ជាតិ
សាលា​រាជធានី​គ្រោង​បន្ថែម​ខ្សែ​រត់​រថយន្តក្រុង​៣​ខ្សែ និង​ជ្រើសរើស​អ្នកបើកបរ​១១៤​នាក់
15, Sep 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ ប្រកាស​ជ្រើសរើស​អ្នកបើកបរ​រថយន្តក្រុង​ចំនួន​១១៤​នាក់ ដើម្បី​មក​បម្រើ​ការងារ​ជា​អ្នកបើក​រថយន្តក្រុងរ​បស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ដែល​គ្រោង​បង្កើន​ខ្សែ​រត់​រថយន្តក្រុង​៣​ខ្សែ​បន្ថែម​។



​សាលា​រាជធានី​ភ្នំពេញ ប្រកាស​ជ្រើសរើស​បុគ្គលិក​ផ្នែក​បើកបរ​ចំនួន​១១៤​នាក់ សម្រាប់​បម្រើ​ការងារ​នៅ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​(City Bus) ដើម្បី​បំពេញតម្រូវការ​រថយន្ត​ក្រុង ដែល​បាន​កើន​ឡើងជា​បន្តបន្ទាប់​។

​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា បាន​ឲ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ គ្រោង​ពង្រីក​ខ្សែ​រត់​រថយន្តក្រុង​៣​ខ្សែ​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ខ្សែ​រត់​រថយន្តក្រុង នឹង​កើន​ឡើងដល់​៨​ខ្សែ​។ ការកើនឡើង​នេះ ទើប​សាលា​រាជធានី​ភ្នំពេញ ជ្រើសរើស​អ្នកបើកបរ​បន្ថែមចំនួន​១៤៤​នាក់ ដើម្បី​មក​បម្រើ​ការងារ​ឲ្យ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​។

​បើតាម​សេចក្តី​ដំណឹង​ខាងលើ អ្នក​ដែលមាន​សិទ្ធិ​ដាក់ពាក្យ​ធ្វើការ​ងារ​នេះ គឺ​ទាល់​មាន​អាយុ​២៥​ឆ្នាំ​ដល់​៥០​ឆ្នាំ មាន​បណ្ណ​បើកបរ​ប្រភេទ ឃ​២ មាន​បទពិសោធ​បើកបរ​រថយន្តក្រុង​ប្រភេទ ឃ​២ រយៈពេល​២​ឆ្នាំ មាន​អត្ត​ចរិតល្អ មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ និង​លក្ខណៈសម្បត្តិ​មួយចំនួនទៀត​។ 

​បើ​ចាប់អារម្មណ៍​សូម​ដាក់ពាក្យ​មក​ទីស្នាក់ការ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ដែលមាន​អាសយដ្ឋាន​ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ក្នុង​បរិវេណ​អង្គភាព​លូទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឬ ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ ០៨៧ ៨៧៨ ៧៥៧, ០៩៣ ៧៤៧ ០៧៤៕        


Tag:
 រថយន្ត​
 ​ សាលាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com