ជាតិ
លលាដ៍ក្បាល​ខ្មោច​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ មាន​អាយុ​ជាង​៣​ពាន់​ឆ្នាំ​
22, Sep 2017 , 8:39 pm        
រូបភាព
សៀមរាប​៖ ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ មាន​ដាក់​តាំងនូវ​រូប​បដិមា ភាជន៍ និង​វត្ថុ​បុរាណ​ជាច្រើន​។ អ្វីដែល​អារម្មណ៍​នោះ គឺ​ទូ​ដាក់​លលាដ៍ក្បាល​មួយ ដែល​ស្ថិតនៅ​ផ្នែក​ខាងស្តាំ​ដៃ ពេល​ចូលទៅក្នុង​សារមន្ទីរ​។ តាម​ប្រវត្តិ លលា​ក្បាល​នេះ ស្ថិត​ក្នុងសម័យ​បុរេប្រវត្តិ ដែលមាន​អាយុកាល​ជាង ៣​ពាន់​ឆ្នាំ​ហើយ​មកដល់​សព្វថ្ងៃ​។​



​លោក គុន ផល្លី មគ្គុទ្ទេសក៍​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ បាន​ឲ្យ​ដឹងថា លលាដ៍ក្បាល ដែល​ដាក់តាំង​ក្នុង​ទូ​ដាច់ដោយឡែក គឺ​បានមកពី​ការស្រាវជ្រាវ​នៅក្នុង​បារាយណ៍​ខាងលិច ឬ​បារាយណ៍ទឹកថ្លា​។ តាម​អ្នកស្រាវជ្រាវ ទីនេះ​ជាទី​កប់ខ្មោច​នៅ​សម័យ​បុរេប្រវត្តិសាស្ត្រ ក្នុង​យុគ​សំរិទ្ធ​។ ការស្រាវជ្រាវ ដោយ​ធ្វើ​កំណាយ​នៅក្នុង​បារាយណ៍ ធ្វើឡើង​អំឡុង​ឆ្នាំ​២០០៤ និង​២០០៥ ដោយ​សាលា​បារាំង​ចុង​បូព៌ា សហការ​ជាមួយ​អ្នក​បុរាណវិទ្យា​ខ្មែរ ដែល​គម្រោង​សិក្សា​នៅ​២​ទីតាំង ទី​១​នៅ​បារាយណ៍ទឹកថ្លា និង​ស្ថានីយ៍​ព្រៃ​ក្មេង​។​



​តាម​អ្នកស្រាវជ្រាវ លលាដ៍ក្បាល​ដែល​ប្រទះឃើញ​នៅក្នុង​បាត​បារាយណ៍ទឹកថ្លា មាន​អាយុ​ជាង ៣០០០​ឆ្នាំ​មកហើយ​។ លោក ផល្លី បាន​បញ្ជាក់ថា វា​ជា​លលា​ក្បាល​របស់​មនុស្ស​២​ប្រភេទ ដែល​ស្លាប់​ដោយ​ជំងឺ​ធ្មេញ (​ដោយសារ​ដក​ធ្មេញ និង​ដង្កូវ​ស៊ី​ធ្មេញ​ថ្គាម​) និង​លលា​មួយទៀត ដែល​ស្ថិតនៅក្នុង​ទូ​ជាន់​ក្រោម គឺមាន​ភាពខុសគ្នា​ទៅនឹង​លលាដ៍ក្បាល ដែល​ស្លាប់​ដោយសារ​ជំងឺ​ធ្មេញ គឺ​លលា​ក្រាស់ ហើយ​ពួកគេ​ស្លាប់​ដោយសារ​ជំងឺ ឈាមស​ស៊ី ឈាមក្រហម​។​



​នេះ​ស​បញ្ជាក់ថា ជំងឺឈាមសស៊ីឈាមក្រហម មាន​តាំងពី​ជាង ៣០០០​ឆ្នាំ​មកហើយ ដែល​ធ្វើ អ្នកសិក្សា​ស្រាវជ្រាវ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ទេសចរ​ជាតិ និង​អន្តរជាតិ សឹង​មិន​ជឿ​ទៅ នឹង​អ្វីដែល លោក ផល្លី រៀបរាប់​ពី​ប្រវត្តិ​នៃ​លលាដ៍ក្បាល ដែល​ស្លាប់​ដោយ​ជំងឺឈាមសស៊ីឈាមក្រហម ដែលមាន​តាំងពី​ជាង ៣០០០​ឆ្នាំ​មកហើយ​នោះ​។



​សាកសព​ដែល​ប្រទះឃើញ​ពេល​កំណាយ​ក្នុង​បារាយណ៍ទឹកថ្លា​នោះដែរ សរុប​ទាំងអស់​មាន ចំនួន ៥៩​សាកសព​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​សាកសព​ទាំងនោះ នៅ​រក្សា​ទ្រង់ទ្រាយ​បាន​ច្រើន មិន​រលាយ​នោះ ត្រូវបាន​លោក ផល្លី ពន្យល់ថា អាចទាក់ទង​នឹង​សណ្ឋាន​ដី​។ សណ្ឋាន​ដី​នៅ បាត​បារាយណ៍ ជា​ប្រភេទ​ដីខ្សាច់ និង​មិនសូវ​សំបូរ​ជាតិ​ដែក ឬ​អាស៊ីត ដែល​ងាយ​ឲ្យ​ឆ្អឹង រលាយ​ឆាប់​។  ក្នុង​បារាយណ៍​នោះ​សោត នៅ​សម័យអង្គរ​គេ​បាន​ទប់​ធ្វើ​បារាយណ៍ ធ្វើ​ឲ្យ​ផ្ទៃ ខាងលើ​មានទឹក ដូច្នេះ​ទើប​ជា​ចំណែក​មួយ រក្សា​តុល្យភាព​ត្រជាក់​បាន​ច្រើន​។​



​គួរ​បញ្ជាក់ថា សារមន្ទីរ​ព្រន​រោ​ត្ត​ម សីហនុ​-​អង្គរ កសាងឡើង​នៅ​ឆ្នាំ​២០០៨​។ សារមន្ទីរ​នេះ កសាងឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ដោយ​មូលនិធិ​នៃ​ក្លឹប​១% របស់​ក្រុមហ៊ុន អ៊ី​អុង ដោយ​ដាក់តាំង និង​តម្កល់​វត្ថុ​បុរាណ ដែល​រកឃើញ​នៅពេល​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា នៅ​ប្រាសាទបន្ទាយក្តី នៅ​ឆ្នាំ​២០០០ និង​២០០១ ដោយ​ប្រទះឃើញ​រូបចម្លាក់​ចំនួន ២៧៤​បំណែក ដែល​កប់​ក្នុង​រណ្តៅ​តែមួយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com