ជាតិ
មានតែ​លោក​ លី ធា​ម​តេង ម្នាក់​ប៉ុណ្ណោះ ដែល​អធិរាជ​សំឡេង​មាស លោក​ស៊ីន ស៊ី​សាមុត ទៅ​ច្រៀង ក្នុង​ពិធីមង្គលការ​
10, Sep 2017 , 4:59 pm        
រូបភាព
ដោយ:
​ភរិយា​របស់លោក​ លី ធា​ម​តេង អតីត​អគ្គលេខា​សមាគម​អ្នកនិពន្ធ​ខ្មែរ ទសវត្សរ៍​៥០ ដល់​៧០ គឺ​លោកស្រី លី ធី​រៈ ឈ្មោះ​ដើម អ៊ា​ម គីម​ហួយ អតីត​សាស្ត្រាចារ្យ នៅ​សាលា​ចំរើន​វិជ្ជា បាន​មានប្រសាសន៍ថា លោកស្រី​ពិតជា​មាន​មោទនភាព​ណាស់ ព្រោះ​មានតែ​គូ​អាពាហ៍ពិពាហ៍​របស់លោក​ស្រី​ទេ ដែលមាន​ភ​ព្វ​វាសនា ត្រូវបាន​អធិរាជ​សំឡេង​មាស​លោក​ស៊ីន ស៊ី សាមុត មក​ចូលរួម និង​ច្រៀង​កំដរ ក្នុង​ពិធី​ទទួលភ្ញៀវ ដែល​អញ្ជើញ​មក​ទទួល​ភោ​ជនី​ហារ​។ លោកស្រី និង​លោក លី​ធា​ម​តេង រៀបការ​ក្នុងអំឡុង​ឆ្នាំ​១៩៥៥​។​



​លោកស្រី​បន្ត​ទាំង​មោទនភាព​ថា កត្តា ដែល​ជំរុញ​ឲ្យ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត អញ្ជើញ​មក​ច្រៀង​ក្នុង​មង្គលការ​របស់លោក​ស្រី និង​លី ធា​ម​តេង​បាន គឺ​ដោយសារ លោក​លី ធា​ម​តេង និង​លោក​ស៊ីន ស៊ី​សាមុត គឺជា​មិត្តភក្តិ​ដ៏​ស្និទ្ធស្នាល​នឹង​គ្នា តាំងពី​នៅ​យុវ​កំ​ឡោះ​រៀងៗ​ខ្លួន​។

​លោកស្រី​ធី​រៈ បញ្ជាក់ទៀតថា មុនពេល​លោក​ស៊ីន ស៊ី​សាមុត​ល្បី​ខ្លាំង ឬ​ទើបតែ​ចាប់ផ្តើម​ល្បី តិចៗ គឺ​រាល់​អត្ថបទ បទ​ចម្រៀង ដែល​លោក​ស៊ីន ស៊ី​សាមុត​ច្រៀង គឺ​លោក លី ធា​ម​តេង​ជា អ្នកនិពន្ធ​ឲ្យ ដោយ​មិន​គិត​កំរៃ​។ លោកស្រី​បាន​បន្តថា លោក ស៊ីន ស៊ី​សាមុត តែងតែ​អញ្ជើញ មក​យក​អត្ថបទ​ចម្រៀង​នៅផ្ទះ​លោកស្រី នៅវេលា​ព្រឹក​ឡើង ឬ​ជួនកាល​ឲ្យ​គេ​មក​យក​ជំនួស ឯ​លោ​កលី ធា​ម​តេង តែងតែ​ក្រោក​ពី​ម៉ោង​៤​ទាបភ្លឺ សរសេរ​អត្ថបទ​ចម្រៀង​សម្រាប់​លោក​ស៊ីន ស៊ី​សាមុត​។



​លោកស្រី​លើកឡើង​ទៀតថា មនោសញ្ចេតនា​មិត្តភាព រវាង​លោក​លី ធា​ម​តេង និង​លោក​ស៊ីន ស៊ី​សាមុត លើសពី​បងប្អូន​បង្កើត ព្រោះ​ពួកគាត់​តែងតែ​ពិភាក្សាគ្នា នៅពេល​ចង់​ធ្វើ​អ្វីមួយ ប៉ុន្តែ​ក្រោយមក ដោយសារ​មានការ​មរ​មា​ញឹក​ខ្លាំង ទើប​លោក​លី ធា​ម​តេង ប្រាប់​ទៅ​លោក​ស៊ីន ស៊ី​សាមុត ឲ្យ​សរសេរ​ខ្លួនឯង ឬក៏​ទៅរក​អ្នកផ្សេង​ឲ្យ​គេ​ជួយ​សរសេរ​ឲ្យ​(​សាមុត​អើយ ខ្ញុំ​រវល់​ណាស់​ឥឡូវ សាមុត​ឯង សរសេរ​ខ្លួនឯង​ខ្លះទៅ តែបើ​ពេលណា​ទំនេរ ខ្ញុំ​នឹង​ជួយ​ដដែល​)​។ លោក​លី ធា​ម​តេង ជា​អ្នកជំនាញ​ខាង​ឧបករណ៍​តន្ត្រី ម៉ុង​ដូលី​ន ដូច​លោក ស៊ីន ស៊ី​សាមុត​ដែរ តែ​លោក​បាន​បោះបង់​វា​ចោល​នៅពេល​លោក​ងាក​មក​ធ្វើការ​ផ្នែក​អក្សរសាស្ត្រ​។​

​លោកស្រី​ពណ៌នា​ថា លោក​ស៊ីន ស៊ី​សាមុត ជា​មនុស្ស​សុភាពរាបសា​រ រួសរាយ​រាក់ទាក់ គឺជា​មនុស្ស​ល្អ​ណាស់ ក្នុងចំណោម​បុរសៗ​ល្បីៗ ដទៃទៀត ដែល​លោកស្រី​ស្គាល់​។​

​គួររំលឹកថា លោក​លី ធា​ម​តេង គឺជា​ជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ ជាមួយ​លោក​លាង ហាប់​អាន លោក ហ៊ែ​ល ស៊ុំ​ផា លោក ម៉ា​ឡាយ​ខេ​ម តែ​លោក​មិនដែល​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​ទេ​។ លោក​សមាជិក​ក្រុម​អភិបាល​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ចំនួន​១៥​លើក​ជា​នាយផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ក្រសួង​ធម្មការ​និង ជា​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​។​



​លោក​លី ធា​ម​តេង ជា​បញ្ញា​វ័​ន្ត​ខ្មែរ​ម្នាក់​ក្នុងចំណោម ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តកំពង់ធំ​។ លោក​ត្រូវគេ​ចាប់ខ្លួន ក្នុងអំឡុង​ខែមេសា ឆ្នាំ​១៩៧៨ ក្រោយពី​គេ​ស៊ើប​ដឹងថា លោក​គឺជា​បញ្ញា​វ័​ន្ត​ខ្មែរ​ដ៏​ល្បីល្បាញ ពី​ទសវត្សរ៍​៥០ ដល់​៧០ ព្រោះ​លោក​លី ធា​ម​តេង ជា​សាស្ត្រា បង្រៀន​នៅ​សាលា​ចំរើន​វិជ្ជា ជាមួយ​សា​ឡុ​ត ស ហៅ​ប៉ុលពត លោក​ខៀវ សំផន លោក​ហ៊ុយ នឹម ជាដើម ធ្វើ​ឲ្យ​គេ​ច្រឡំ​លោក​ថា ជា​លោក​ខៀវ សំផន​ផងដែរ​។ នៅ​ឆ្នាំ​១៩៥៨ លោក​បាន​ទៅ​ចូលរួម​ស​ន្និសិទ​អ្នកនិពន្ធ​អាហ្វ្រិក​-​អាស៊ី នៅ​តា​ស្កេ​ន​ (Tashkent) ​ក្នុង​សហភាពសូវៀត​។​

​ស្នាដៃ​សំខាន់ៗ​របស់លោក ដែល​បាន​បោះពុម្ពផ្សាយ​រួច មាន រឿង រំដួល​ភ្នំ​គូ​លេន​, ប្រលោមលោក​, ភ្នំពេញ​, ១៩៥៤​។​
​រឿង រស្មី​ចិត្ត​, ប្រលោមលោក​, ភ្នំពេញ​, ១៩៥៥(១៩៥៤)
 រឿង ព្រះ​បរម​រាជា​, ប្រលោមលោក​, ភ្នំពេញ​, ១៩៥៥
​រឿង សិរី​ស្វេតច្ឆត្រ​, ប្រលោមលោក​, ភ្នំពេញ​, ១៩៥៥, (១៩៥៤)
​រឿង សុ​បិ​ន្ត​ពេលយប់​, ប្រលោមលោក​, ភ្នំពេញ​, ១៩៥៥
​ពង្សាវតារ​ខ្មែរ​សង្ខេប​, សិក្សា​កថា​, ១៩៥៩
​អក្សរសាស្ត្រ​ខ្មែរ​, សិក្សា​កថា​, ១៩៦០
​ពង្សាវតារ​ប្រទេស​កម្ពុជា​, សិក្សា​កថា​,១៩៦៤
​រឿង ឆ្លង​ពពក​ស្អាប់​, ប្រលោមលោក​, ភ្នំពេញ​, ១៩៦៦
​រឿង នារី និង​បុប្ផា​, ប្រលោមលោក​, ភ្នំពេញ​, ១៩៦៧
​វិវត្តន៍​នៃ​អក្សរសាស្ត្រ​ខ្មែរ​, សិក្សា​កថា​, ១៩៧២
​បកប្រែ អត្ថបទ ប្រពៃណី​អ្នកស្រុក​ចេនឡា ពី​ភាសា​ចិន​របស់លោក​ជីវ តាក្វាន់​
​សៀវភៅ អ្នកនិពន្ធ​ល្បីឈ្មោះ​របស់​ខ្មែរ​, សិក្សា​កថា​, ភ្នំពេញ​, ឆ្នាំ​១៩៧២​។​


© រក្សាសិទ្ធិដោយ thmeythmey.com