ជាតិ
សិស្ស​ពិការភ្នែក គរ​ថ្លង់​ក្នុង​ខេត្តកំពង់ចាម ១១​នាក់ ប្រឡង​ជាប់​បាក់​ឌុប​
12, Sep 2017 , 12:00 pm        
រូបភាព
ដោយ:
​សិស្ស​ពិការភ្នែក គរ​ថ្លង់ ១១​នាក់ ដែល​រៀន​នៅ​សាលា​កុមារ​ពិការភ្នែក និង​គរ​ថ្លង់​កំពង់ចាម បាន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៦-២០១៧​នេះ​។



«​យើង​បានដាក់​សិស្ស​ប្រឡង​ទាំងអស់​១១​នាក់ ក្នុងនោះដែរ​សិស្ស​ពិការ​មាន​៩​នាក់ និង​សិស្ស​គរ​ថ្លង់​២​នាក់ ហើយ​បាន​ជាប់​ទាំងអស់ សិស្ស​ដែល​ប្រឡង​ជាប់​មាន​និ​ទេ្ទ​ស D និង E »​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគរ​ថ្លង់​កំពង់ចាម លោក កែវ ផល្លី ដែល​បាន​បន្ថែមថា សិស្ស​ពិការភ្នែក ដែល​ប្រឡង​ជាប់​បាក់​ឌុប នឹង​បន្តទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ ។ ប៉ុន្តែ​សម្រាប់​សិស្ស​គរ​ថ្លង់​វិញ មិនអាច​ទៅ​បន្ត​នៅ​សាកលវិទ្យាល័យ​បានទេ ។​

​ត្រង់ចំណុច​នេះ​លោកនាយក​សាលា​កុមារ​ពិការភ្នែក និង​កុមា​រគរ​ថ្លង់​កំពង់ចាម​រូបនេះ បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​សាលារៀន​នេះ នឹង​ពិគ្រោះ​យោបល់​ជាមួយ​បេក្ខជន​ពិការភាព​ទាំង​១១​នាក់​នេះ​។ លោក កែវ ផល្លី បាន​ពន្យល់​ដូច្នេះ​ថា ៖« កន្លងមក​ប្អូនៗ​ពិការ​ពួកគាត់​ចង់​រៀន​បន្តទៀត ហើយ​ចំពោះ​ប្អូនៗ​ដែល​គរ​ថ្លង់​មិន​ចង់​រៀន​ទេ ដោយសារតែ​ពិបាក​ព្រោះ​មិនមាន​អ្នកជំនាញ​ពន្យល់​អំពី​ភាសាគរ​ថ្លង់​នេះ ដល់​ពួកគាត់​នៅពេលដែល​រៀន​។ ហើយ​នៅ​សាលា​នេះ មាន​អ្នក​ប្រឹក្សា​យោបល់​ជាមួយ​ពួកគាត់ ថាបើ​ចង់ទៅ​រៀន​នឹង​រក​សាលា​ឲ្យ​រៀន ហើយ​បើ​ចង់​ធ្វើការ​នឹង​រក​កន្លែងធ្វើការ​ឲ្យ​ពួកគេ​» ។​

​សាលា​កុមារ​ពិការភ្នែក កំពង់ចាម បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០២ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ សាលា​នេះ​មានឈ្មោះ​ពេញ​ថា សាលា​កុមារ​ពិការភ្នែក និង​កុមា​រគរ​ថ្លង​កំពង់ចាម​។ នៅក្នុង​ឆ្នាំ​២០១៤ ដែល​ក្រសួង​អប់រំ បាន​រឹតបន្តឹង​គុណភាព​អប់រំ​នោះ សាលា​ពិការ គ​ថ្លង់​កំពង់ចាម នេះ បានចាប់ផ្ដើម​ដាក់​សិស្ស​ប្រឡង​បាក់​ឌុប ដោយ​កាលនោះ​មាន​សិស្ស​ប្រឡង​ជាប់​ពី ៧​ទៅ​១០​នាក់​។ គិត​ចាប់ពី​ឆ្នាំ​២០១៤ ដល់​២០១៧​នេះ មាន​សិស្ស​ពិការភ្នែក និង​គរ​ថ្លង់​បាន​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ជាប់​ប្រមាណ​៤៥​នាក់​ហើយ​។ នេះ​បើតាម​លោក កែវ ផល្លី​៕

Tag:
 បាក់​ឌុប​
 ​ ពិការភ្នែក​
 ​ គរ​ថ្លង់​
© រក្សាសិទ្ធិដោយ thmeythmey.com