ជាតិ
សង្គមជាតិ
មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​អប់រំ ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម
08, Sep 2017 , 9:39 pm        
រូបភាព
ដោយ:
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គេហទំព័រ​ថ្មី​មួយ គឺ www.khmerrougehistory.org នៅ​ថ្ងៃទី​៨ ខែសីហា​នេះ​។ ជា​គេហទំព័រ​អប់រំ​សិស្ស និស្សិត យុវជន យុវនារី អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ គេហទំព័រ​នេះ បង្កើតឡើង ដើម្បី​ថែរក្សា​ប្រវត្តិសាស្ត្រ ឲ្យ​នៅមាន​ជីវិត ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​កម្ពុជា និង​រចនា​ឡើង ដើម្បី​ទាក់ទាញ​សិស្ស និស្សិត និង​យុវជន​កម្ពុជា ឲ្យ​ស្វែងយល់​ពី​ឯកសារ​ឌីជីថល​ដ៏​សម្បូរបែប របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ គេហទំព័រ​នេះ មាន​បញ្ចូល​ឯកសារ​ជាច្រើន​បែប​ដូចជា ឯកសារ​វីដេអូ  សំឡេង រូបថត និង​សាក្សី​រស់ ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែ​ក្រហម​ផងដែរ​។



​គេហទំព័រ​នេះ បង្កើតឡើង ដើម្បី​ថែរក្សា​ប្រ​ត្តិ​សាស្ត្រ​ឲ្យ​នៅមាន​ជីវិត និង​ធ្វើយ៉ាងណា​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ ផ្សារភ្ជាប់​នឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជាជន​កម្ពុជា ក្នុងនោះ​ប្រមាណ​៧០​ភាគរយ បានកើត​ក្រោយ​ក្រោយ​របប​ខ្មែរក្រហម​។ គោលដៅ​ម​ផ្សេងទៀត គឺ​ដើម្បី​ធានាថា​យុវជន​កម្ពុជា​ជំនាន់​ក្រោយ បាន​យល់​ពី​ការកកើតឡើង​នៃ​របប​ប្រល័យពូជសាសន៍ និង​នរណា​ជា​មេដឹកនាំ ក្នុងអំឡុង​ឆ្នាំ​១៩៧៥-១៩៧៩ ដែល​នាំ​ឲ្យ​មនុស្ស​យ៉ាងហោច ១​លាន ៧​សែន​នាក់​ស្លាប់​។​



​គេហទំព័រ​នេះ ចែកចេញជា​ផ្នែក​តូចៗ​ដូចជា ផ្នែក​កាល​ប្បវត្តិ ដែលមាន​រៀបរាប់​ពី​ព្រឹត្តិការណ៍​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​១៩២០ ដល់​ឆ្នាំ​២០១៥ ។ ផ្នែក​សព្វវចនាធិប្បាយ គឺ​ដាក់បញ្ចូល​ខ្លឹមសារ​ខ្លីៗ រៀបរាប់​ពីរ​បប​ខ្មែរក្រហម មាន​៤០​ជំពូក ក្នុងនោះ​មាន​ទាំង​អ្នកទោស​គុក​ទួលស្លែង ប៉ុល ពត ការរៀប​ការ​ដោយ​បង្ខំ និង​សាលាក្ដី​ខ្មែរក្រហម​។ ផ្នែក​ទំព័រ​ប្រវត្តិ រួមមាន​រឿងរ៉ាវ​ផ្ទាល់ខ្លួន​នៃ​កម្មាភិបាល និង​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​។ ផ្នែក​វីដេអូ មាន​ឯកសារ​វីដេអូ​ជាច្រើន សម្រាប់​ទស្សនា និង​ស្ដាប់ឮ​ផ្ទាល់ ពី​បុគ្គល​នីមួយៗ​ដែល​រៀបរាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​។

​គេហទំព័រ​នេះ ត្រូវបាន​ត​ភ្ជាប់​ជាមួយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ផងដែរ ដែល​អនុញ្ញាត​ឲ្យ​អ្នកទស្សនា អាច​មើល​ឯកសារ​អប់រំ​បន្ថែមទៀត ក៏ដូចជា​អាច​ចែករំលែក​ទស្សនៈ​ផ្ទាល់ខ្លួន អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​បទពិសោធ​របស់​គ្រួសារ​ដែល​ធ្លាប់​ឆ្លងកាត់​ក្នុងសម័យ​ខ្មែរក្រហម​។​



​នៅក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​គេហទំព័រ​ថ្មី របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​អគារ​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត នៅ​ថ្ងៃទី​៨ ខែកញ្ញា  អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី ទន់ សា​អ៊ី​ម បាន​ថ្លែងថា ការបង្កើត​គេហទំព័រ​ថ្មី របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​ផ្ដល់​ភាពងាយស្រួល និង​កាន់​តែមាន​វិសាលភាព អាច​ជំនួស​ឲ្យ​ការបោះពុម្ព​សៀវភៅ​រាប់លាន​ក្បាល​។ គេហទំព័រ​ថ្មី​នេះ នឹង​រួមចំណែក​ធ្វើ​ឲ្យ​វិស័យ​អប់រំ​កម្ពុជា កាន់តែ​ប្រសើរឡើង ពិសេស​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ និង​អប់រំ​យុវជន​កម្ពុជា​ឲ្យ​យល់​កាន់តែច្បាស់ ពី​វិនាសកម្ម​ដែល​កើតឡើង​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។​


             អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ស្រី ទន់ សាអ៊ីម

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា  បាន​លើកឡើងថា ប្រ​ទស​កម្ពុជា នឹងមិន​អាច​គេច​ចេញពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​បានឡើយ ប៉ុន្តែ​កម្ពុជា ក៏​មិនត្រូវ​ក្លាយជា​ទាសករ​នៃ​របប​ខ្មែរក្រហម​ដែរ​។ លោក បាន​បន្តទៀតថា សង្គម​មួយ​មិនអាច​ស្គា​ល់ពី​ខ្លួនឯង​បានឡើយ ប្រសិនបើ​សង្គម​នោះ ពុំ​ចងចាំ​យ៉ាងពិត​ប្រាកដ ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឯង​។

​លោក ខេ​ល ជេ​ម អ្នក​ប្រឹក្សា​យោបល់​ឲ្យ​អង្ក​កា​ររ​អភិវឌ្ឍន៍ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង​(DW Akademie) ដែល​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បង្កើត​គេហទំព័រ​ថ្មី​នេះ បាន​លើកឡើងថា មូល​ហេតុដែល​បង្កើត​គេហទំព័រ និង​ហ្វេ​ស​ប៊ុ​ក​នេះ​ឡើង គឺ​ដើម្បី​បង្កើត​ទម្រង់​មួយ ដែល​បើកឱកាស​ឲ្យ​យល់​កាន់តែ​ជ្រៅ ពី​ប្រវត្តិសាស្ត្រ​កម្ពុជា និង​លើកទឹកចិត្ត​ឲ្យ​មាន​កិច្ចសន្ទនា ពី​មូលហេតុ​ដែល​របប​ខ្មែរក្រហម បាន​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។


        នាយកផ្នែកស្រាវជ្រាវមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ស្រី ហ្វារីណា សូ

​លោកស្រី ហ្វា​រី​ណា សូ នាយក​ផ្នែក​ស្រាវជ្រាវ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា មុននឹង​បង្កើត​គេហទំព័រ​នេះ មានការ​ស្រាវជ្រាវ​ជាច្រើន ដោយបាន​ចម្រាញ់​ចេញពី​សៀវភៅ​សិក្សា និង​គ្រប់​មជ្ឈដ្ឋាន​គ្រប់​ប្រភព​។ ការស្រាវជ្រាវ មិន​ត្រឹមតែ​ផ្តោត​សំខាន់​ទៅលើ​ប្រវត្តិសាស្ត្រ​របប​ខ្មែ​ក្រហម (​កម្ពុជា​ប្រជាធិបតេយ្យ​១៩៧៥-១៩៧៩) ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ប្រវត្តិ​មុន និង​ក្រោយ​របប​ខ្មែរក្រហម​ដែរ​៕




Tag:
 ខ្មែរក្រហម​
 ​ គេហទំព័រ​
 ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com