ជាតិ
កម្ពុជា ទាមទារ​ឲ្យ​កូរ៉េខាងជើង អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៃ​ការសម្រេច​របស់​UN
13, Sep 2017 , 9:19 pm         4921
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស
 ​ភ្នំពេញ​៖ កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​មួយ ទាមទារ​ឲ្យ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៃ​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) ដែល​ឲ្យ​បញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​គ្រប់​ប្រភេទ ក្នុង​គោលបំណង​ការពារ​សន្តិភាព និង​ស្ថិរភាព នៅក្នុង​ឧបទ្វីប​កូរ៉េ​។​


​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា មានការ​សោកស្ដាយ​និង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ ដោយ​កូរ៉េ​ជើង កាលពី​ថ្ងៃទី​៣ កញ្ញា​កន្លងមកនេះ​។ កម្ពុជា យល់ឃើញថា ការសាកល្បង​នុយក្លេអ៊ែរ លើក​ទី​៦​របស់​កូរ៉េខាងជើង​នេះ គឺជា​ការរំលោភ​ជាថ្មី​ម្ដងទៀត ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ និង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​។​

​កូរ៉េខាងជើង​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា នៅឯ​ទីតាំង​សាកល្បង Punggye-ri ។ វា​ជាការ​សាកល្បង​លើក​ទី​៦ របស់​កូរ៉េខាងជើង និង​ត្រូវបាន​ចាត់ទុកជា​គ្រាប់បែក​ដែលមាន​កម្លាំង​ខ្លាំង​ជាង​ការសាកល្បង​លើក​មុនៗ​។ កូរ៉េខាងជើង​និយាយថា គ្រាប់បែក​អ៊ីដ្រូសែន​នេះ​ត្រូវបាន​ផលិត​ដោយ​អ្នកវិទ្យាសាស្ត្រ​ក្នុងស្រុក​សុទ្ធសាធ ហើយ​អាច​បំពាក់​លើ​មី​ស៊ី​ល​រំលង​ទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​ដោយសារតែ​ទង្វើ​គឃ្លើន​ម្ដង​ហើយ​ម្ដងទៀត​របស់​កូរ៉េខាងជើង​នេះ ទើប​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១១ ខែកញ្ញា បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ​សំណើ ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​រៀបរៀង​ដោយ​អាមេរិក ដោយមាន​ការគាំទ្រ​ពី​សំណាក់​ចិន និង​រុស្ស៊ី ។ ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​លើក​នេះ គឺជា​ទណ្ឌកម្ម​លើក​ទី​៩ ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។ ទណ្ឌកម្ម​ពេលនេះ​រួមបញ្ចូល​ការហាមឃាត់​ការនាំចេញ​ផលិត​វាយ​ន​ភណ្ឌ និង​ការ​រឹត​ប​ន្តឹ​ត​ការ​នាំចូល​ប្រភព​ថាមពល​៕

Tag:
 កម្ពុជា​
  កូរ៉េខាងជើង​
  ​នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next