ជាតិ
កម្ពុជា នឹង​ទទួល​ឥទ្ធិពល​កូន​ព្យុះ​ទី​១៩ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​តំបន់
14, Sep 2017 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី ១៥ ដល់ទី​១៩ ខែកញ្ញា  ភ្លៀង នឹង​ធ្លាក់​រាយប៉ាយ ពី​បង្គួរ ទៅ​ច្រើន ស្ទើរ​គ្រប់​តំបន់ ក្នុងប្រទេស​កម្ពុជា​។ កត្តា​ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​បែបនេះ ដោយសារ​កម្ពុជា ទទួលរង​ឥទ្ធិពល​កូន​ព្យុះ​ទី​១៩ ឈ្មោះ ដុក​ស៊ុយ​រី (DOKSURI) ដែល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូលមក​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​



​ការ​ព្យាករ​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ១៣ កញ្ញា​នេះ បង្ហាញថា កម្ពុជា​ទទួលរង​ឥទ្ធិពល​កូន​ព្យុះ​ទី​១៩ ឈ្មោះ ដុក​ស៊ុយ​រី (DOKSURI) ដែល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូលមក​សមុទ្រ​ចិន​ខាងត្បូង​។ កូន​ព្យុះ​នេះ នឹង​នឹងធ្វើ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ ទៅ​ច្រើន នៅក្នុង​តំបន់​វាលទំនាប តំបន់​ខ្ពស់​រាប និង​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី​១៩ ខែកញ្ញា​នេះ​។



​បើតាម​ការ​ព្យាករ​ខាងលើ កូន​ព្យុះ​នេះ នឹង​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់ ទៅជា​ព្យុះ​ទី​ហ្វុ​ង និង​បន្តដំណើរ​ឆ្ពោះ​មកកាន់​ឈូង​សមុទ្រ​តុងកឹង មុននឹង​ឡើងគោក នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។       ឥទ្ធិពល​កូន​ព្យុះ​នេះ ធ្វើ​ឲ្យ​តំបន់​វាលទំនាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ក្នុងនោះ​ខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ ចំណែក​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​ដងរែក អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ១៥ ដល់ទី​១៩ ខែកញ្ញា​។ រីឯ​តំបន់​មាត់សមុទ្រ​វិញ ចាប់ពី​ថ្ងៃទី ១៥ ដល់​១៨ កញ្ញា អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ ជាមួយគ្នានេះ ផ្ទៃសមុទ្រ នឹងមាន​ខ្យល់​បក់បោក​ខ្លាំង ជាមួយនឹង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែកញ្ញា​នេះ​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​ប្រជា​នេសាទ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់  ពិសេស​រលក​ខ្ពស់ៗ និង​ខ្យល់​បក់​ខ្លាំង​៕


Tag:
 អាកាសធាតុ​
  កូន​ព្យុះ​ទី​១៩
© រក្សាសិទ្ធិដោយ thmeythmey.com