ជាតិ
តើពិធីពូនភ្នំខ្សាច់ ធ្វើឡើងដើម្បីអ្វី?
× ពិធីពូនភ្នំខ្សាច់នេះ មិនមែនធ្វើឡើងតែក្នុងរដូវបុណ្យភ្នុំបិណ្ឌនោះទេ។ តាមទំនៀមទម្លាប់ខ្មែរ ការពូនភ្នំខ្សាច់នេះ អាចធ្វើឡើងនៅក្នុងពិធីបុណ្យអ្វីក៏បានដែរ មានដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យមាឃបូជា បុណ្យវិសាខបូជា បុណ្យបច្ច័យបួន ។ល។ តើហេតុអ្វីបានបុរាណបណ្ឌិត បង្កើតពិធីពូនភ្នំខ្សាច់នេះឡើង?
ការពិត ពិធីពូនភ្នំខ្សាច់ កើតមានឡើងតាំងពីជាង២៥០០ឆ្នាំមុនមកម្លោះ ពោលគឺកាលពីព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ធរមាន។ អ្វីមួយកើតមានឡើង អ្វីនោះតែងតែមានរឿងនិទានរបស់វា។ បុន្តែដោយហេតុថា រឿងនិទាននោះ វែងអន្លាយ និងស្មុគស្មាញពេក ហើយហាក់ដូចជាមិនសូវឆ្លុះបញ្ចាំងពីប្រយោជន៍បច្ចុប្បន្នថែមទៀត ដូច្នេះខ្ញុំសូមមិនរៀបរាប់ទៅចុះ។ ប៉ុន្តែអ្វីដែលនឹងលាតត្រដាងនោះ គឺខ្លឹមសារ និងអត្ថន័យនៃពិធីនេះ ដែលអាចនាំមកនូវប្រយោជន៍សម្រាប់ជីវិតបច្ចុប្បន្នទើបជាការប្រសើរ។
ភ្នំខ្សាច់នេះ ឬចេតិយខ្សាច់ ហៅតាមភាសាបាលីថា វាលុកចេតិយ។ ចេតិយខ្សាច់ គឺជាគំនរខ្សាច់ដែលត្រូវបានគេពូនជារាងចេតិយ ដើម្បីឧទ្ទិសដល់ព្រះចូឡាមុនីចេតិយ របស់ព្រះពុទ្ធអង្គ។ ចូឡាមណីចេតិ គឺជាចេតិយដែលតម្កល់នូវ ព្រះកេសា និងព្រះចង្កូមកែវ របស់ព្រះពុទ្ធ ដែលស្ថិតនៅឯស្ថានតាវត្តិង្សឯណោះ។ ស្ថានតាវត្តិង្ស គឺជាស្ថានសួគ៌មួយ ក្នុងចំណោមស្ថានទេវលោកជាច្រើនទៀត ដែលគ្រប់គ្រងដោយ ព្រះឥទ្ធ (មិនអាចរៀបរាប់អំពីស្ថានេះឲ្យបានក្បោះក្បាយនៅពេលនេះឡើយ)។
កាលពីព្រះពុទ្ធអង្គចេញសាងព្រះផ្នួសនៅព្រះជន្ម២៩ ឆ្នាំ ព្រះអង្គក៏បានកាត់ព្រះកេសាដោយខ្លួនឯង ហើយព្រះកេសានោះ ត្រូវបានទេវតា នាំយកទៅតម្កល់ទុកនៅឯចូឡាមណីចេតិយ។ ចំណែកឯ ព្រះចង្កូមកែវ ត្រូវបានទេវតាបាននាំទៅតម្កល់ទុកក្នុងចេតិយនេះដូចគ្នា គឺនៅពេលដែល ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ហើយព្រះសពត្រូវបានរំលាយដោយព្រះអគ្គី។ ដូច្នេះ ភ្នំខ្សាច់ដែលត្រូវបានធ្វើឡើង គឺតំណាងឲ្យព្រះចេតិយដែលបញ្ចុះនូវព្រះកេសា និងព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធនេះឯង។
ការពូនភ្នំខ្សាច់នេះ បុរាណបណ្ឌិតយើងបានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយ។ ការរឭកដល់ព្រះចូឡាមណីចេតិយ គឺជាការរឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរឭកដល់ព្រះសារីរិកធាតុ គឺដូចជាការរឭកដល់ តួអង្គផ្ទាល់នៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមានគុណដ៏អនេកប្បការចំពោះសត្វលោក ពោកគឺគុណទាំងបី រួមមាន បញ្ញាគុណ ករុណាគុណ និងវិសេសនគុណ។ ការរឭកដល់គុណព្រះពុទ្ធនេះហើយ ដែលធ្វើឲ្យយើងកើតចិត្តជ្រះថ្លាចំពោះព្រះអង្គ ដែលជាហេតុនាំឲ្យកើតកុសលផលបុណ្យ។
ហើយម្យ៉ាងទៀត ដោយអំណាចនៃការពូនភ្នំខ្សាច់ ឧបកិច្ចដល់ព្រះចូឡាមណីចេតិយនេះ ក៏អាចឲ្យអ្នកទាំងឡាយដែលចូលរួមពូននោះ ធ្វើនូវការសុំអធ្យាស្រ័យ ដល់ពពួកសត្វ និងមនុស្ស ព្រមទាំងទេវតាទាំងពួង ក្នុងចក្រវាឡទាំងមូល ឲ្យលើកលែង និងអហោសកម្មដល់ខ្លួន ដែលធ្លាប់ប្រព្រឹត្តនូវអំពើជាអកុសល ដល់សត្វលោកទាំងនោះ ក្នុងអតីតជាតិ ដោយអចេតនាណាមួយ។ ប៉ុន្តែប្រសិនបើបាបកម្ម ដែលយើងធ្លាប់ធ្វើលើអ្នកដទៃឲ្យរងការឈឺចាប់ដោយចេតនា និងចិត្តឫស្យា នោះយើងពុំអាចសុំឲ្យដាច់កម្មពៀរ ឬបាបកម្ម ដោយគ្រាន់តែគោរពចំពោះភ្នំខ្សាច់នោះទេ។ បើយើងធ្វើបាបគេដោយចេតនា ហើយយើងអាចសុំលាងជម្រះបាបកម្ម ឬកម្មពៀរទាំងនោះ ដោយគ្រាន់បូជាចំពោះភ្នំខ្សាច់ប៉ុណ្ណឹង អីចឹងវាដូចជាអយុត្តិធម៌ពេកហើយ។ ច្បាប់ធម្មជាតិមិនតម្រូវឲ្យយើងមានសិទ្ធិដ៏អស្ចារ្យដូច្នេះឡើយ។
ជាងនេះទៅទៀត ដោយអានុភាពនៃសទ្ធាជ្រះថ្នាក្នុងការពូនភ្នំខ្សាច់ រឭកដល់ព្រះពុទ្ធអង្គ យើងក៏អាចប្រាថ្នាសុំនូវសិរីសួស្តីទាំងឡាយឲ្យកើតមានដល់ក្រុមគ្រួសារ និងសហគមន៍ផងដែរ។ ប៉ុន្តែ បើទោះបីជាយើងផ្សងដូច្នេះក៏ពិតមែន តែយើងក៏ត្រូវតែខិតខំបំពេញកិច្ចទាំងឡាយណា ដែលនាំឲ្យរីកចម្រើនដែរ មិនមែនតាំងសេចក្តីប្រាថ្នាឡើងបួងសួង ហើយក៏ដេករង់ចាំលទ្ធផលនោះទេ។
ចាស់បុរាណតែងពោលទុកមកថា បើយើងបានពូនភ្នំខ្សាច់ គឺដូចជាយើងហ្នឹងបានចូលរួមសាងសង់នូវព្រះចេតិយ៍ ថ្វាយព្រះសម្មាសម្ពុទ្ធផ្ទាល់អីចឹងដែល។ ហើយការរឭកដល់ព្រះចូឡាមណីចេតិយ ក៏ដូចជាការបូជាដល់ព្រះសម្មាសម្ពុទ្ធផ្ទាល់ដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com