ជាតិ
អាជ្ញាធរ មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​បង្សុកូល​នៅមុខ​រដ្ឋសភា​ចាស់​
13, Sep 2017 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធីរាប់បាត្រ និង​បង្សុកូល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាន​បាត់​បង់ជីវិត ដោយសារ​ការ​គប់​គ្រាប់បែក កាលពី​ឆ្នាំ​១៩៩៧ នៅមុខ​រដ្ឋសភា​ចាស់​ឡើយ​។​



​តាមរយៈ​លិខិត​ដែល​ផ្ញើ​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សាលា​រាជធានី​ភ្នំពេញ បាន​លើក​ហេតុផល​ចំនួន​ពីរ ក្នុងការ​បដិសេធ​មិន​ឲ្យ​មាន​ការធ្វើ​ពី​ធី​បុណ្យ​បែប​សាសនា តាម​សំណើ​របស់​គណបក្ស​នេះ​។  ហេតុផល​ទី​១ អាជ្ញាធរ អះអាងថា ធ្លាប់​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធីបុណ្យ​នៅមុខ​រដ្ឋសភា​ចាស់​ម្ដង​រួចមកហើយ​នៅក្នុង​ឆ្នាំនេះ​។ ចំណែក​ហេតុផល​ទី​២ សាលា​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គួរ​ធ្វើ​ពិធី​ខាងលើ​នៅតាម​វត្ត​អារាម​វិញ ទើប​ប្រសើរ​ជាង ព្រោះ​វា​ស្របពេល​រដូវ​ដាក់​បិណ្ឌ និង​ភ្ជុំ​ផង​។ 

​ប៉ុន្តែ​បើ​ប្រធានស្តីទី​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្តធ្វើ​ពិធីបុណ្យ​នៅមុខ​រដ្ឋសភា​ចាស់ ហើយ​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះ ប្រធានស្តីទី​រូបនេះ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ។ លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងករណី​នៅតែមាន​ការជួបជុំ​នៅ​ទីតាំង​ខាងលើ ដោយ​គ្មាន​ការអនុញ្ញាត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​មានការ​ប៉ះទង្គិច​ណាមួយ​កើតឡើង​នោះ លោក​ប្រធានស្តីទី ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះមុខ​ច្បាប់​»​។

​តែ​យ៉ាងណា​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ហាក់​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​របស់​អាជ្ញាធ​រ​ក្រុង​ឡើយ​។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​យើង​សោកស្តាយ ដែល​មិនបាន​បង្សុកូល​ដល់​វិញ្ញាណ​ក្ខ​ន្ត​វីរ​បាតុករ​របស់​យើង [​នៅមុខ​រដ្ឋសភា​ចាស់​]»​។ 

​នៅ​ព្រឹក​ថ្ងៃ​១១ កញ្ញា​នេះ កងកម្លាំង​សមត្ថកិច្ច​មួយចំនួន ត្រូវបាន​បញ្ជូន​ទៅកាន់​បរិវេណ​ចេតិយ​របស់​បាតុករ ដែល​បាត់​បង់ជីវិត ដោយសារ​ការ​គប់​គ្រាប់បែក ស្របពេល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ពិធីបុណ្យ​។ នេះ​បើតាម​សារ​និង​រូបភាព ដែល​លោកស្រី មូរ សុខ​ហួរ បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៣0 ខែមីនា គណបក្ស​សង្គ្រោះ​ជាតិ តែង​ធ្វើ​ពិធីរាប់បាត្រ​និង​បង្សុកូល នៅមុខ​រដ្ឋសភា​ចាស់ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​នៃ​បាតុករ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ការ​គប់​គ្រាប់បែក ក្នុង​ឆ្នាំ​១៩៩៧៕


Tag:
 CNRP
  បាតុករ​ស្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com