កីឡាជាតិ
ជាតិ
លោក ម៉ៃ តុលា​៖ គ្មាន​ភស្តុតាង​ដែល​នាំ​ឲ្យ​យើង​បើក​ការស៊ើបអង្កេត​លើ U22 ឡើយ​
08, Sep 2017 , 4:56 pm        
រូបភាព
​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​អះអាង​ពីភាព​ស្អាតស្អំ​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើស​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​។ អំណះអំណាង​របស់លោក ម៉ៃ តុលា ធ្វើឡើង​បន្ទាប់ពី​ការចុះផ្សាយ​របស់​កាសែត​សិង្ហ​បុរី The Straits Times ដែល​បាន​ដកស្រង់​ការវិភាគ​នានា​ជុំវិញ​ភាពមិនប្រក្រតី​ក្នុងការ​ប្រកួត​ចំនួន​៣​នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី ក្នុងនោះ​មាន​ជំនួប​ពីរលើក​របស់​កម្ពុជា​។​



«FFC បាន​ជួបប្រជុំ​ជាមួយ​ក្រុម​គ្រូបង្វឹក​ទាំងអស់ ដើម្បី​ស្តាប់​របាយការណ៍​នានា និង​ស្វែងរក​ភស្តុតាង​ណាមួយ​ទាក់ទង​នឹង​ការសង្ស័យ​។ យើង​បាន​សន្និដ្ឋានថា គ្មាន​តម្រុយ ឬ​ភស្តុតាង​ណាមួយ​ដែល​ឈានទៅដល់​ការស៊ើបអង្កេត​បន្ថែម​នោះឡើយ​នាពេល​បច្ចុប្បន្ន​»​។ លោក ម៉ៃ តុលា បាន​អះអាង​យ៉ាង​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ។​

​អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ជាក់​ផងដែរ​ថា ការកោះប្រជុំ​ជាមួយ​ក្រុម​គ្រូបង្វឹក​ឈុត U22 ធ្វើឡើង​បន្ទាប់ពី​កាសែត​សិង្ហ​បុរី បាន​សាកសួរ​ទៅ​សហព័ន្ធ​ទាក់ទង​នឹង​ការវិភាគ​លើ​ប្រព័ន្ធ​ភ្នាល់ ដោយ​សង្ស័យ​លើ​ភាពមិនប្រក្រតី​ចំនួន​៣​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ក្នុងនោះ​មានការ​ប្រកួត​ចំនួន​២​របស់​កម្ពុជា​។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត The Straits Times  កាលពី​ថ្ងៃទី​៧ ខែកញ្ញា អ្នកជំនាញ​នៅ​ក្រុមហ៊ុន​ភ្នាល់​បាល់ បានដាក់​ការសង្ស័យ​លើ​ការប្រកួត​ចំនួន​៣​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​កន្លងមក ដោយ​ពួកគេ​គិតថា ជា​ជំនួប​ដែល​កំណត់​លទ្ធផល​ទុក​មុន​។​

​ជំនួប​ទាំងបី​រួម​មានការ​ប៉ះគ្នា​រវាង​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី និង​ឡាវ កម្ពុជា​ជាមួយនឹង​វៀតណាម បន្ទាប់មក​ជាមួយ​ថៃ ត្រូវបាន​អ្នកជំនាញ​វិភាគ​ខាង​ល្បែងភ្នាល់​ចាត់ទុកថា មាន​ភាពមិនប្រក្រតី ដែល​ហាក់ដូចជា​ដំណើរការ​ទៅតាម​ការរៀបចំ​ណាមួយ​។​

​ក្រុម U22 កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino បានបញ្ចប់​ចំណាត់ថ្នាក់​ចុងក្រោយ​នៅក្នុង​ពូ​ល B នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​កន្លងមក ដោយ​ចាញ់​ទាំង​៥​ប្រកួត​ក្នុងនោះ ចាញ់​ហ្វីលីពីន ២-០ ចាញ់​វៀតណាម ៤-១ ចាញ់​ថៃ ៣-០ ចាញ់​ទី​ម័​រ​ខាងកើត ១-០ និង​ចាញ់​ឥណ្ឌូណេស៊ី ២-០ ៕


Tag:
 បាល់ទាត់​
  U22
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com