ជាតិ
អនុប្រធាន CNRP ៖ តំណាងរាស្ត្រ ដែល​ទៅ​បរទេស គឺ​ដើម្បី​បំពេញភារកិច្ច មិនមែន​គេចខ្លួន​ទេ​
12, Sep 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​លើកឡើងថា មន្ត្រីជាន់ខ្ពស់​និង​តំណាងរាស្ត្រ​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចាក​ចេញពី​កម្ពុជា គឺ​ដើម្បី​ទៅ​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស តែ​មិនមែន​ជាការ​គេចខ្លួន នោះទេ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោកស្រី លើកឡើងថា ទៅ​បំពេញភារកិច្ច​នៅក្រៅ​ប្រទេស មានដូចជា លោក យឹម សុវណ្ណ អ្នកនាំពាក្យ និង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាតិ ជាដើម​។



​ការអះអាង​បែបនេះ របស់លោក​ស្រី មូរ សុខ​ហួរ គឺធ្វើឡើង​ក្រោយ​បញ្ចប់​សន្និសីទកាសែត​ស្តីពី ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន នៅ​កម្ពុជា ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២0១៧​។ ថ្លែង​ទៅកាន់​អ្នកកាសែត​មួយក្រុម ដែល​តាម​សួរ ក្រោយ​បញ្ចប់​សន្និសីទ លោក មូរ សុខ​ហួរ បាន​បន្ថែមថា ក្រៅពី​បំពេញភារកិច្ច មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ទៅ​បរទេស ដើម្បី​ពិនិត្យ​សុខភាព​។​

«[​ពួកគាត់​] ទៅ​បំពេញភារកិច្ច ដូច​យើង​បានឃើញ​ហើយ​។ ហើយ​អ្នកខ្លះ ទៅ​មើលជំងឺ​ផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ទៅកាន់​អ្នកកាសែត ដែល​ព្យាយាម​សួរ​ពី​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ស្របពេល​ឯកឧត្តម ឯកឧត្តម កឹម សុខា ត្រូវបាន​ចាប់ខ្លួន​។

​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយថា មាន​តំណាងរាស្ត្រ​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ករណី​របស់​ឯកឧត្តម កឹម សុខា បាន​ចាក​ចេញពី​កម្ពុជា ដោយ​ឆ្លងដែន​ចូលទៅ​ទឹកដី​ថៃ​។  ប៉ុន្តែ សម្តេច ហ៊ុន សែន ពុំបាន​បញ្ចេញ​ឈ្មោះ​របស់​តំណាងរាស្ត្រ​រូបនោះ​ឡើយ​។ សម្តេច ហ៊ុន សែន អះអាង​ទៀតថា នៅមាន​តំណាងរាស្ត្រ​មួយចំនួនទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់​៕


Tag:
 កឹម សុខា​
  មូរ សុខ​ហួរ​
  តំណាងរាស្ត្រ​គេចខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com