អន្តរជាតិ
លិខិតឆ្លងដែន​ប្រទេស​ណា​ដែលមាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក និង​តំបន់​អាស៊ាន​?
20, Sep 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាល្លឺម៉ង់ បាន​ក្លាយជា​ប្រទេស​ដែលមាន​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក ខណៈ ឥទ្ធិពល​លិខិតឆ្លងដែន​សិង្ហ​បុរី ស្ថិតនៅក្នុង​លំដាប់​ទី​ពីរ​បន្ទាប់ពី​អាល្លឺម៉ង់ និង​ស្ថិតនៅ​លំដាប់​ទីមួយ​ប្រើ​ប្រៀបធៀប​ក្នុង​ក្របខណ្ឌ​របស់​អាស៊ាន​។ នេះ​បើ​យោងតាម​របាយការណ៍​ស្ទាបស្ទង់​ស្តីពី​ចំណាត់ថ្នាក់​ឥទ្ធិពល​លិខិតឆ្លងដែន​សកល​ឆ្នាំ​២០១៧ (Global Passport Power Rank 2017)​។​


 
​ក្រុមហ៊ុន​ប្រឹក្សា​ហិរញ្ញវត្ថុ​សកល Arton នៅ​ដើមឆ្នាំ​២០១៧ បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ចំណាត់ថ្នាក់​នៃ​ឥទ្ធិពល​លិខិតឆ្លងដែន​សកល​ឆ្នាំ​២០១៧​របស់​ប្រទេស​១៩៣ និង​តំបន់​ស្វយ័ត​ចំនួន​៦​។ របាយការណ៍​ស្ទាបស្ទង់ និង​ការធ្វើ​ចំណាត់ថ្នាក់​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ​ចំនួន​ប្រទេស​ដែល​អ្នក​កាន់​លិខិតឆ្លងដែន​នីមួយៗ​អាច​ចូលទៅ​ធ្វើដំណើរ ឬ​កម្សាន្ត​ដោយ​មិនចាំបាច់​ទិដ្ឋាការ ឬ​កន្លែង​ដែល​អ្នកប្រើប្រាស់​ទិដ្ឋាការ​សម្រាប់​ការ​ទៅដល់​របស់​ពួកគេ​។

Global Passport Power Rank 2017 បាន​បង្ហាញថា អាល្លឺម៉ង បាន​ជាប់​ចំណាត់​ថ្នាក់ទីមួយ ជាមួយនឹង​ពិន្ទុសរុប​លើកលែង​ទិដ្ឋាការ ១៥៨ ពោលគឺ​អាល្លឺម៉ង គឺជា​ប្រទេស​ដែលមាន​លិខិតឆ្លងដែន មាន​ឥទ្ធិពល​ខ្លាំងជាងគេ​របស់​ពិភពលោក​។ អ្វី​គួរកត់សម្គាល់​នោះ សិង្ហ​បុរី ដែលជា​ប្រទេស​អ្នកមាន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​នោះ ក៏​ជា​ប្រទេស​ដែលមាន​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​លំដាប់​ទី​ពីរ​របស់​ពិភពលោក​ផងដែរ​។​

​យ៉ាងណាក៏ដោយ បើ​និយាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​វិញ សិង្ហ​បុរី បាន​ស្ថិតនៅក្នុង​លំដាប់​ទីមួយ ខណៈ មី​យ៉ាន់​ម៉ា ស្ថិតនៅ​បាត​តារាង​។ ខាងក្រោម​នេះ គឺជា​ចំណាត់ថ្នាក់​ឥទ្ធិពល​នៃ​លិខិតឆ្លងដែន​របស់​ប្រទេស​អាស៊ាន​ឆ្នាំ​២០១៧​ក្នុងចំណោម​ប្រទេស​១៩៣ និង​តំបន់​ស្វយ័ត​៦ ដែល​វាយតម្លៃ​ដោយ Arton៖

១. សិង្ហ​បុរី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ២
២. ម៉ាឡេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៥
៣. ព្រុយ​ណេ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ២០
៤. ថៃ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៥៨
៥. ហ្វីលីពីន ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៦៧
៦. ឥណ្ឌូណេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៦៩
៧. កម្ពុជា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៧៩
៨. វៀតណាម ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៧៩
៩. ឡាវ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៨២
១០. មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី ៨៧៕


Tag:
 អាស៊ាន​
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com