ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី នឹង​បង្កើត​សមាគម​ខ្មែរ​មួយ​នៅ​បារាំង ដោយ​អះអាងថា​គ្មាន​ចំណង​ជាមួយ​បក្ស​ណា​ឡើយ​
12, Sep 2017 , 12:24 pm        
រូបភាព
ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​បង្កើត​សមាគម​ខ្មែរ​មួយ នៅ​ប្រទេស​បារាំង ដែល​លោក​អះអាងថា ក្នុង​គោលបំណង​បង្រួបបង្រួម និង​ឯកភាព​ជាតិ នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​លោក សម រង្ស៊ី បាន​បញ្ជាក់ថា សមាគម​ដែល​គ្រោង​បង្កើតឡើង​មាន​ជា​ឈ្មោះថា «​សមាគម​ដើម្បី​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​» ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បារាំង បាន​និយាយថា មូលហេតុ​ដែល​លោក​បង្កើត​សមាគម​នេះ​ឡើង ក្នុង​បំណង​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ជាតិ ដើម្បី​សម្រេចបាន​នូវ​ឯកភាព​ជាតិ ដោយមាន​លទ្ធិប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​។​
 
​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយសារតែ​ខ្ញុំ​ឈប់​ជា​សមាជិក​គណបក្សនយោបាយ​ណាមួយ​ហើយ និង​ឈប់​មាន​តួនាទី ឬ​មុខងារ​នយោបាយ​អ្វី​ឡើយ​។ ខ្ញុំ​មាន​សេរីភាព​ពេញលេញ នៅពេលនេះ​ដោយ​គ្មាន​ចំណង​ជាមួយ​គណបក្ស​ណា ឬ​ក្រុម​នយោបាយ​ណាមួយ​ឡើយ​។​សមាគម​យើង​នឹងត្រូវ​បង្កើតឡើង តាមច្បាប់​ប្រទេស​បារាំង …​។​យើង​នឹង​បើកទ្វារ​សមាគម​យើង​ឲ្យ​មិត្ត​ប្រទេស​កម្ពុជា មាន​គ្រប់​សញ្ជាតិ ចូល​ធ្វើជា​សមាជិក​ផងដែរ ដរាបណា​មិត្ត​បរទេស​ទាំងនោះ ចង់បង្ហាញ​ពី​ការអាណិតអាសូរ ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ហើយ​ចង់​គាំទ្រ​សកម្មភាព​របស់​យើង ដោយ​សន្តិវិធី ដើម្បី​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​»​។​
 
​បន្ថែម​ពីនេះ​លោក សម រង្ស៊ី បាន​អះអាង​ដូច្នេះ​ថា​៖«​សមាគម​យើង មិន​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ទេ ហើយក៏​មិន​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ដែរ​។ សមាគម​យើង​គ្រាន់តែ​គាំទ្រ គោលការណ៍​ប្រជាធិបតេយ្យ ដែលមាន​លក្ខណៈ​ជាស​កល ហើយ​យើង​នឹង​ខិតខំ​ជម្រុញ​ឲ្យ​មានការ​គោរព និង​អនុវត្ត គោលការណ៍​ទាំងនេះ យ៉ាង​ជាក់ស្តែង​និង​ជាប្រចាំ​»​។​
 
​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី ដែល​ហ៊ុំព័ទ្ធ​ដោយ​បណ្តឹង​រហូតដល់​ទៅ​៨ ភាគច្រើន​ប្តឹង​ដោយ​សកម្មជន​និង​មេដឹកនាំ​នៃ​គណបក្សកាន់អំណាច​។ បណ្តឹង​ចំនួន​៥ ត្រូវបាន​កាត់ក្តី​រួចរាល់ ហើយ​បណ្តឹង​ចំនួន​៣​ទៀត កំពុងតែ​ដំណើរការ​នៅឡើយ​ទេ​។ 
 
​បើ​សរុប​ទោសកំហុស ដែល​តុលាការ បានសម្រេច​នោះ លោក សម រង្ស៊ី ត្រូវ​ជាប់ពន្ធនាគារ យ៉ាងតិច​ចំនួន​៦​ឆ្នាំកន្លះ និង​បង់ប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ​។ ដោយសារតែ​ពាក្យបណ្ដឹង​ទាំងនេះហើយ ទើប​លោក សម រង្ស៊ី សម្រេច​លាលែង​ចេញពី​ប្រធាន និង​សមាជិកភាព​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​បញ្ចៀស​ការប្រឈមមុខ​នឹង​ការរំលាយ​បក្ស ដោយសារ​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​៕    
 
 
 

Tag:
 ​សម រង្ស៊ី​
 ​សមាគម​
© រក្សាសិទ្ធិដោយ thmeythmey.com