ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ​៖ CNRP ប្រយ័ត្ន​ជានិច្ច​ក្នុង​ការធ្វើ​អ្វីមួយ ដើម្បី​កុំ​ឲ្យ​មានការ​ចាប់កំហុស​
12, Sep 2017 , 3:41 pm        
រូបភាព
លោក សុន ឆ័យ តំណាងរាស្រ្តនិងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ ថ្លែងសារទៅកាន់អ្នកគាំទ្រនិងក្រុមអ្នកកាសែត នៅទីស្នាក់ការកណ្តាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២0១៧។
លោក សុន ឆ័យ តំណាងរាស្រ្តនិងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ ថ្លែងសារទៅកាន់អ្នកគាំទ្រនិងក្រុមអ្នកកាសែត នៅទីស្នាក់ការកណ្តាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២0១៧។
​ភ្នំពេញ​៖ លោក សុន ឆ័យ តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា គណបក្សប្រឆាំង​មួយ​នេះ មិនអាច​ត្រូវបាន​រំលាយ នោះទេ​។ លោក​អះអាង​ដូច្នេះ នៅក្នុង​សន្និសីទកាសែត ស្តីពី «​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​» ដែល​រៀបចំឡើង នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។



​លោក សុន ឆ័យ លើកឡើង​នូវ​ហេតុផល​ថា កម្ពុជា មាន​គណបក្ស​ធំៗ​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹងត្រូវ​ប្រកួត​ជាមួយគ្នា នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ​។ លោក បន្តថា ការបោះឆ្នោត​ថ្នាក់ជាតិ មិនអាច​បាត់​គណបក្ស​ណាមួយ​ខាងលើ​នោះទេ​។

​លោក សុន ឆ័យ សង្កត់ធ្ងន់ថា ប្រសិនបើ​គណបក្ស​ណាមួយ មិនមាន​វត្តមាន​ក្នុងការ​បោះឆ្នោត ដូច្នេះ​គណបក្ស​មួយទៀត ដែល​ទទួលបាន​ជោគជ័យ ក៏​មិន​រីករាយ ហើយក៏​ប្រហែលជា​មិនអាច​ទទួលបាន​នូវ​ភាពស្របច្បាប់ ពី​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា ដែរ​។ លោក បញ្ជាក់ថា ផ្អែកលើ​ហេតុផល​ទាំងនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ទទួលបាន​ការធានា ក្នុងការ​ប្រកួតប្រជែង​ដោយ​ស្មើភាព ដោយ​គ្មាន​ការភ័យខ្លាច​និង​ការបំភិតបំភ័យ​។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយ​យ៉ាង​ដូច្នេះ​៖«​យើង​សង្ឃឹម ជា​លក្ខណៈ​វិជ្ជមាន​វិញ​ថា ហេតុការណ៍​ហ្នឹង នឹង​មិនអាច​កើតមាន​ទេ ព្រោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បង្ក​ការលំបាក​ជាច្រើន​ដល់​សង្គមជាតិ​យើង​»​។​

​យ៉ាងណាក៏ដោយ លោក សុន ឆ័យ បាន​ប្រាប់​អ្នកគាំទ្រ​និង​ក្រុមអ្នកកាសែត​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ ដោយ​មិន​ឲ្យ​មាន​កំហុសឆ្គង​ឬ​បទល្មើស កើតឡើង​នោះទេ ដើម្បី​ជៀសវាង​ការ​ប្រឈម​នឹង​ផ្លូវច្បាប់ និង​ការ​ប្រឈម​នឹង​ការរំលាយចោល​។

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​រំលាយចោល​តែម្តង ប្រសិនបើ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា​។ សម្តេច ហ៊ុន សែន អះអាង​ទៀតថា ទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នៅមាន​គណបក្ស​ដទៃ ដែល​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​ដែរ​។

​សូម​រម្លឹកថា ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចាប់ខ្លួន និង​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ​ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​៕


Tag:
 កឹម សុខា​
  សុន ឆ័យ​
  រំលាយ​បក្ស
© រក្សាសិទ្ធិដោយ thmeythmey.com