ជាតិ
លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ទទួលបាន​ពានរង្វាន់​ជាន់ខ្ពស់​ផ្នែក​វប្បធម៌​ពី​ប្រទេស​ជប៉ុន​ ​
15, Sep 2017 , 6:02 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក គង់ ណៃ សិល្បករ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​មួយរូប ដែលមាន​គោរមងារ​ថា ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ បានទទួល​ពានរង្វាន់​មួយ​ពី​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ​២0១៧​នេះ ដែលមាន​ឈ្មោះថា «​ពានរង្វាន់​សិល្បៈ​វប្បធម៌​ហ្វុ​គុ​អូ​កា​» (Fukuoka Prize)​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​



ក្រោយ​ធ្វើដំណើរមកដល់​កម្ពុជា​វិញ នៅ​រសៀល​ល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២0១៧​នេះ លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបាន​ក្រសួង​វប្បធម៌  រៀបចំ​ពិធី​ទទួល នៅ​ព្រលានយន្តហោះ​ភ្នំពេញ​។ បើ​យោងតាម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ ក្បួន​រថយន្ត បាន​ដង្ហែ​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ពីព្រលានយន្តហោះភ្នំពេញ ទៅកាន់​សាលចតុមុខ​។ ក្រសួង​វប្បធម៌ បានរៀបចំ​កម្មវិធី​មហោស្រព នៅ​សាលចតុមុខ ដើម្បី​អបអរសាទរ លោក​ព្រឹទ្ធាចារ្យ គង់ ណៃ​។ លើសពីនេះ ក្រសួង​វប្បធម៌ ក៏បាន​ធ្វើ​សន្និសីទកាសែត​ផងដែរ ជុំវិញ​លោក​ព្រឹទ្ធាចារ្យ គង់ ណៃ ទទួលបាន​ពានរង្វាន់​ខាងលើ​។​

ក្រសួង​វប្បធម៌ បញ្ជាក់ថា «​ពានរង្វាន់​ហ្វុ​គុ​អូ​កា​» ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩០ ក្នុង​គោលបំណង​ផ្តល់​កិត្តិយស​ដល់​បុគ្គល ក្រុម ឬ​ស្ថាប័ន​ណា  ដែលមាន​ស្នាដៃ​លេចធ្លោ ក្នុងការ​ថែរក្សា និង​ការបង្កើត​នូវ​វប្បធម៌​អាស៊ី​មួយ ប្រកបដោយ​លក្ខណៈពិសេស​និង​ភាព​ចម្រុះ ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក និង​លើកកម្ពស់​ការយល់ដឹង​អំពី​តម្លៃ​នៃ​វប្បធម៌​អាស៊ី​៕


© រក្សាសិទ្ធិដោយ thmeythmey.com