ជាតិ
លោក គឹម សុខ បរាជ័យ​នៅ​សាលាឧទ្ធរណ៍ ក្នុង​ការសុំ​នៅក្រៅ​ឃុំ​
15, Sep 2017 , 3:21 pm        
រូបភាព
លោកជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត។
លោកជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សំណើ​របស់​មេធាវី ដែល​ស្នើ​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវបាន​ច្រានចោល​។ ការច្រានចោល​របស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​នៅក្នុង​សវនាការ នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២0១៧​នេះ​។ លោក គឹម សុខ ត្រូវបាន​មន្ត្រី​ពន្ធនាគារ ដឹក​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​ក្នុង​សវនាការ​។



​លោក​មេធាវី​ជូ​ង ជូ​ងី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ស៊ើប​សង្កេត​លើ​សំណុំ​រឿងនេះ គឺ​ចប់សព្វគ្រប់​ហើយ ដូច្នេះ វា គ្មាន​ភាពចាំបាច់ ក្នុងការ​ឃុំខ្លួន​លោក គឹម សុខ ដែលជា​កូនក្តី​របស់លោក បន្តទៀត នោះទេ​។ លោក​មេធាវី សោកស្តាយ ដែល​សាលាឧទ្ធរណ៍ មិនបាន​សម្រេច​តាម​ការទាមទារ​របស់​លោក​។ លោក​មេធាវី​រូបនេះ ប្រាប់ថា លោក នឹង​ជជែក​ជាមួយនឹង​លោក គឹម សុខ ដើម្បី​បន្ត​ទាមទារ​នៅ​តុលាការ​កំពូល​។  

​ក្នុងអំឡុង​ខែសីហា ឆ្នាំ​២0១៧ កន្លងទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម ដោយ​សម្រេច​ឲ្យ លោក គឹម សុខ ជាប់ពន្ធ​ន​គារ​រយៈពេល​មួយឆ្នាំ​កន្លះ និង​តម្រូវ​ឲ្យ​បង់ប្រាក់​ជាង ២​សែន​ដុល្លារ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​លោក គឹម សុខ ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​»​។

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ដើមបណ្តឹង នៅក្នុង​សំណុំ​រឿងនេះ​។ បើតាម គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច ហ៊ុន សែន ការដាក់​ពាក្យ​ប្តឹង គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម​ដ៏​ល្បី​ល្បាយ​មួយរូប នៅ​កម្ពុជា​៕         


Tag:
 ​កឹម សុខ​
  មេធាវី​
  ជូ​ង ជូ​ងី​
© រក្សាសិទ្ធិដោយ thmeythmey.com