បទយកការណ៍ / បទសម្ភាសន៍
កញ្ញា សាំង លី​ណែ​ត​៖«​ការងារ​ស្ម័គ្រចិត្ត កែប្រែ​ខ្ញុំ​ពី​អាត្មានិយម ទៅ​គិត​ផលប្រយោជន៍​រួម និង​ចេះ​ដឹកនាំ​»
17, Sep 2017 , 6:39 pm        
រូបភាព
ដោយ:
​កញ្ញា សាំង លី​ណែ​ត ជា​អនុប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការអភិវឌ្ឍ​សង្គម​។ លី​ណែ​ត ដែល​កំពុង​រៀន​ឆ្នាំ​ទី​ជំនាញ​ច្បាប់ ឆ្នាំ​ទី​២ បាន​ផ្តើម​ការងារ​ស្ម័គ្រចិត្ត​តាំងពី​ឆ្នាំ​២០១៤​មក​។ បើតាម​យុវតី​វ័យ​២០​ឆ្នាំ​រូបនេះ ការងារ​ស្ម័គ្រចិត្ត បានធ្វើ​ឲ្យ​កញ្ញា លី​ណែ​ត រីកចម្រើន​យ៉ាងច្រើន ទាំង​ចំណេះដឹង ភាពជា​អ្នកដឹកនាំ បទពិសោធន៍​ថ្មីៗ​។ លើសពីនេះ ការងារ​ស្ម័គ្រ​ចិត្តបាន​បំប្លែង​ខ្លួន​កញ្ញា ពី​មនុស្ស​អាត្មានិយម ទៅជា​មនុស្ស​ដែល​គិតពី​ផលប្រយោជន៍​រួម និង​ក្រុម​ជាធំ​។​



​កញ្ញា សាំង លី​ណែ​ត ជា​អនុប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការអភិវឌ្ឍ​សង្គម​។ លី​ណែ​ត បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​ស្ម័គ្រចិត្ត តាំងពី​នៅ​ឆ្នាំ​២០១៤ ពោលគឺ​ពេល​នាង​រៀន​នៅ​ថ្នាក់​ទី​១១​ម្ល៉េះ ជាមួយ​សមាគមយុវជន​ខ្មែរ លើ​ការអប់រំ​បង្ការ​គ្រឿងញៀន គ្រឿង​ស្រវឹង​។ បច្ចុប្បន្ន កញ្ញា សាំង លី​ណែ​ត កំពុង​សិក្សា​ឆ្នាំ​ទី​២ ជំនាញ​នីតិសាស្ត្រ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​



​កញ្ញា​សាំង លី​ណែ​ត បាន​រៀបរាប់​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្លួន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ដូច្នេះ​៖«​នៅពេលនោះ​ខ្ញុំ​ឃើញ​ជា​យុវជន​ឆ្នើម​២​រូប​នៅ​វិទ្យាល័យ ដែល​ពួកគាត់​រៀន​ពូកែ​ហើយ ធ្វើ​ការងារ​សង្គម​ទៀត​។ ម្យ៉ាងវិញទៀត ខ្ញុំ​ដឹង​យុវជន​មាន​តួនាទី​អ្វី​ដើម្បី​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​សង្គម បន្ទាប់មក ខ្ញុំ​ក៏បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត នៅ​សមាគមយុវជន​ខ្មែរ​»​។

​ក្រោយ​តែ​ពី​ទទួល​ការបណ្តុះបណ្តាល ពី​ការអប់រំ​គ្រឿងញៀន​គ្រឿង​ស្រវឹង កញ្ញា​បាន​ចុះ​សហគមន៍​អប់រំ​បន្ត និង​បាន​ចូលរួម​បង្កើត​កម្មវិធី​ផ្សេងៗ​ជាច្រើន ដូចជា​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល ការប្រគំ​តន្ត្រី ការសម្តែង​រឿង​អប់រំ​ខ្លី ក៏ដូចជា​ធ្វើ​យុទ្ធ​ការ​តាម​បណ្តាញ​សង្គម​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​ផលប៉ះពាល់ និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​គ្រឿង​ស្រវឹង​។​



​បន្ទាប់ពី​ប្រឡង​ជាប់​បាក់​ឌុប នៅ​ឆ្នាំ​២០១៦ ក៏​យុវតី​ដែល​កើត និង​រស់នៅ​ក្រុងភ្នំពេញ​រូបនេះ មិនអាច​ដកខ្លួន​ពី​ការងារ​ស្ម័គ្រចិត្ត​បានឡើយ​។ ផ្ទុយទៅវិញ នាង​កាន់តែ​សកម្ម​ជាង​ពេល​រៀន​វិទ្យាល័យ​ទៅទៀត ប៉ុន្តែ​ផ្តោតលើ​វិស័យ​អប់រំ បរិស្ថាន និង​កម្មវិធី​សប្បុរសធម៌​វិញ​ម្តង​។​

​យុវតី​វ័យ​២០​ឆ្នាំ​រូបនេះ បាន​អះអាងថា នាង​ចេះ​ដឹកនាំ​គម្រោង​តាំងពី​រៀន​នៅ​ឆ្នាំ​ទី​១ ហើយ​គម្រោង​ធំ​មួយ​ចំណោម​នោះ គឺ​«​គន្លឹះ​កសាង​ខ្លួន ជា​យុវជន​ឆ្នើម​សតវត្ស​ទី​២១»​។  កញ្ញា លី​ណែ​ត ទទួលស្គាល់ថា យុវជន​ដែល​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​មាន​ច្រើន ប៉ុន្តែ​ក្នុងចំណោម​ពួកគេ មាន​តិចតួច​ណាស់ ដែលមាន​គំនិត​ម្ចាស់ការ និង​ចេះ​ដឹកនាំ​គម្រោង​ដូចដែល​នាង​កំពុង​ធ្វើ​។ កញ្ញា​លី​ណែ​ត​ថ្លែង​ដូច្នេះ​ថា​៖«​សមត្ថភាព មិនត្រូវ​បានកំណត់​ដោយ​អាយុ​ទេ សំខាន់​យុវជន ត្រូវ​កសាង​ខ្លួន​ឲ្យ​មាន​សមត្ថភាព បទពិសោធន៍ ហ៊ាន​ធ្វើ​និង​ត្រូវ​ចេះ​បង្កើត​ស្នាដៃ សម្រាប់​ខ្លួនឯង និង​សង្គម​»​។​



​តាមរយៈ​បទពិសោធន៍​ការងារ​ស្ម័គ្រចិត្ត​ផ្ទាល់ខ្លួន កញ្ញា លី​ណែ​ត បាន​អះអាងថា អ្វីដែល​នាង​ទួលបាន​ពី​ការងារ​ស្ម័គ្រចិត្ត គឺ​ហួស​ពី​ការរំពឹង​ទៅទៀត​។ អ្វីដែល​រៀន​នៅ​សាលា បានត្រឹមតែ​២៥​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ការងារ​ស្ម័គ្រចិត្ត បង្រៀន​នាង​បាន​៧៥​ភាគរយ​។ នេះ​ជាការ​បន្ថែម​របស់​លី​ណែ​ត រួច​បន្តទៀតថា ការងារ​ស្ម័គ្រ​ចិត្តបាន​បំប្លែង​ខ្លួន​នាង ពី​មនុស្ស​អាត្មានិយម ទៅជា​មនុស្ស​ដែល​គិតពី​ផលប្រយោជន៍​រួម និង​ក្រុម​ជាធំ​។ កញ្ញា សាំង លី​ណែ​ត ថ្លែង​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​បាន​រៀន​ពី​ការងារ​ស្ម័គ្រចិត្ត គឺ​ភាព​អាត្មានិយម​។ ពីមុន​ខ្ញុំ​អាត្មានិយម​ខ្លះ​ដែរ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ចូលរួម​ការងារ​សង្គម ខ្ញុំ​គិតថា​ភាព​អាត្មានិយម គួរតែ​បោះចោល​ឲ្យ​អស់​។ ការងារ​សង្គម បានធ្វើ​ឲ្យ​ខ្ញុំ មាន​ភាពជា​អ្នកដឹកនាំ​»​។

​បើទោះបីជា​កញ្ញា លី​ណែ​ត ជោគជ័យ​លើ​ការងារ​ស្ម័គ្រ​យ៉ាងណាក្តី ប៉ុន្តែ​នាង​មាន​វិប្បដិសារី ដោយសារ​នាង​បាន​ប្រឡង​ធ្លាក់​បាក់​ឌុប​នៅ​ឆ្នាំ​២០១៥​។ ប៉ុន្តែ លី​ណែ​ត មិន​បោះបង់​ការសិក្សា​ដែល​នាង​បាន​ខិតខំ​ប្រឹងប្រែង​អស់​១២​ឆ្នាំ​នោះទេ​នាង​តែង​ព្យាយាម​លើកទឹកចិត្ត​ខ្លួនឯង និង​ប្រឡង​ម្តងទៀត​រហូត​ជោគជ័យ​នៅ​ឆ្នាំ​២០១៦​។ កញ្ញា សាំង លី​ណែ​ត ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​ឈឺចាប់​ដែល​ធ្លាប់​ប្រឡង​ធ្លាក់ ប៉ុន្តែ​វា​មិនមែន​បង្អាក់ដំណើរ​ជីវិត​ត្រឹមហ្នឹង​ទេ​។ ទោះបីជា​ខ្ញុំ​បរាជ័យ​ក្នុងការ​សិក្សា ប៉ុន្តែ​ខ្ញុំ​អាច​នឹង​ជោគជ័យ​រឿង​ផ្សេងទៀត សម្រេច​ក្តី​បំណង​ខ្ញុំ​នៅ​ផ្នែក​ផ្សេងទៀត​»​។​



​សម្រាប់ យុវតី​រូបនេះ បរាជ័យ គឺ​ឧបសគ្គ​តូច​មួយ​ប៉ុណ្ណោះ ហើយ​ថ្ងៃមុខ នៅមាន​ច្រើន និង​ឧបសគ្គ​ធំៗ​ជាង​នេះ ដែល​នាង​ត្រូវ​ឆ្លងកាត់​។ លី​ណែ​ត បញ្ជាក់​បន្ថែមថា​៖«​ទៅមុខ​ទៅ​មានរឿង​ធំៗ​ទៅមុខទៀត យើង​ត្រូវ​ឆ្លងកាត់​វា​ឲ្យ​បាន ហើយ​មាន​មនុស្ស​ច្រើន​ទៀត​រង់​ចាំមើល ថា​យើង​ឆ្លងកាត់​វា​បាន​អត់​»​។​

​លី​ណែ​ត លើកទឹកចិត្ត​ឲ្យ​សិស្ស​ដែល​ប្រឡង​ធ្លាក់ កុំ​ឲ្យ​បោះបង់​ការសិក្សា និង​បន្ត​ប្រឹង​បន្តទៀត ដើម្បី​សម្រេច​គោលដៅ ទៅ​ថ្ងៃ​អនាគត​។ ត្រឡប់មក​ការងារ​ស្ម័គ្រចិត្ត​វិញ អនុប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​ការអភិវឌ្ឍ​សង្គម​រូបនេះ លើកទឹកចិត្ត​យុវជន ឲ្យ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​សង្គម ឆ្លើយតប​នឹង​ជំនាញ​សិក្សា ពេលវេលា និង​ធនធាន​ដែល​ខ្លួន​មាន និង​ពិសេស​ទៀត​នោះ គឺ​មិនត្រូវ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​ឡើយ​៕













Tag:
 សាំង លី​ណែ​ត
  ការងារ​ស្ម័គ្រចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com