ជាតិ
Heidt ៖ «សម្តីប្រឆាំងអាមេរិកធ្វើឲ្យអាមេរិក និងលោកខាងលិច លែងមានអារម្មណ៍កក់ក្តៅនៅកម្ពុជា»
× ភ្នំពេញ៖ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សម្ដីរដ្ឋាភិបាលកម្ពុជា ប្រឆាំងអាមេរិក បានធ្វើឲ្យភ្ញៀវទេសចរ និងអ្នកវិនិយោគអាមេរិក និងលោកខាងលិច លែងមានអារម្មណ៍កក់ក្តៅនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់ទូតអាមេរិកបែបនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាបានរិះគន់អាមេរិក ភ្ជាប់ជាមួយករណីចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
«វាគឺជាការចោទប្រកាន់មិនធម្មតា។ ការងារការទូតជាធម្មតា ត្រូវបានធ្វើដោយប្រើភាសាដែលមានការប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលខ្ញុំនឹងប្រើនៅថ្ងៃនេះ។ សារដែលពិបាកត្រូវបានបញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែងគំនិតគ្នា»។ នេះជាការលើកឡើងរបស់លោក William Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបន្ថែមថា ការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា មកលើអាមេរិក ទាក់ទងនឹងការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា គឺគ្មានភស្តុតាងច្បាស់លាស់នោះទេ។
ថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១២ កញ្ញានេះ លោក Heidt បាននិយាយថា ព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ដែលកំពុងឡើងកម្ដៅបច្ចុប្បន្ននេះ គឺគ្មានអ្វីប៉ះពាល់ទៅលើអាមេរិកឡើយ ប៉ុន្តែវាប៉ះពាល់ទៅលើប្រទេសកម្ពុជាទៅវិញទេ ។ ត្រង់ចំណុចនេះលោក Heidt បានបន្ថែមថា ព្រឹត្តិការណ៍ទាំងនេះ កំពុងធ្វើឲ្យប្រទេសកម្ពុជា ឯកោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជាត្រូវការជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ាន។
អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ លើស្ថានការណ៍នយោបាយកម្ពុជានោះ បានអត្ថាធិប្បាយបែបការទូតយ៉ាងដូច្នេះថា៖«សម្ដីប្រឆាំងអាមេរិកបានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរលោកខាងលិចជាច្រើន លែងមានអារម្មណ៍កក់ក្ដៅជាងមុន ពេលធ្វើដំណើរមកកម្ពុជានាពេលបច្ចុប្បន្ន។ ឆ្នាំនេះអ្នកទេសចរទាំងនោះ អាចទៅចាយលុយនៅហាឡុងបេយ៍ ឬនៅភូកេតជាជាងនៅអង្គរវត្ត។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនអាមេរិក និងលោកខាងលិចក៏មានអារម្មណ៍លែងកក់ក្តៅជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀត នឹងមកវិនិយោគនៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ានទាក់ទងនឹងរឿងនេះហើយ»។
បន្ថែមពីនេះលោក Heidt បាននិយាយថា អ្នកធ្វើការបរិច្ចាគមនុស្សធម៌អាមេរិក និងក្រុមដែលមានទ្រព្យច្រើនជាងគេនៅលើពិភពលោក ក៏លែងមានអារម្មណ៍ផ្ដល់ជំនួយមនុស្សធម៌ផងដែរ ដោយសារតែពួកគេមិនត្រូវបានទទួលការស្វាគមន៍។«ខ្ញុំប៉ាន់ប្រមាណថាអង្គការសប្បុរសធម៌អាមេរិក បានសាងសង់សាលាជាង១០០០នៅកម្ពុជា។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបានឮពីអង្គការសប្បុរសធម៌ធំៗខ្លះថា ការធ្វើប្រតិបត្តិការនៅកម្ពុជា កាន់តែប្រឈមនឹងហានិភ័យខ្លាំង ហើយពួកគាត់កំពុងតែពិចារណប្តូរការងារល្អៗរបស់គាត់ ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឫវៀតណាមវិញ»។ នេះជាការលើកឡើងរបស់ទូតអាមេរិក។
ជាការឆ្លើយតបអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាននិយាយថា ការអត្ថាធិប្បាយរបស់អគ្គរដ្ឋទូតអាមេរិកនេះ វាមិនឆ្លុះបញ្ចាំងពីការពិតឡើយ ពោលគឺគ្រាន់តែជាសម្ដី ដែលចង់ដាក់សម្ពាធមកលើរដ្ឋាភិបាលប៉ុណ្ណោះ។«ការលើកឡើងរបស់ទូតអាមេរិក មិនឆ្លើយតប និងការពិតទេ ព្រោះការលើកឡើងនេះវាជាន័យនយោបាយ។ ហើយភ្ញៀវទេសចរ និងអ្នកវិនិយោគលោកខាងលិច នៅតែបន្តមកកម្ពុជា ព្រោះកម្ពុជាហាក់ដូចជាមានសន្តិសុខជាងអាមេរិក»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន។
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងម្ដងហើយម្ដងទៀតថា អាមេរិកគឺជាអ្នកនៅពីក្រោយខ្នង ក្នុងរឿងដែលជាប់ពាក់ព័ន្ធនឹងឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ទាក់ទងនឹងទោសក្បត់ជាតិ ក្រោមបទចោទ សន្ទិដ្ឋិជាមួយបរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com