អន្តរជាតិ
របាយការណ៍​៖ ការប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ការធ្វើដំណើរ​តាម​យន្តហោះ​កាន់តែ​គ្រោះថ្នាក់​
21, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា ការកើនឡើង​កម្ដៅ​ផែនដី​នឹងធ្វើ​ឲ្យ​ការហោះហើរ​និង ដឹកជញ្ជូន​តាម​យន្តហោះ​កាន់តែ​លំបាក​ក្នុងពេល​ប៉ុន្មាន​ទស្សវត្សរ៍​ខាងមុខ​។ ពេលដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង ចំណុះ​សាំង ទំនិញ​ដឹកជញ្ជូន និង​អ្នកដំណើរ​នឹងត្រូវ​កាត់បន្ថយ ហើយ​ជើងហោះហើរ​ក៏ត្រូវ​ផ្អាក​ដូចគ្នា​ដែរ​។​



​កំណើន​សីតុណ្ហភាព​ដោយសារ​ការកើនឡើង​ក​ម្ដៅ​ផែនដី​ធ្វើ​ឲ្យ​យន្តហោះ​កាន់តែ​ពិបាក​ហោះ​ឡើង​ក្នុង​រយៈពេល​ច្រើន​ទស្សវត្ស​ខាងមុខនេះ​។ នេះ​បើ​យោងតាម របាយការណ៍​សិក្សា​មួយ​របស់​អាមេរិក បន្ទាប់ពី​យន្តហោះ​ត្រូវ​ចុះចត​ជាបន្ទាន់​ដោយសារ​បញ្ហា​អាកាសធាតុ​ក្នុង​រដ្ឋ Arizona​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​៤៣​គ្រឿង​ដែល​ហោះ​ទាំង​ទៅ​ទាំង​មកពី​ព្រលានយន្តហោះ Phoenix Sky Harbor ត្រូវ​ចុះចត​ជាបន្ទាន់​កាលពី​ចុងខែ​មិថុនា​កន្លងមក​ព្រោះតែ​ធាតុអាកាស​ឡើង​ក្ដៅ​ដល់​៤៩​អង្សា​ឯណោះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកវិទ្យាសាស្ដ្រ​អាមេរិក​បាន​ព្រមាន​ថា ប្រសិនជា​កម្ដៅ​ផែនដី​នៅតែ​មិនមាន​ភាព​ថមថយ​ទេនោះ ចំណុះ​សាំង​យន្តហោះ និង​បរិមាណ​ទំនិញ​ដឹកជញ្ជូន រួមទាំង​អ្នកដំណើរ​ផង​នោះ​នឹងត្រូវ​កាត់បន្ថយ​។ ការកាត់បន្ថយ​នេះ​អាចមាន​រហូតដល់​៤​ភាគរយ​ដែល​ស្មើនឹង​ការ បន្ថយ​អ្នកដំណើរ​ចន្លោះ​ពី ១២​ទៅ​១៣ នាក់​ក្នុង​យន្តហោះ​ជា​មធ្យម​មាន​កៅអី ១៦០​។​

​ម្យ៉ាងវិញទៀត​នៅពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ១០ ទៅ​៣០​ភាគរយ​នៃ​យន្តហោះ​ដែល​ដឹកទំនិញ​និង​អ្នកដំណើរ​ពេញៗ​ត្រូវ​ចាំ​ដល់ពេល​អាកាសធាតុ​ត្រជាក់​សិន​ទើប​ហោះ​បាន​។ បើ​មិន​ដូច្នោះ​ទេ​គ​ចាំបាច់​ត្រូវ​កាត់បន្ថយ​អ្នកដំណើរ​ឬ​ទំនិញ​ដឹកជញ្ជូន​សិន​។​

​បើតាម​លោក​Ethan Coffel ជា​អ្នកនិពន្ធ​ឆ្នើម​និង​ជា​សិស្ស​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី ការដាក់កំហិត​ទៅលើ​ទម្ងន់​នៃ​ការដឹកជញ្ជូន​នឹងធ្វើ​ឲ្យ​ថ្លៃ​ហោះហើរ​កើនឡើង ថែមទាំង​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការផលិត​យន្តហោះ​ជុំវិញ​ពិភពលោក​ទៀតផង​។​

​អ្នកវិទ្យាសាស្ដ្រ​ផ្សេងៗ​ទៀត​ក៏បាន​អះអាង​ផងដែរ​ថា ការប្រែប្រួល​អាកាសធាតុ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ពេល​ហោះហើរ និង​ការផ្លាស់ប្ដូរ​ទិសដៅ​ខ្យល់​ដែល​ធ្វើ​ឲ្យ​ការហោះហើរ​ពិបាក​និង​ត្រូវការ​ពេល​យូរ​។ ដូច​ឃើញ​ហើយ ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​កំពុង​ធ្វើ​ឲ្យ​ព្រលានយន្តហោះ​ធំៗ​មួយចំនួន​លិចលង់​រួចទៅហើយ​៕


Tag:
 អាមេរិក​
  ការប្រែប្រួល​អាកាសធាតុ​
  Ethan Coffel
© រក្សាសិទ្ធិដោយ thmeythmey.com