុង​សៀមរាប​ក្រោយ​ខកខាន​មួយរយៈ​
06, Sep 2017 , 8:39 pm        
រូបភាព
«រណ្តៅថ្មី ដែលក្រុមហ៊ុនហាមមិនឲ្យពលរដ្ឋចូលកាយរើសអេតចាយ»។ រូបភាព៖ លោក ច័ន្ទ រស្មី
«រណ្តៅថ្មី ដែលក្រុមហ៊ុនហាមមិនឲ្យពលរដ្ឋចូលកាយរើសអេតចាយ»។ រូបភាព៖ លោក ច័ន្ទ រស្មី
សៀមរាប​៖ យ៉ាងហោចណាស់​មាន​សំរាម​ប្រមាណ ៩០០​តោន ដែល​ត្រូវបាន​ស្ទះ​ក្នុង​ក្រុង​សៀមរាប ដោយសារ​ការខកខាន​មិនបាន​ប្រមូល​កាលពី​ដើមខែ កញ្ញា នេះ​។ អភិបាលក្រុង​សៀមរាប​បាន​បញ្ជាក់ថា ការប្រមូល​សំរាម​នៅក្នុង​ក្រុង​បាន​វិល​រក​សភាព​ដើម​វិញ បន្ទាប់ពី​រក​ដំណោះស្រាយ​រួមគ្នា​រួចមក​។​



​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​សំរាម​ប្រមាណ ៩០០​តោន ដែល​ស្ទះ​ក្នុង​ក្រុង ក្រោយពេល​ឡាន​ដឹក​សំរាម​របស់​ក្រុមហ៊ុន ហ្គា​អ៊ី​យ៉ា (Gaea) មិនបាន​ចូល​ដឹក​ចេញពី​ក្នុង​ក្រុង ចាប់ពី​ថ្ងៃទី​២៩ សីហា ដល់​ថ្ងៃទី​៣ កញ្ញា​។ តាម​លោក​អភិបាលក្រុង ការប្រមូល​សំរាម​បាន​វិល​ទៅរក​សភាព​ដើម​វិញ​ហើយ​នៅ​ថ្ងៃទី​៦ កញ្ញា ក្រោយ​ពេលដែល​អាជ្ញាធរ​បាន​សម្របសម្រួល និង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីលាន​ចាក់សំរាម​។​

​កាលពី​ថ្ងៃទី​២៩ ខែសីហា ប្រជាពលរដ្ឋ​ចំនួន ១៣០​នាក់ ដែល​ប្រក​បរបរ​រើស​អេតចាយ​នៅ ទីលាន​ចាក់សំរាម ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​បិទ​ចរាចរណ៍ មិន​ឲ្យ រថយន្ត​ដឹក​សំរាម ចេញចូល​ក្នុង​ទីលាន​។ ហេតុផល​ដោយសារ​ក្រុមហ៊ុន​សំរាម ហ្គា​អ៊ី​យ៉ា បាន​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​រើស​អេតចាយ ក្នុង​រណ្តៅ​ដែល​ទើបនឹង​ជីក​ថ្មី ដែលមាន​ជម្រៅ​រហូតដល់​ទៅជា​ង ១២​ម៉ែត្រ ព្រោះ​បារម្ភ​ពី​គ្រោះថ្នាក់​។​

​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង​បាន​បញ្ជាក់ថា ដំណោះស្រាយ​ដំបូង​នេះ គឺ​ក្រុមហ៊ុន​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ ១៣០​នាក់ ចុះ​រើស​អេតចាយ​ក្នុង​រណ្តៅ​នោះ​ធម្មតា ប៉ុន្តែ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។​

​គួរ​បញ្ជាក់ថា ក្រុង​សៀមរាប​មាន​សំរាម​ក្នុង​មួយថ្ងៃ​ប្រមាណ ៣០០​តោន​។ បច្ចុប្បន្ន​មានតែ ក្រុមហ៊ុន ហ្គា​អ៊ី​យ៉ា តែមួយ​ប៉ុណ្ណោះ ដែល​កំពុង​ប្រតិបត្តិ​ការដឹកនាំ​សំរាម​ចេញពី​ក្រុង​សៀមរាប ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន ២៧​គ្រឿង ទៅ​ចា​ក់នៅ​ទីលាន​សំរាម​នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​។ កន្លងមក អាជ្ញាធរ​ធ្លាប់បាន​បញ្ជាក់ថា សេវា​ប្រមូល​សំរាម​នៅក្នុង​ក្រុង ទេសចរណ៍​មួយ​នេះ​នៅមានកម្រិត​នៅឡើយ និង​ឲ្យ​ពលរដ្ឋ​មានការ​អធ្យាស្រ័យ​ខ្ពស់ យោគយល់​ចំពោះ​ភាពយឺតយ៉ាវ​នៃ​សេវា​ប្រមូល​សំរាម​នេះ​៕


Tag:
 សំរាម​
  សូរ ប្លា​តុង
© រក្សាសិទ្ធិដោយ thmeythmey.com