ជាតិ
អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ជាង​៣​ពាន់​នាក់ ចូលរួម​តាមដាន​ការចុះឈ្មោះ​បោះឆ្នោត​
14, Sep 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលបាន​អ្នកសង្កេតការណ៍ ជាង​៣​ពាន់​នាក់ ដែល​ចូលរួម​ឃ្លាំមើល​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង ការចុះឈ្មោះ​បោះឆ្នោត​។ អ្នកសង្កេតការណ៍​ទាំងនោះ មកពី​គណបក្សនយោបាយ រួមទាំង​អង្គការ​ជាតិ និង អន្តរជាតិ​។​



​គិត​ត្រឹម​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២១៧ គណបក្សនយោបាយ​ចំនួន​៥ អង្គការ​ជាតិ​ចំនួន​៣ និង​អង្គការ​អន្តរជាតិ​ចំនួន​២ បានស្នើ​ទៅ​គ​.​ជ​.​ប ដើម្បី​ដាក់​អ្នកសង្កេតការណ៍ ឲ្យ​ចូលរួម​ឃ្លាំមើល​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​និង​ការចុះឈ្មោះ​បោះឆ្នោត​។ បើតាម​ការប្រកាស​រប​ស់គ​.​ជ​.​ប គណបក្ស​ទាំង​៥ មាន​អ្នកសង្កេតការណ៍​ជាង ៣​ពាន់​នាក់ រួមទាំង​អ្នកសង្កេតការណ៍​បម្រុង​ជាង ៣​ពាន់​នាក់​បន្ថែមទៀត​។ ប្រភពពី​គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ទៀតថា អង្គការ​ជាតិ មាន​អ្នកសង្កេតការណ៍​ជាង​៧​រយ​នាក់ ហើយ​អង្គការ​អន្តរជាតិ មាន​អ្នកសង្កេតការណ៍ តែ​១២​នាក់​ប៉ុណ្ណោះ​។​

​គណបក្ស​ទាំង​៥ ដែល​បានដាក់​អ្នកសង្កេតការណ៍ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ក្នុងចំណោម​គណបក្ស​ទាំងនោះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​អ្នកសង្កេតការណ៍​ច្រើនជាងគេ​។ ចំណែក​អង្គការ​ជាតិ ដែល​បានដាក់​អ្ន​សង្កេតការណ៍ គឺ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា (COMFREL) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (YUFC) និង​សមាគម​សិទ្ធិមនុស្ស​អភិវឌ្ឍន៍​និង​ថែរក្សា​កុមារកំព្រា ស្រី្ត​ក្រីក្រ (CO.P.A)​។ ដោយឡែក សហគមន៍​អន្តរជាតិ ដែល​បានដាក់​អ្នកសង្កេតការណ៍ គឺ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) និង​សភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

​សូមបញ្ជាក់ថា គ​.​ជ​.​ប បានចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត ចាប់​តាំង​ថ្ងៃទី​១ ខែកញ្ញា​មក ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧៕


Tag:
 បោះឆ្នោតជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com