អន្តរជាតិ
ចិន ផ្តាំ​កូរ៉េខាងជើង «​កុំ​ធ្វើ​អី​ឲ្យ​លើសពី​ដែន​កំណត់​»
22, Sep 2017 , 5:18 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​មើលឃើញ​ពី​លទ្ធភាព​ក្នុង​ការកសាង​សន្តិភាព និង​ដោះស្រាយ​វិបត្តិ​នៅក្នុង​ឧបទ្វីប​កូរ៉េ ។ ក៏ប៉ុន្តែ ក្រុង​ប៉េកាំង ក៏បាន​ដាស់តឿន​ក្រុង​ព្យុងយ៉ាង​ឲ្យ​ប្រយ័ត្នប្រយែង​ចំពោះ​សកម្មភាព​របស់ខ្លួន ដោយ​កុំ​ដើរ​ហួស​ពី​ដែន​កំណត់ ។



​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា មានតែ​ការចរចា​តែមួយ​ប៉ុណ្ណោះ​នោះទេ ដែលជា​មធ្យោបាយ​ដ៏​សក្តិសម​បំផុត​នៅក្នុង​ការដោះស្រាយ​វិបត្តិ​ឧបទ្វីប​កូរ៉េ ។ លោក វ៉ាង បន្ថែមថា ចិន មិនដែល​នឿយហត់​នឹង​ការស្វែងរក​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ហើយ​ចិន ក៏​នៅតែ​ប្តេជ្ញា​ធានា​ឲ្យ​បាន​នូវ​ការមិនធ្វើ​នុយក្លេអ៊ែរ​នីយកម្ម​ឡើយ ។

​នៅ​ចំពោះមុខ​មេដឹកនាំ​ពិភពលោក​ផ្សេងៗ​ទៀត ប្រមុខ​ការទូត​ចិន បាន​រម្លឹក​ពី​ការប្រឹងប្រែង​របស់​ចិន​ដោយ​មិន​គិតពី​ការនឿយហត់​តាមរយៈ​យន្តការ​នៃ​តុ​ចរចា​«​ប្រាំមួយ​ភាគី​» ដែល​រួមមាន ចិន រុស្ស៊ី អាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​កូរ៉េខាងជើង ។

​យ៉ាងណាក៏ដោយ លោក ក៏បាន​ផ្ញើ​សារ​ទៅកាន់​កូរ៉េខាងជើង​យ៉ាង​ដូច្នេះ​ថា​៖«​កូរ៉េខាងជើង មិនត្រូវ​ដើរ​ហួស​ទិសដៅ​គ្រោះថ្នាក់​របស់ខ្លួន​ឡើយ​»​។ ជាមួយគ្នានេះ ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក គោរព​កិច្ចប្រឹងប្រែង​របស់ខ្លួន​នៅក្នុង​តំបន់​ផងដែរ ។​

​សូម​ជម្រាប​ផងដែរ​ថា ជុំវិញ​បញ្ហា​នៅក្នុង​ឧបទ្វីប​កូរ៉េ​នេះដែរ ប្រធានាធិបតី​អាមេរិក ក៏បាន​ឆ្លៀត​យក​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដើម្បី​ព្រមាន​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​សកម្មភាព​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ផងដែរ ។ លោក​ដូ​ណា​ល់ ត្រាំ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖ « អាមេរិក មាន​ជំហរ និង​ការអត់ធ្មត់​ខ្លាំង ក៏ប៉ុន្តែ​ប្រសិនបើ ស្ថានភាព​ត្រូវ​បង្ខំ​ឲ្យ​ត្រូវការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​ខ្លួន អាមេរិក គ្មាន​ជម្រើស​អ្វី​ទៀតឡើយ ក្រៅពី​កម្ទេច​កូរ៉េខាងជើង​នោះ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com