អន្តរជាតិ
អាមេរិកគំរាមលែងឲ្យចិនប្រើប្រាស់ «ប្រព័ន្ធប្រាក់ដុល្លារ» បើមិនព្រមអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង រដ្ឋមន្រ្តីរតនាគារអាមេរិក Steven Mnuchin (រូបភាព៖ Xinhua)
× រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin បាននិយាយថា អាមេរិកអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើចិន បើចិនមិនអនុវត្តទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើង។ ទណ្ឌកម្មមួយដែលលោក Mnuchin លើកឡើង គឺការលែងឲ្យចិនប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកតែម្ដង។ នេះជាការគំរាមចំៗពីសំណាក់អាមេរិកទៅកាន់ចិនជុំវិញទណ្ឌកម្មលើកូរ៉េខាងជើង ដែលអាមេរិកអះអាងថាមិនសូវមានប្រសិទ្ធភាព ព្រោះនៅតែមានប្រទេសបន្តរកស៊ីជាមួយរបបដឹកនាំកូរ៉េខាងជើងដដែល។
មន្ត្រីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចុចចំឈ្មោះចិន ជាប្រទេសជាប់សង្ស័យថាមិនបានអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ ក្រោយក្រុមប្រឹក្សាសន្តិសុខអនុម័តទណ្ឌកម្មថ្មីលើកូរ៉េខាងជើងនៅថ្ងៃទី១១ ខែកញ្ញា អាមេរិកព្រមានចិនឲ្យអនុវត្តតាមសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាព បើមិនចង់ក្លាយជារងគ្រោះខ្លួនឯងទេនោះ ព្រោះអាមេរិកនឹងដាក់ទណ្ឌកម្មលើចិនដែរមិនខាន។
កន្លងមក រដ្ឋបាលក្រុងវ៉ាស៊ីនតោន បានរិះគន់ចិនខ្លាំងជុំវិញការបន្តរកស៊ីជាមួយកូរ៉េខាងជើង ផ្ទុយពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែមិនឃើញមានចំណាត់ការណាមួយលើចិននៅឡើយ។ ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី១២ ខែកញ្ញា រដ្ឋមន្ត្រីរតនាគារ Steven Mnuchin និយាយថា អាមេរិកបានផ្ញើសាររួចហើយទៅកាន់ប្រទេសដែលចង់រកស៊ីជាមួយកូរ៉េខាងជើង គឺអាមេរិកនឹងពិចារណាដាក់ទណ្ឌកម្មលើពួកគេដូចគ្នា។
ទណ្ឌកម្មចុងក្រោយនេះផ្ដោតសំខាន់លើការរឹតត្បិតការនាំចូលប្រេងទៅកាន់កូរ៉េខាងជើង និងការហាមឃាត់ការនាំចេញផលិតផលវាយនភណ្ឌកូរ៉េខាងជើងទៅបរទេស។ គេដឹងថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង ហើយក៏ជាទីផ្សារដ៏ធំនៃផលិតផលសម្រាប់នាំចេញរបស់កូរ៉េខាងជើងដែរ។ ការអនុវត្តតាមសេចក្ដីសម្រេចនេះ ពិតជាធ្វើឲ្យចិនខាតបង់មិនតិចឡើយ ដ្បិតទំនិញភាគច្រើនដែលនាំចូលទៅកូរ៉េខាងជើង គឺបានមកចិនតែម្ដង។
បើយោងតាមសារព័ត៌មាន RT រដ្ឋមន្ត្រីរតនាគារអាមេរិកចាត់ទុកទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែលទើបអនុម័តនៅដើមសប្ដាហ៍នេះ ជារឿងប្រវត្តិសាស្ត្រ ហើយដែលត្រូវគោរពទាំងអស់គ្នា។ ដោយសំដៅឈ្មោះចិន លោក Mnuchin បញ្ជាក់ថា បើចិនមិនធ្វើតាមសេចក្ដីសម្រេចថ្មីនេះទេ អាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមលើចិនមិនខាន ហើយអាមេរិកនឹងរឹតត្បិតចិនពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ដុល្លាររបស់ខ្លួនផងដែរ។
ជុំវិញបញ្ហាបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ក្រុងវ៉ាស៊ីនតោនហាក់នៅស្ទាក់ស្ទើរក្នុងការដាក់សម្ពាធលើក្រុងប៉េកាំង ព្រោះខ្លាចក្រុងប៉េកាំងសងសឹកវិញ និងម្យ៉ាងខ្លាចទំនាស់រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ បង្កជាវិបត្តិសេដ្ឋកិច្ចពេញសកលលោក។ អ្វីដែលត្រូវចងចាំ គឺអាមេរិកមានឱនភាពពាណិជ្ជកម្មធ៏ធំជាមួយចិន ហើយចិនជាម្ចាស់បំណុលដ៏ធំរបស់អាមេរិក។ ចិនកាន់កាប់បណ្ណបំណុលរបស់អាមេរិកដែលមានតម្លៃដល់ទៅ១ទ្រីលានដុល្លារឯណោះ៕
Tag:
អាមេរិក
ចិន
កូរ៉េខាងជើង
Steven Mnuchin
© រក្សាសិទ្ធិដោយ thmeythmey.com