ជាតិ
លោក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​
22, Sep 2017 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រសួងការពារជាតិ​បារាំង នា​ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី ២១ ខែកញ្ញា​នេះ ។ ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ​របស់​ក្រសួងការពារជាតិ​បារាំង​។​



ដំណើរ​ទស្សនកិច្ច​នេះ មានការ​សម្របសម្រួល​ពី​លោក ចែម វិ​ឌ្យ៉ា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​បារាំង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត នេះ មាន​គោលបំណង​រឹតបន្តឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កម្ពុជា​-​បារាំង​។ ក្នុងអំឡុង​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ា​ណែ​ត នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឧ​ត្ត​ម​ស​នី​យ៍ Gen. Philippe ERRERA អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង​យុទ្ធសាស្ត្រ (DGRIS) នៃ​ក្រសួងការពារជាតិ​បារាំង​នៅ​ទីក្រុង ប៉ារីស រួមទាំង​ជួប​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍ Gen. Patrick COLLET នាយសេនាធិការ​ប្រចាំ​តំបន់ Occitanie  នៅ​ទីក្រុង Toulouse​។ 



ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត នឹង​ជួបពិភាក្សា​ការងារ​ជាមួយ Madame Marie-France MARCHAND-BAYLET ប្រធាន​អគ្គនាយិកា Groupe La Dépèche du Midi ផងដែរ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ដដែល​នេះ លោក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលជួប​ពិភាក្សា​ការងារ​មួយ លោក M.Michel HERBILLON តំណាងរាស្ត្រ និង​ជា​ប្រធាន​សមាគម​មិត្តភាព​បារាំង​-​កម្ពុជា នៅ​វិមាន​រដ្ឋសភា​បារាំង​។​

សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ខាងលើនេះ ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​ហើយ ទៅកាន់​បណ្ដា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​។ ក្រៅពី​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក ហ៊ុន ម៉ា​ណែ​ត មាន​គម្រោង​ជួប​ជាមួយ​យុវជន និង​និស្សិត​ខ្មែរ ពាណិជ្ជករ​ខ្មែរ​-​ចិន និង​ពលរដ្ឋ​ខ្មែរ ជាច្រើន នៅតាម​ប្រទេស​មួយចំនួនទៀត ក្នុង​ទ្វីបអឺរ៉ុប​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com