ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​?
18, Sep 2017 , 8:39 am        
រូបភាព
ដោយ:
​ទឹកដី អក្សរ ភាសា ជនជាតិ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ និង​វប្បធម៌​ជាដើម សុទ្ធតែ​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជាតិ​នីមួយៗ​។ តើ​យុវជន​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​កម្ពុជា​?



​កញ្ញា ហ៊ួ ណៃ​ហ៊ាន មន្ត្រី​ជាប់កិច្ចសន្យា​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា យល់ឃើញថា ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​កម្ពុជា យុវជន​ត្រូវ​ស្គាល់​ពី​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​ឱ្យ​ច្បាស់ និង​ត្រូវ​គាំទ្រ ការពារ និង​ថែរក្សា​អត្តសញ្ញាណ​ជាតិ​ដែល​ខ្លួន​មាន​។   មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវជន​ក៏ត្រូវ​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ជាតិ​ឱ្យ​មនុស្ស​ជុំវិញខ្លួន និង​ជាតិ​សាសន៍​ដទៃ​បាន​ស្គាល់​។ នេះ​ជាការ​បន្ថែម​របស់ កញ្ញា ណៃ​ហ៊ាន ដែល​បន្តថា​៖«​ប្រសិនបើ​មានលទ្ធភាព យុវជន ត្រូវ​ចូលរួម​ការងារ​សង្គម​ជាតិ ឬ​អន្តរជាតិ​នានា ក្នុង​ចលនា​ផ្សព្វផ្សាយ និង​លើកស្ទួយ​អត្តសញ្ញាណ​ជាតិ​»​។​



​ស្រដៀង​គ្នា​នឹង​យុវតី​ខាងលើ​ដែរ លោក យ៉ាន់ ឧ​ត្ត​ម ប្រធាន​អតីត​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​ដែរ​។ សម្រាប់​ឧ​ត្ត​ម ក្រៅតែពី​ការស្វែងយល់​ថា​អត្តសញ្ញាណ​ជាតិខ្មែរ មាន​អ្វីខ្លះ​ហើយ យុវជន​ត្រូវ​ចូលរួម​លើកស្ទួយ និង​អនុវត្ត​អត្តសញ្ញាណ​ជាតិ​ដែលមាន​ស្រាប់ ជាមួយនឹង​ការច្នៃប្រឌិត​បន្ថែម​ដើម្បី​ឲ្យ​អត្តសញ្ញាណ​ជាតិ​រវិ​វត្ត​ទាន់​សម័យកាល​ផង​។​



​ចំពោះ​យុវជន ហួ តុលា ស្ថាបនិក The Perspectives of Cambodia​វិញ  គ្រាន់តែ​រៀន​ឲ្យ​ពូកែ ក៏​អាចជួយ​លើកកម្ពស់​អត្តសញ្ញាណ​កម្ពុជា​ដែរ​។ យុវជន​រូបនេះ ពន្យល់​បន្ថែម​ដូច្នេះ​៖«​ជាក់ស្តែង​យុវជន​គោរព​ច្បាប់​ចរាចរណ៍ ឬ​និស្សិត​ខ្មែរ រៀន​ពូកែ​នៅឯ​បរទេស បានធ្វើ​ឲ្យ​បរទេស​ឃើញថា ខ្មែរ​គឺ​ខ្លាំង ខ្មែរ​គឺ​ពូកែ​។ នេះ​គ្រាន់តែ​រៀន​ពូកែ ចុះ​ទម្រាំ​តែ​យុវជន​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ផលិតផល​ខ្មែរ និង​ប្រាសាទខ្មែរ តើ​យុវជន​បាន​ជួយ​លើកកម្ពស់​ប៉ុណ្ណា​?»​។



​លោក ហួ តុលា ក៏​លើកទឹកចិត្ត​ឲ្យ​យុវជន​ផ្សព្វផ្សាយ​ពី​ភាពជោគជ័យ និង​ចំណុច​វិជ្ជមាន​របស់​ប្រទេស   ឲ្យ​ច្រើនជាង​ផ្សព្វផ្សាយ​ពី​ចំណុច​អវិជ្ជមាន ដែល​លោក ហួ តុលា យល់ថាមិនបាន​ចំណេញ​ដល់​កម្ពុជា​ឡើយ​។

​សម្រាប់​កញ្ញា ហ៊ួ ណៃ​ហ៊ាន អត្តសញ្ញាណ​ជាតិ​នឹង​ប្រឈម​ការបាត់បង់ ប្រសិនបើ​យុវជន​មិន​ស្គាល់​អត្ត​សញ្ញជាតិ​ខ្លួនឯង និង​​និយម​សម្ភារ និង​វប្បធម៌​បរទេស​។ មន្ត្រី​ជាប់កិច្ចសន្យា​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖« ការណ៍​ដែល​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ជាតិ​ខ្លួនឯង និង​ទទួលយក​វប្បធម៌​ជាតិ​សាសន៍​ដទៃ​ហួសហេតុ​ពេក អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​ជាតិ ហើយ​ការប្រព្រឹត្ត​បទល្មើស អំពើ​ពាលា​អាវាសែ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​ទៀតផង​»​។ 

​ជារួម​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ យុវជន​ខ្មែរ ត្រូវ​ស្គា​ល់ពី​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​ឱ្យ​ច្បាស់​។ ម្យ៉ាងទៀត យុវជន​ត្រូវ​គាំទ្រ ការពារ ថែរក្សា និង​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ដែលជា​តិ​ខ្លួន​មាន​ឱ្យ​មនុស្ស​ជុំវិញខ្លួន និង​ជាតិ​សាសន៍​ដទៃ​។ ក្រៅពីនេះ យុវជន​ត្រូវ​ចេះ​ច្នៃប្រឌិត​បន្ថែមទៀត ដើម្បី​ឲ្យ​អត្តសញ្ញាណ​ជាតិ​វិ​វត្ត​ឲ្យ​ទាន់​សម័យកាល​៕
 

Tag:
 យុវជន​
 ​ អត្តសញ្ញាណ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com