ជាតិ
មេធាវី ដាក់សំណើរ​សុំ​ឲ្យ​ទម្លាក់​ការចោទប្រកាន់ ហើយ​ដោះលែង​ឯកឧត្តម កឹម សុខា​
14, Sep 2017 , 8:53 am        
រូបភាព
លោក​​​ សំ សុគង់​​​ មេធាវី​​ការពារក្តីឲ្យ​​​ឯកឧត្តម​​​ កឹម សុខា។
លោក​​​ សំ សុគង់​​​ មេធាវី​​ការពារក្តីឲ្យ​​​ឯកឧត្តម​​​ កឹម សុខា។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​មេធាវី បានធ្វើ​បណ្តឹង​ជំទាស់​ចំនួន​ពីរ ចំពោះ​ការចោទប្រកាន់​និង​ការឃុំខ្លួន ឯកឧត្តម កឹម សុខា​។ បណ្តឹង​មួយ បានដាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បណ្តឹង​មួយទៀត  បាន​ទៅកាន់​សាលាឧទ្ធរណ៍ ដោយមាន​គោលបំណង​តែមួយ គឺ​ដើម្បី​ជួយ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​នៅក្រៅ​ឃុំ​។



​លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បណ្តឹង ដែល​ដាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ស្នើ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​ឯកឧត្តម កឹម សុខា​។ លោក បន្តថា ចំណែកឯ​បណ្តឹង​មួយទៀត ដែល​ដាក់​ទៅកាន់​សាលាឧទ្ធរណ៍ គឺ​ដើម្បី​សុំ​ជំទាស់​នឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។

​លោក សំ សុ​គង់ លើកឡើងថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទាំង​ពាក់​កណ្តាលអធ្រាត្រ គឺជា​ប្រការ ដែល​ច្បាប់​ហាមឃាត់​។ លោក បន្ថែមថា ម្យ៉ាងទៀត ឯកឧត្តម កឹម សុខា មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះទេ ដូច្នេះ​ការចោទប្រកាន់​ឬ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា តម្រូវ​ឲ្យ​មាន​ការដក​អភ័យឯកសិទ្ធិសភា​ជាមុនសិន​។

​ដោយ​សំអាង​លើ​ហេតុផល​ទាំងនេះ លោក សំ សុ​គង់ បាន​អះអាងថា សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ខុស​នីតិវិធី ដូច្នេះហើយ ទើប​ក្រុម​មេធាវី ទាមទារ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​និង​ដោះលែង​ឯកឧត្តម កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក​មេធាវី​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង ប្តឹង​ជំទាស់ ព្រោះ​យើង យល់ថា ការឃុំខ្លួន​ឯកឧត្តម កឹម សុខា មិន​ត្រឹមត្រូវ​តាម​នីតិវិធី​»​។

​យ៉ាងណា​ក៏ដោយចុះ សម្រាប់​សមត្ថកិច្ច​និង​តុលាការ ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយ​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ផលិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ CBN ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​។ នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​និយាយថា ឯកឧត្តម មាន​អ្នកជំនាញ​ជា​ជនបរទេស នៅ​ពី​ក្រោយខ្នង ដើម្បី​ជួយ​ណែនាំ ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។

​ក្រោយ​វីដេអូ​ឃ្លី​ប​នោះ បាន​បែកធ្លាយ សមត្ថកិច្ច បាន​ទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ ម៉ោង​ប្រហែល​១២ និង​៣0​នាទី ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដោយ​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕
 

Tag:
 កឹម សុខា​
  មេធាវី​
  សំ សុ​គង់
© រក្សាសិទ្ធិដោយ thmeythmey.com