ជាតិ
លោក William Heidt ៖​អ្នកស្ម័គ្រចិត្ត Peace Corps ចូលរួម​កសាង​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ឲ្យ​កាន់តែ​មាំ​
15, Sep 2017 , 8:19 pm        
រូបភាព
​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ចំនួន​៧១​នាក់​ទៀត បាន​ស្បថ​ចូលធ្វើ​ការងារ​នៅ​សហគមន៍​ជនបទ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែកញ្ញា​នេះ​។ ពួកគេ នឹងត្រូវ​រស់នៅ​ជាមួយ​គ្រួសារ​ម្ចាស់ផ្ទះ នៅតាម​សហគមន៍​ជនបទ រយៈពេល​២​ឆ្នាំ ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​ស​ម្រ​ម​ខ្លួន​ទៅក្នុង​សហគមន៍  រៀន​ពី​វប្បធម៌ ប្រពៃណី និង​រៀន​និយាយ​ភាសា​ខ្មែរ​។  នៅក្នុង​ពិធី​ស្បថ​នេះ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្ត Peace Corps ដែល​តំណាង​ឲ្យ​ពលរដ្ឋ​អាមេរិក គឺជា​ផ្នែក​មួយ​ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក ឲ្យ​កាន់តែ​រឹងមាំ​។



​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​នេះ អ្នកស្ម័គ្រចិត្ត​នៃ​ទីភ្នាក់ងារ Peace Corps ចំនួន​៧១​នាក់​ទៀត បាន​ស្បថ​ចូល​បំពេញការងារ​របស់ខ្លួន ក្នុងនាម​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​អ្នក​អប់រំ​សុខភាព​នៅតាម​មណ្ឌល​សុខភាព​ក្នុង​សហគមន៍​ជនបទ​របស់​កម្ពុជា​។ អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ត្រូវធ្វើ​ការ​នៅ​ទីនោះ​រយៈពេល​២​ឆ្នាំ នៅតាម​សហគមន៍​ជនបទ ក្នុង​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា និង​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ ដើម្បី​ឲ្យ​ពួគគេ ស​ម្រ​ម​ខ្លួន​ទៅក្នុង​សហគមន៍  រៀន​ពី​វប្បធម៌ ប្រពៃណី និង​រៀន​និយាយ​ភាសា​ខ្មែរ​។​

​នៅក្នុង​ពិធី​ស្បថ​នេះ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា លោក​រីករាយ​នៅពេលដែល​អ្នកស្ម័គ្រចិត្ត Peace Corps បាន​លះបង់​ពេលវេលា និង​កម្លាំងកាយ​ពួកគេ ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​។ លោក​បន្ថែមថា  អ្នកស្ម័គ្រចិត្ត Peace Corps គឺជា​តំណាង​នៃ​ពលរដ្ឋ​អាមេរិក ក្នុងការ​បង្កើន​ទំនាក់ទំនង​គ្នា ស្វែងរក​សន្តិភាព និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ឲ្យ​ឈរ​យ៉ាងរឹងមាំ​។ លោក​ឯកអគ្គរដ្ឋទូត បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​រីករាយ​ណាស់ ដែល​ថ្ងៃនេះ អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps​ចំនួន​៧១​នាក់  ដែល​តាំងចិត្ត​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយជា​ផ្នែក​មួយ​នៃ​ការកសាង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក ចែករំលែក​បទពិសោធ​ន៍​ជីវិត​នៅក្នុង​សហគមន៍ នៅ​សាលារៀន និង​មណ្ឌល​សុខភាព ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ យល់​ពីគ្នា​កាន់តែ​ប្រសើរឡើង​»​។ 

​ក្នុង​ពិធី​នោះដែរ អ្នកស្រី Paula Albertson នាយក​ទីភ្នាក់ងារ Peace Corps ប្រចាំ​កម្ពុជា បានស្នើ​ឲ្យ​អ្នកស្ម័គ្រចិត្ត​ទាំង​៧១​នាក់ ដែលជា​តំណាង​ឲ្យ​ពលរដ្ឋ​អាមេរិក ត្រូវ​ចាត់ទុក​ការងារ​នេះ​អាទិភាព ធ្វើ​ប្រឹងប្រែង​ធ្វើការ​ដោយ​ការទទួលខុសត្រូវ​។​

​ទីភ្នាក់ងារ Peace Corps បាន​បញ្ជូន​អ្នកស្ម័គ្រចិត្ត​របស់ខ្លួន ឲ្យ​មក​ធ្វើ​ការងារ​នៅក្នុង​សហគមន៍​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ មកទល់ពេលនេះ មាន​អ្នកស្ម័គ្រចិត្ត​ចំនួន​៥០២​នាក់​ហើយ ដែល​បានមក​ធ្វើការ​នៅ​កម្ពុជា ដោយ​ពួកគេ​បាន​បង្រៀន​ភាសា​អង់គ្លេស និង​បណ្តុះបណ្តាល​គ្រូ និង​អ្នក​អប់រំ​សុខភាព​តាម​មណ្ឌល​សុខភាព​នានា​ក្នុង​សហគមន៍​។

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦១ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy ទីភ្នាក់ងារ Peace Corps មាន​គោលដៅ​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក និក​សាង​សមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី នៅក្នុង​ប្រទេស​ដែលមាន​ការពាក់ព័ន្ធ និង​លើកកម្ពស់ ការយល់​គ្នា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​៕


Tag:
 William Heidt
  Peace Corps
  ​កម្ពុជា​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com