កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជា​ប៉ះ​ម៉ាឡេស៊ី ទី​ម័​រ​ជួប​ឡាវ មុន​សិង្ហ​បុរី​ប្រជែង​ជាមួយ​ថៃ​
10, Sep 2017 , 12:39 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ម៉ាឡេស៊ី​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់ AFF U18 Championship 2017 នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​នេះ​នៅ​កីឡដ្ឋាន Thuwunna Stadium​។ U18 ទី​ម័​រ​ខាងកើត​ជួប​ឡាវ​នៅ​កីឡដ្ឋាន Aung San Stadium មុន​សិង្ហ​បុរី​តទល់​ជាមួយ​ថៃ Thuwunna Stadium​។



​ក្រោយ​រង​ការបរាជ័យ​ក្រោយ​ស្នាដៃ​ថៃ ១-០ នា​ជំនួប​លើក​ទី​៣ ក្រុម U18 កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Inoue Kazunori ត្រូវ​បន្ត​ជួប​ក្រុម​ម៉ាឡេស៊ី​នា​ជំនួប​លើក​ទី​៤​វគ្គ​ជម្រុះ​ពូ​ល A ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១០ កញ្ញា​នេះ​នៅ​កីឡដ្ឋាន Thuwunna Stadium នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នេះ​ជា​ប្រកួត​បង្គ្រប់កិច្ច​សម្រាប់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា ក្រោយ​ក្រុម​កម្ពុ​ជាមួយនេះ​បាន​ប្រកួត​ចាញ់​ថៃ ១-០ នា​ជំនួប​ទី​៣ ស្មើ ១-១ ជាមួយ​ទី​ម័​រ​ខាងកើត​ក្នុងជំនួប​ទី​២ និង​ចាញ់​សិង្ហ​បុរី ៥-៣ ក្នុងជំនួប​បើកឆាក​។ ចំណែក​៣​ប្រកួត​របស់​ម៉ាឡេស៊ី គឺ​យកឈ្នះ​ឡាវ ៤-១ ឈ្នះ​សិង្ហ​បុរី ៣-១ និង​ឈ្នះ​ទី​ម័​រ​ខាងកើត ៣-០​។

​បើតាម​ប្រវត្តិ​ជួបគ្នា​រវាង​ក្រុម​ទាំងពីរ​កន្លងមក​កម្ពុ​ជា​មិន​ធ្លាប់​ទម្លុះ​សំណាញ់​ទី​របស់​ម៉ាឡេស៊ី​នោះទេ​។ ក្នុងនោះ​នៅ​ឆ្នាំ​២០០៣ កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-០ បន្ទាប់មក​នៅ​ឆ្នាំ​២០១១ នៅលើ​ទឹកដី​មី​យ៉ាន់​ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី ដោយ​រក្សា​លទ្ធផល​ស្មើ ០-០​។​

​ជាមួយគ្នានេះ U18 ទី​ម័​រ​ខាងកើត​ត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ឡា​វនា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​ផងដែរ នៅ​កីឡដ្ឋាន  Aung San Stadium​។ ទាំង​ទី​ម័​រ​ខាងកើត និង​ឡាវ​សុទ្ធតែ​មិន​ស្គាល់​ជ័យជម្នះ​ដូចគ្នា​សម្រាប់​បី​ប្រកួត​កន្លងមក ក្នុងនោះ​ឡាវ​ចាញ់​ទាំងបី​ប្រកួត ខណៈ​ទី​ម័​រ​ខាងកើត​ចាញ់​២ និង​ស្មើ​១​។

​ក្រៅពី​ជំនួប​ពីរ​គូ​ខាងលើ​ក៏មាន​ការប្រកួត​ដ៏​សំខាន់​១​គូ​ទៀត​ផងដែរ គឺ​រវាង U18 សិង្ហ​បុរី​ជាមួយ U18 ថៃ ដែល​រៀបចំ​នៅ​កីឡដ្ឋាន Thuwunna Stadium នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​។ យើង​អាច​និយាយបានថា វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​ប្រចាំ​ថ្ងៃនេះ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ទាមទារ​ឈ្នះ​ដូចគ្នា ដើម្បី​រក្សា​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។ បច្ចុប្បន្ន​ថៃ​ឈរ​កំពូល​តារាង​ដោយមាន​៩​ពិន្ទុ ឯ​សិង្ហ​បុរី​ឈរ​លេខ​រៀង​ទី​៣​មាន​៦​ពិន្ទុ ខណៈ​ក្រុម​ទាំងពីរ​សុទ្ធតែ​នៅសល់​១​ប្រកួត​ចុងក្រោយ​ដូចគ្នា​៕  


Tag:
 បាល់ទាត់​
  AFF U18
© រក្សាសិទ្ធិដោយ thmeythmey.com