ជាតិ
សិស្ស​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យមួយ​ក្នុង​ខេត្តក្រចេះ សុទ្ធតែ​បាន​ប្រាក់រង្វាន់​ពី​លោក គាត ឈន់​
15, Sep 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សិស្ស​និទ្ទេស​A​នៃ​វិទ្យាល័យ​សិលា​វេទី​គាត ឈន់ បានទទួល​រង្វាន់​ជា​ទឹកប្រាក់​ពី​លោក គាត ឈន់ អតីតរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន​១​ពាន់​ដុល្លារ​។ ក្រៅពី​សិស្ស​និទ្ទេស​A សិស្ស​និទ្ទេស​E​ដល់​B និង​លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​សិលា​វេទី គាត ឈន់ ក៏​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ពី​លោក គាត ឈន់ ផងដែរ​។

    


​សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ទាំង​១០១​នាក់​នៃ​វិទ្យាល័យ​សិលា​វេទី គាត ឈន់ បានទទួល​រង្វាន់​ជា​ទឹកប្រាក់​យ៉ាងច្រើន​ពី​លោក គាត ឈន់ តំណាងរាស្ត្រ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​ខេត្តក្រចេះ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា​។   



​លោក គាត ឈន់ ជា​អ្នកនយោបាយ​ចាស់វស្សា​ដែលមាន​ស្រុកកំណើត​ក្នុងស្រុក​ឆ្លូង​ខេត្តក្រចេះ បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​ទឹកប្រាក់​សម្រាប់​សិស្ស​និទ្ទេស​A​ចំនួន​ពីរ​នាក់ ដោយ​ម្នាក់ៗ ទទួលបាន​១​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំណែក សិស្ស​និទ្ទេស​B ម្នាក់ៗ​ទទួលបាន​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ដោយឡែក សិស្ស​និទ្ទេស​C ទទួលបាន​៣០០​ដុល្លារ និទ្ទេស​D ទទួលបាន​២០០​ដុល្លារ ខណៈ​សិស្ស​និទ្ទេស​E ម្នាក់ៗ​ទទួលបាន​១០០​ដុល្លារ​។

​ក្រៅពី​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស លោក គាត ឈន់ ក៏បាន​ជូន​ថវិកា​ដល់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិលា​វេទី​គាត ឈន់ ដែល​ស្ថិតក្នុង​ឃុំ​ហានជ័យ ស្រុក​ឆ្លូង​ខេត្តក្រចេះ ដោយ​ម្នាក់​ទទួលបាន​២០០​ដុល្លារ​សហរដ្ឋអាមេរិក​។  

​សូមបញ្ជាក់ថា ខេត្តក្រចេះ មាន​សិស្ស​ជាប់​និទ្ទេស​A​ចំនួន​៦​នាក់ ខណៈ​ស្រុក​ឆ្លូង​មាន​សិស្ស ជ័យលាភី​និទ្ទេស​A​ចំនួន​២​នាក់ គឺ ភួង សុធា​រី និង អ៊ីវ តែ​គួ​ង​៕        


Tag:
 និទ្ទេស​A
 ​ គាត ឈន់
© រក្សាសិទ្ធិដោយ thmeythmey.com