English-Français
ជាតិ
សង្គមជាតិ
អ្នកជំនាញ​ភាពយន្ត ប៊ែ​ល​ហ្សិ​ក ចង់​បង្កើត​សាលា​ភាពយន្ត​ជាមួយ​ផលិតករ​ខ្មែរ​លោក ប៉ាន់ រិទ្ធី នៅ​កម្ពុជា
13, Sep 2017 , 3:55 pm         3163
រូបភាព
​ភ្នំពេញ​៖ ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​ធំ​របស់​ប្រទេស​ប៊ែ​ល​ហ្សិ​ក Festival International du Film d’amour de Mons បង្ហាញ​បំណង​ចង់​បង្កើត​សាលា​ភាពយន្ត​ជាមួយ​ផលិតករ​ភាពយន្ត​ខ្មែរ​លោក ប៉ាន់ រិទ្ធី នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាងមុខនេះ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ លោក André Ceuterick ប្រធាន​ទិវា​ព្រឹត្តិការណ៍​ភាពយន្ត ប៊ែ​ល​ហ្សិ​ក Festival International du Film d’amour de Mons បាន​និយាយថា ស្ថាប័ន​របស់លោក និង​សាលា​ភាពយន្ត​នៅក្នុង​ប្រទេស ប៊ែ​ល​ហ្សិ​ក ចាប់អារម្មណ៍​ចំពោះ​ការបង្កើត​សាលា​ភាពយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក ប៉ាន់ រិទ្ធី ស្ថាបនិក​មជ្ឈមណ្ឌល​សោតទស្សន៍ បូ​ផា​ណា ក៏​ចាប់អារម្មណ៍​នឹង​គំនិត​នេះដែរ​។


​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​ភាសា​បារាំង​




​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ប្រទេស​កម្ពុជា​កម្ពុជា​មានបំណង​ចង់​បង្កើត​សាលា​ភាពយន្ត​។ តែ​លទ្ធផល​ជាក់ស្តែង មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ​។ នៅក្នុង​សប្តាហ៍​នេះ ស្ថាប័ន​ព្រឹត្តិការណ៍​ភាពយន្ត​នៃ​ប្រទេស ប៊ែ​ល​ហ្សិ​ក Festival International du Film d’amour de Mons បានមក​ទស្សនា​ប្រទេស​កម្ពុជា ហើយ​បាន​ជួប​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​វិស័យ​ភាពយន្ត​មួយចំនួន​នៃ​ប្រទេស​នេះ​។ ជា​លទ្ធផល ភាគី​កម្ពុជា និង​ប៊ែ​ល​ហ្សិ​ក​បង្ហាញ​អារម្មណ៍​រួមគ្នា​ចង់​បង្កើត​សាលា​ភាពយន្ត​មួយ​រួមគ្នា​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ខាងមុខនេះ​។ កាលបរិច្ឆេទ​ពិតប្រាកដ មិនត្រូវ​បានកំណត់ និង​បញ្ជាក់​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ វា​នៅសល់​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ មុននឹង​អាចឈាន​ទៅ​បង្កើត​សាលា​ភាពយន្ត​នេះ​បាន​។



​នៅក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ កាលពី​ថ្ងៃទី​១២​ខែកញ្ញា ម្សិលមិញ លោក André Ceuterick ប្រធាន​ទិវា​ព្រឹត្តិការណ៍​ភាពយន្ត​ប៊ែ​ល​ហ្សិ​ក Festival International du Film d’amour de Mons បាន​បញ្ជាក់ថា​៖«​យើង​មានគំនិត​បង្កើត​សាលា​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា និង​ផលិត​ភាពយន្ត​រួមគ្នា​។ ការបង្កើត​សាលា​ភាពយន្ត មិនមែនជា​ការលំបាក​ខ្លាំង​ណាស់ណា​ប៉ុន្មាន​ឡើយ​។ យើង​ត្រូវការ​ឆន្ទៈ​នយោបាយ​រួមគ្នា ឆន្ទៈ​រួមគ្នា​រវាង​អ្នកជំនាញ​ភាពយន្ត​ខ្មែរ និង​បរទេស​»​។ ជំនាញ​បច្ចេកទេស ហាក់បីដូចជា​មិនមែនជា​បញ្ហា​ចោទ​ឡើយ ហើយ​ការស្វែងរក​ថវិកា​ក៏​មិនមែនជា​ឧបសគ្គ​ធំដុំ​ដែរ​។ នេះ បើ​យោងតាម​ការអត្ថាធិប្បាយ​របស់លោក André Ceuterick​។ លោក André Ceuterick បន្ថែមទៀតថា រូបលោក​ផ្ទាល់ និង​លោក ប៉ាន់ រិទ្ធី ផលិតករ​ភាពយន្ត​ខ្មែរ មាន​ឆន្ទៈ​រួមគ្នា​ក្នុងការ​បង្កើត​សាលា​ភាពយន្ត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកជំនាញ​ក្នុង​វិស័យ​ភាពយន្ត ជនជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ សន្យា​នឹង​អញ្ជើញ​អគ្គនាយក​សាលា​ភាពយន្ត​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស ប៊ែ​ល​ហ្សិ​ក ឲ្យ​មក​ទស្សនា និង​ជួប​មន្ត្រី​ពាក់ព័ន្ធ​កម្ពុជា​នាពេល​ខាងមុខនេះ​។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ លោក André Ceuterick ប្រធាន​ទិវា​ព្រឹត្តិការណ៍​ភាពយន្ត ប៊ែ​ល​ហ្សិ​ក Festival International du Film d’amour de Mons បាន​យក​ភាពយន្ត​ល្អៗ​មកពី​ប្រទេស ប៊ែ​ល​ហ្សិ​ក ដើម្បី​បញ្ចាំង​ជូន​ពលរដ្ឋ​ខ្មែរ និង​បរទេស​ទស្សនា​នៅក្នុង​មជ្ឈមណ្ឌល​សោតទស្សន៍ បូ​ផា​ណា នៅ​រាជធានី​ភ្នំពេញ​៕

Tag:
 ​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1718next