អន្តរជាតិ
ឆ្លើយតបនឹងទណ្ឌកម្មថ្មី កូរ៉េខាងជើងប្រកាសអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបន្ថែមទៀត
× កូរ៉េខាងជើងសន្យាអភិវឌ្ឍបន្ថែមនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីឆ្លើយតបនឹងទណ្ឌកម្មថ្មីអង្គការសហប្រជាជាតិ។ ក្រុងព្យុងយ៉ាងលើកមូលហេតុថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែម គឺដើម្បីការពារអធិបតេយ្យ និងសិទ្ធិរស់រានរបស់ខ្លួនផងដែរ។ ម្យ៉ាងទៀត ទណ្ឌកម្មថ្មីនេះបានបញ្ជាក់ថាផ្លូវដែលកូរ៉េខាងជើងបានដើរជាផ្លូវដែលត្រឹមត្រូវបំផុត។
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី១៣ ខែកញ្ញា បានអះអាងថា ខ្លួននឹងបង្កើនល្បឿនអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតបនឹងទណ្ឌកម្មថ្មីដែលក្រុមប្រឹក្សាសន្តិសុខទើបអនុម័ត។ នេះក៏ព្រោះតែក្រុងព្យុងយ៉ាងយល់ថា ទណ្ឌកម្មថ្មីនេះបានដកសិទ្ធិការពារខ្លួនរបស់កូរ៉េខាងជើង។
បន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ កាលពីដើមខែកញ្ញា អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងនៅថ្ងៃទី១១ ខែកញ្ញា ។ទណ្ឌកម្មថ្មីដែលតាក់តែងដោយអាមេរិកនេះ រួមមានការហាមឃាត់ការនាំចេញវាយនភណ្ឌ និងកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឆៅផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រសួងការបរទេសកូរ៉េខាងជើងដូច្នេះថា៖«ទណ្ឌកម្មហួសហេតុរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ផ្លូវដែលកូរ៉េខាងជើងដើរជាផ្លូវត្រឹមត្រូវ។ ដូច្នេះហើយ ក្រុងព្យុងយ៉ាងនឹងព្យាយាមបន្ថែមទៀតក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិរស់រានរបស់ខ្លួន»។
ក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់ទណ្ឌកម្មនេះ ដោយមិនត្រឹមតែចាត់ទុកជាការដកសិទ្ធិការពារខ្លួនរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ ថែមទាំងហ៊ុមព័ទ្ធសេដ្ឋកិច្ចប្រជាជន និងប្រទេសកូរ៉េខាងជើងទាំងមូលផងដែរ។
គួរបញ្ជាក់ដែរថា សេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ត្រូវបានអនុម័តដោយសំឡេងជាឯកច្ឆន្ទ មានន័យថាសម្ព័ន្ធមិត្តកូរ៉េខាងជើងទាំងពីរ គឺចិន និងរុស្ស៊ីក៏បោះឆ្នោតគាំទ្រដែរ។ នេះជាទណ្ឌកម្មទី៩ ប្រឆាំងកូរ៉េខាងជើង បើរាប់ចាប់តាំងពីការសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងនៅឆ្នាំ២០០៦។
អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនទៀតបានអះអាងថា ទណ្ឌកម្មថ្មីនេះនឹងអាចបង្ខំឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយសារការបន្ថែមសម្ពាធ។ យ៉ាងណាមិញ អ្នកជំនាញជាច្រើនរូបចាប់ផ្ដើមសង្ស័យហើយថា តើអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនពិតជាអាចបញ្ឈប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងមែនដែរឬទេ៕
Tag:
កូរ៉េខាងជើង
ទណ្ឌកម្មថ្មី
កម្មវិធីអាវុធនុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com