កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo, Kane និង Stones ស៊ុត​ម្នាក់​២​គ្រាប់​ជួយ​ក្រុម​រក​៣​ពិន្ទុ​រៀងខ្លួន​
14, Sep 2017 , 11:30 am        
រូបភាព
Cristiano Ronaldo, Harry Kane និង​ខ្សែការពារ John Stones រកបាន​២​គ្រាប់​ម្នាក់ ក្នុងការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពានរង្វាន់ UEFA Champion League​។​



២​គ្រាប់​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រទុយ​ហ្គា​ល់ Ronaldo ធ្វើបាន​នៅ​នាទី ១២ និង​៥១ ក្នុង​ជ័យជម្នះ ៣-០ លើ​ក្រុម Apoel Nic នៅ​ការប្រកួត​ដំបូង​នៃ​ពានរង្វាន់​លំដាប់​ទី​១​អ៊ឺរ៉ុប វគ្គ​ជម្រុះ​ក្នុង​ពូ​ល H​។ គ្រាប់​ទី​៣ របស់ Real Madrid ធ្វើបាន​ដោយ​ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ាះ Sergio Ramos​។​



​ចំណែក​មួយគូ​ទៀត​ដែល​ស្ថិតក្នុង​ពូ​ល​នេះដែរ ក្រុម​មកពី​អង់គ្លេស Tottenham Hotspur បាន​យកឈ្នះ Borussia Dortmund ៣-១ ដែល​រកបាន​២​គ្រាប់​ដោយ​ម្ចាស់​ស្បែកជើង​មាស​នៃ​ក្របខណ្ឌ Premier League រដូវ​កាល​មុន​។ ទាំង​២​គ្រាប់​របស់ Kane សម្រេចបាន​នៅ​នាទី ១៥ និង​៦០ ក្រោយពេល​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Heung-Min Son ស៊ុត​បញ្ចូល​ទី​នាំមុខ​មុន​នៅ ៤​នាទី​ដំបូង មុនពេល Dortmund រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​១១ ដោយ Andriy Yarmolenko​។​



​រីឯ​ក្រុម​នៃ​ក្របខណ្ឌ​អង់គ្លេស​មួយទៀត​គឺ Manchester City ក៏​ទទួលបាន ៣​ពិន្ទុ​ពី​ការប្រកួត​ដំបូង​របស់គេ​ផងដែរ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ដោយ​យកឈ្នះ​ក្រុម Feyenoord ក្នុង​លទ្ធផល ៤-០​។ ក្នុងចំណោម​៤​គ្រាប់​នេះ ខ្សែការពារ​សញ្ជាតិ​អង់គ្លេស John Stones អាច​រកបាន​ដល់​ទៅ​២​គ្រាប់​ដោយ​ការប្រើ​ក្បាល នៅ​នាទី​២ និង​៦៣​។ ២​គ្រាប់​ទៀត​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Sergio Aguero និង Gabriel Jesus៕



​ខាងក្រោម​នេះ​ជា​លទ្ធផល​ប្រកួត​ថ្ងៃ​ដំបូង​ចាប់ពី​ពូ​ល E ដល់ H នៃ​ក្របខណ្ឌ UEFA Champion League៖

ពូ​ល E៖ Spartak Moscow 1-1 Maribor និង Liverpool 2-2 Sevilla 
​ពូ​ល F៖ Shakhtar Donetsk 2-1 SSC Napoli និង Feyenoord 0-4 Manchester City
​ពូ​ល G៖ FC Porto 1-3 Besiktas និង RB Leipzig 1-1 Monaco
​ពូ​ល H៖ Real Madrid 3-0 APOEL Nicosia និង Tottenham Hotspur 3-1 Borussia Dortmund


Tag:
 បាល់ទាត់​
  UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com