អន្តរជាតិ
កូរ៉េខាងជើង អាច​បាញ់​សាកល្បង​គ្រាប់បែក​ធុន​ធ្ងន់​ជាថ្មី តប​នឹង​ការ​គំរាម​អាមេរិក​ដែល​ចង់​កម្ទេច​ខ្លួន​
22, Sep 2017 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង មាន​ផែន​ការបាញ់​សាកល្បង​អាវុធ​ធុន​ធ្ងន់​ប​រូ​មា​ណូ​ជាថ្មី​ម្តងទៀត​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ ការប៉ុនប៉ង​របស់​ក្រុង​ព្យុងយ៉ាង បាន​លេចឡើង ក្រោយពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ជាស​កល​ថា កូរ៉េខាងជើង អាច​នឹងត្រូវ​កម្ទេច​ក្នុង​ជម្រើស​ចុងក្រោយ​របស់ខ្លួន បើ​នៅតែ​បន្ត​ជ្រើសរើស​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ។



​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho នៅ​ថ្ងៃ ២១ កញ្ញា បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី Kim Jung Un អាច​នឹង​ពិចារណា​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដែលជា​ប្រភេទ​គ្រាប់បែក​ដ៏​ខ្លាំងក្លា​មួយ​ប្រភេទ​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។

​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​លើក​នេះ អាច​នឹង​ក្លាយជា​ការបាញ់​សាកល្បង​ក្នុង​កម្រិត​ខ្លាំងក្លា​បំផុត​ដើម្បី​ជាការ​ប្រឆាំង និង​ឆ្លើយតប​ទៅនឹង​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ ។

​សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​ការទូត​កូរ៉េខាងជើង​បែបនេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​បាន​សួរថា​តើ កូរ៉េខាងជើង នឹងមាន​ចំណាត់ការ​តប​វិញ​បែបណា​ទៅនឹង​ការព្រមាន​របស់​សហរ​ដ្ឋ​អាមេរិក ទៅលើ​របប​ក្រុង​ព្យុង​យ៉ាងនោះ​។

​សូម​រម្លឹក​ផងដែរ​ថា ឆ្លៀតឱកាស​នៃ​ការផ្តល់​សុន្ទរកថា​ជា​លើកដំបូង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖« អាមេរិក មាន​ជំហរ និង​ការអត់ធ្មត់​ខ្លាំង ក៏ប៉ុន្តែ​ប្រសិនបើ ស្ថានភាព​ត្រូវ​បង្ខំ​ឲ្យ​ត្រូវការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​ខ្លួន អាមេរិក គ្មាន​ជម្រើស​អ្វី​ទៀតឡើយ ក្រៅពី​កម្ទេច​កូរ៉េខាងជើង​នោះ​»​។

​តាមពិតទៅ សេចក្តីថ្លែងការណ៍​ក្នុង​ភាសា​ធ្ងន់ៗ​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ ត្រូវបាន​លេចឡើង នៅក្នុង​វេទិការ​អន្តរជាតិ​បែបនេះ ក៏​ព្រោះតែ កូរ៉េខាងជើង នៅតែ​បន្តសកម្មភាព​ដ៏​គឃ្លើន​ក្នុង​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​អន្តរជាតិ​ទ្វីប​ជា​បន្តបន្ទាប់ ដោយ​រួមទាំង​ការបាញ់​រំលង​ប្រទេស​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក​ទៀតផង ។

​ការបាញ់​សាកល្បង​ទាំងនេះ ធ្វើឡើង​ទាំង​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស និង​ជាពិសេស​នោះ ទាំង​ក្រុមប្រឹក្សាសន្តិសុខ បានអនុម័ត​សេចក្តីសម្រេច ដែលជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​ប្រឆាំង​ទៅនឹង​កូរ៉េខាងជើង​ផងដែរ ៕


© រក្សាសិទ្ធិដោយ thmeythmey.com