អន្តរជាតិ
បង់ក្លាដែសប្រាប់មីយ៉ាន់ម៉ាឲ្យទទួលជនជាតិរ៉ូហ៊ីងយ៉ាវិញ ខណៈចំនួនជនភៀសខ្លួនបន្តកើនឡើង ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រៀមឆ្លងកាត់ព្រំដែនចូលទឹកដីបង់ក្លាដែស (រូបភាព៖ Xinhua)
× នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានទទូចឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលមីយ៉ាន់ម៉ាដើម្បីទទួលយកជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ ដែលកំពុងស្នាក់នៅតាមជំរំជនភៀសខ្លួននៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។ លោកស្រី Hasina និយាយថា បង់ក្លាដែសមិនអាចផ្ដល់ជម្រកអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួនទាំងនោះឡើយ ហើយពួកគេត្រូវតែត្រឡប់ទៅកាន់ប្រទេសពួកគេវិញ។
ចំនួនជនជាតិរ៉ូហ៊ីងយ៉ាង ដែលរត់គេចពីអំពើហិង្សានៅរដ្ឋ Rakhine បានបន្តកើនឡើងជាលំដាប់ ដែលធ្វើឲ្យមានការខ្វះខាតសម្ភារចាំបាច់សម្រាប់ចែកឲ្យជនភៀសខ្លួន។ របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ជនភៀសខ្លួនប្រហែល៣៧០០០០នាក់បានរត់ចូលទឹកដីបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ លំហូរជនភៀសខ្លួនដ៏គំហុកនេះ កើតឡើងក្រោយពេលយោធាមីយ៉ាន់ម៉ាបើកប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាម ARSA ដែលអុកឡុកទីតាំងយោធាច្រើនកន្លែង។
ជាមួយលំហូរជនភៀសខ្លួនដ៏ច្រើនបែបនេះ បង់ក្លាដែសកំពុងរងបន្ទុកដ៏ធ្ងន់។ អំឡុងពេលទស្សនកិច្ចនៅជំរំជនភៀសខ្លួនមួយកន្លែងនៅថ្ងៃទី១២ ខែកញ្ញា នាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina បានស្នើឲ្យមីយ៉ាន់ម៉ាបង្កលក្ខណៈងាយស្រួលសម្រាប់ទទួលយកជនជាតិរ៉ូហ៊ីងយ៉ាវិញ។ បើតាមសារព័ត៌មាន Al Jazeera លោកស្រី Hasina និយាយថា បង់ក្លាដែសអាចផ្ដល់ជម្រក និងជំនួយបណ្ដោះអាសន្ន ប៉ុន្តែមីយ៉ាន់ម៉ាត្រូវត្រៀមខ្លួនទទួលយកពួកគេវិញឆាប់ៗនេះ។
ក្រោយពីអំពើហិង្សាផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែសីហា ក្រុមជួយសង្គ្រោះបង់ក្លាដែសបានប្រឹងប្រែងសាងសង់ទីជម្រកបណ្ដោះអាសន្នជាច្រើននៅតាមទីតាំងក្បែរព្រំដែនជាមួយមីយ៉ាន់ម៉ា ប៉ុន្តែមិនគ្រប់គ្រាន់ឡើយ ព្រោះជនភៀសខ្លួនបន្តហូរចូលរាប់ពាន់ក្នុងមួយថ្ងៃៗ។ ការខ្វះខាតស្បៀអាហារ ក្លាយជាបញ្ហាប្រឈមដ៏ធំ ហើយក្រុមជួយសង្គ្រោះក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្ដល់ជំនួយជាបន្ទាន់ផងដែរ។
ដោយតែអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា រដ្ឋាភិបាលក្រុងណៃពិដោ ជាពិសេសទីប្រឹក្សារដ្ឋ អ៊ុងសាន ស៊ូជី ដែលជាជ័យលាភីណូបែលសន្តិភាព រងការរិះគន់មិនប្រណីពីសហគមន៍អន្តរជាតិ និងពីប្រទេសកាន់សាសនាឥស្លាមដែរ។ មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានហៅការសម្លាប់ជនមូស្លីមរ៉ូហ៊ីងយ៉ា ជាវិបត្តិនយោបាយដ៏ធំរបស់មីយ៉ាន់ម៉ា ឯប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញចាត់ទុកអំពើហិង្សាជាសញ្ញានៃការលុបបំបាត់ពូជសាសន៍ទៅទៀត។
នៅថ្ងៃទី១៣ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខនឹងបើកកិច្ចប្រជុំលើវិបត្តិរ៉ូហ៊ីងយ៉ា តាមសំណើរបស់អង់គ្លេស និងស៊ុយអែត។ គេមិនទាន់ដឹងថាក្រុមប្រឹក្សាសន្តិសុខនឹងមានចំណាត់ការអ្វីឡើយ ព្រោះការប្រជុំលើកមុនគ្មានទទួលលទ្ធផលអ្វីទេ។ ដោយឡែក យោធាមីយ៉ាន់ម៉ា ក៏ទាត់ចោលសំណើឈប់បាញ់របស់ក្រុមឧទ្ទាម ARSA ដែរដោយលើកមូលហេតុថាខ្លួនមិនចរចាជាមួយភេរវករទេ។ គេបារម្ភថាជំហររបស់យោធាមីយ៉ាន់ម៉ានឹងធ្វើឲ្យស្ថានការណ៍នៅ Rakhine កាន់តែធ្ងន់ធ្ងរមិនខាន៕
Tag:
បង់ក្លាដែស
មីយ៉ាន់ម៉ា
Sheikh Hasina
© រក្សាសិទ្ធិដោយ thmeythmey.com